រាជធានីភ្នំពេញ ៖ សាលាអន្តរជាតិ វេសវីយូ កម្ពុជា ជាសាលាដែលបង្កើតឡើងដោយសហគ្រិនខ្មែរមួយរូប គឺ ឯកឧត្តម លី វីរៈ ចាប់តាំងពីឆ្នាំ ២០១៩ ដោយផ្តល់ជូនសេវាអប់រំ ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា ជាមួយនឹងកម្មវិធីសិក្សាដែលរួមបញ្ចូលគ្នារវាងកម្មវិធីសិក្សាពីសហរដ្ឋអាមេរិក American Common Core Standards និងកម្មវិធីសិក្សាខ្មែរ បច្ចុប្បន្នបានជាប់ជាស្ថាពរ នូវការទទួលស្គាល់ពីស្ថាប័នដ៏ល្បី ចំនួនពីរព្រមគ្នា គឺ ស្ថាប័ន Council of International School (CIS) និងស្ថាប័ន Accredting Commission for Schools, Western Association of Schools and Colleges (ACS WASC) ។
CIS គឺជាស្ថាប័នវាយតម្លៃគុណភាពអប់រំដ៏ល្បីមានទីស្នាក់ការធំនៅសហភាពអឺរ៉ុប រីឯ WASC គឺជាអង្គភាពទទួលស្គាល់គុណភាពអប់រំនាំមុខគេ មកពីសហរដ្ឋអាមេរិក ដែលវាយតម្លៃសាលាទាំងនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោក ។ វេសវីយូ បានចាប់ផ្តើមដំណើរការនានា ដើម្បីបានការទទួលស្គាល់ជាអន្តរជាតិនេះតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ។ ទាំងស្ថាប័ន CIS និង WASC គឺសុទ្ធតែជាអង្គភាពកំពូល និងមានលក្ខខណ្ឌតឹងរឹងបំផុត ក្នុងការវាយតម្លៃគុណភាពអប់រំរបស់សាលារៀនជុំវិញពិភពលោក ហើយនេះបានធ្វើឱ្យ វេសវីយូ ក្លាយជាសាលាមួយ ក្នុងចំណោមសាលាអន្តរជាតិ តែ ៣ ប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជាដែលបានជាប់ជាស្ថាពរ ។
ឯកឧត្តម លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាល នៃសាលាវេសវីយូ មានប្រសាសន៍ថា «ដំណើរការនៃរង្វាយតម្លៃដ៏លម្អិត និងប្រកបដោយស្តង់ដារខ្ពស់មួយនេះ បានចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០២០ ដែលនេះពិតជាបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈររបស់សហគមន៍ វេសវីយូ ទាំងមូល ក្នុងឆន្ទៈផ្តល់នូវគុណភាពអប់រំ ដ៏ល្អបំផុតសម្រាប់សិស្សានុសិស្សយើង» ។
លោកស្រីបណ្ឌិតនាយិកាសាលា Michele Gaddy បានពន្យល់អំពីអត្ថប្រយោជន៍នៃការសិក្សានៅសាលាដែលបានការទទួលស្គាល់ពីស្ថាប័ន CIS និង ស្ថាប័ន WASC ដែលមានដូចជា ៖ ទី ១ មាតាបិតានឹងទទួលបានការធានាអំពីគុណភាពអប់រំកម្រិតស្តង់ដារអន្តរជាតិផ្តល់ជូនពីសាលាវេសវីយូ ដែលមានការត្រួតពិនិត្យ និងវាយតម្លៃជាប់ជាស្ថាពរដោយស្ថាប័នឯករាជ្យទាំងពីរ ។ ទី ២ សិស្សានុសិស្សដែលទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាពីសាលាវេសវីយូ ដែលមានកម្មវិធីសិក្សាច្បាស់លាស់ និងតឹងរឹង ទទួលស្គាល់ជាអន្តរជាតិពីស្ថាប័នកំពូលទាំងពីរ នឹងមានជម្រើសច្រើនក្នុងការជ្រើសរើសសាកលវិទ្យាល័យនានាជុំវិញពិភពលោកដែលពួកគាត់ចង់ទៅសិក្សាបន្ត ។
ជាពិសេស មាតាបិតា និងសិស្សានុសិស្ស នឹងទទួលបានការធានាថា គុណភាពអប់រំដែលផ្តល់ចេញពីសាលាវេសវីយូ មានការអភិវឌ្ឍន៍ជាប្រចាំក្រោមការត្រួតពិនិត្យ និងវាយតម្លៃពិតប្រាកដពីស្ថាប័នអន្តរជាតិកម្រិតកំពូលទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ។ ចំនុចល្អៗ និងអត្ថប្រយោជន៍ដ៏គួរឱ្យស្ងើចសរសើរខាងលើ ពិតជាបានបង្ហាញថាសាលា វេសវីយូ មានការតាំងចិត្តខ្ពស់ចំពោះចក្ខុវិស័យ និងទិសដៅរបស់ខ្លួនតាំងពីដើមរហូតមក ក្នុងឆន្ទៈផ្តល់ការអប់រំឱ្យមានការគិតជាសកល ដោយរក្សាបាននូវគុណតម្លៃជាខ្មែរ ។
គួររំព្ញកផងដែរថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ ក៏ដូចជាគោលបំណងរបស់សាលា វេសវីយូ នៃការចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសជាទីមោទនៈនេះ ឯកឧត្តម លី វីរៈ បានបន្ថែមថា «ជាឆន្ទៈរួម យើងទាំងអស់គ្នា ប្តេជ្ញាលើកកម្ពស់ភាពជោគជ័យរបស់សិស្សានុសិស្សជាទីស្រលាញ់របស់យើង ឱ្យទទួលបានការអនុញ្ញាតឱ្យចូលរៀននៅសាកលវិទ្យា ល័យធំៗទូទាំងពិភពលោក» ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ