ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកខេត្តក្រចេះ, ​កំពង់ធំ​ ជាពិសេស​អតីត​ពលករ​ មក​ពី​ថៃ ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែងកំពុងរង់ចាំ ជួបគ្នាចុង​ស​ប្តា​ហ៍​នេះ!

6 ម៉ោង មុន

រាជធានីភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​បន្ត​បើក​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ១៤-១៥ ខែកុម្ភៈ ចុង​ស​ប្តា​ហ៍​នេះ​ចំនួន​៤​ទីតាំង…

រាជធានីភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​បន្ត​បើក​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ១៤-១៥ ខែកុម្ភៈ ចុង​ស​ប្តា​ហ៍​នេះ​ចំនួន​៤​ទីតាំង នៅ​ក្នុង​ខេត្តក្រចេះ និង​កំពង់ធំ​ ដើម្បី​ផ្សព្វផ្សាយ​ស្តី​ពី​ឱកាស​ការងារ ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​អត្ថប្រយោជន៍ នៃ​របប​សន្តិសុខ​សង្គម​ទៅ​ដល់​អតីត​ពលករ​ មក​ពី​ប្រទេស​ថៃ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែកុម្ភៈ​ស្អែក​នេះ ក្រសួង​នឹង​រៀបចំ​វេទិកា​ចំនួន​២​ទីតាំង​ជា​បន្ត​នៅ​ក្នុង​បរិវេណ​សាលាស្រុក​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ និង​នៅ​បរិវេណ​សាលាស្រុក​ប្រាសាទ​បល្ល័ង្ក ស្រុក​ប្រាសាទ​បល្ល័ង្ក របស់​ខេត្តកំពង់ធំ ចំណែកឯ​នៅ​ថ្ងៃអាទិត្យ ទី​១៥  ខែកុម្ភៈ​វិញ ក្រសួង​នឹង​រៀបចំ​វេទិកា​នៅ​ក្នុង​បរិវេណ​សាលាស្រុក​ឆ្លូង ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ និង​នៅ​បរិវេណ​សាលាស្រុក​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ​ ។

អ្នកនាំពាក្យ​រូប​នេះ​បាន​គូសបញ្ជាក់​ថា​៖ “​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA)​នៃ​ក្រសួង​ការងារ បាន​បន្ត​យុទ្ធនាការ​ផ្តល់​ឱកាស​ការងារ​ជូន​បងប្អូន​អតីត​ពលករ​របស់​យើង​និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យ​ទទួល​បាន​ការងារ​សមរម្យ លក្ខខណ្ឌ​ល្អ និង​អត្ថប្រយោជន៍​សង្គម​យ៉ាងច្រើន​សម្បូរ​បែប​ដោយ​បងប្អូន​មិន​ចាំបាច់​ឆ្លង​ដែន​ដោយ​ប្រថុយប្រថាន​ឡើយ ខណៈ​ដែល​ការងារ​ក្នុងស្រុក​មាន​ច្រើន និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​” ​។

សូម​រលឹក​ថា ដោយសារ​តែ​ជម្លោះព្រំដែន​រវាង​កម្ពុជា​និង​ថៃ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​៩៥​ម៉ឺន​នាក់​បាន​វិល​មក​ស្រុក​កំណើត​វិញ ក្នុង​នោះ​ពលករ​ប្រមាណ​៨៥​ម៉ឺន​នាក់ កុមារ​ប្រមាណ​៥-៦​ម៉ឺន​នាក់ និង​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី​៤៥​ឆ្នាំ​ ឡើង​មាន​ចំនួន​២៥​ម៉ឺន​នាក់ ​។

បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ​ដដែល គិត​ចាប់តាំងពី​ខែមិថុនា​ឆ្នាំ​២០២៥​មក ក្រសួង​ការងារ​ដែល​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​វេទិកា​ចំនួន​៥៨៩​លើក​រួច​មក​ហើយ​ដើម្បី​ផ្សព្វផ្សាយ​ដល់​អតីត​ពលករ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​នូវ​ឱកាស​ការងារ ជំនាញ​នៃ​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) ហើយ​ក្នុង​នោះ ពលករ​ប្រមាណ​ជាង​៦២​ម៉ឺន​នាក់​ទទួល​បាន​ឱកាស​ការងារ​ធ្វើ​ក្នុងស្រុក​ខណៈ​ដែល​តាម​រយៈ​យន្តការ​ក្រសួង​មាន​ចំនួន​ជាង​៣១​ម៉ឺន​នាក់ ​។

ជាមួយ​គ្នា​នេះ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​សា​ជា​ថ្មី​ទៅ​ដល់​អតីត​ពលករ​ដែល​មក​ពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ជា​ពិសេស​ខេត្ត​ជាប់​ព្រំដែន​ពិចារណា​រក​ឱកាស​ការងារ​ក្នុងស្រុក​ដែល​មាន​ប្រាក់​ឈ្នួល​ប្រហាក់ប្រហែល​គ្នា អត្ថប្រយោជន៍​សង្គម​ច្រើន​ជាង សុវត្ថិភាព និង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​របស់​ខ្លួន​ ៕ អត្ថបទសហការ