ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​បណ្ដេញ​ចៅអធិការ​ចេញពី​វត្ត ព្រោះតែ​រឿង​លុយ​១១​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្ដើម​ចេញពី​រឿង​សាងសង់​សាលាឆាន់ ក្នុង​វត្ត​ក​ញ្ចំ ដែល​ស្ថិត​ក្នុងភូមិ​ក​ញ្ចំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង ដែល​ពុទ្ធបរិស័ទ​និង​សប្បុរសជន​ជិត​ឆ្ងាយ​បាន​ចូល​លុយ​កសាង​គ្រប់​ប្លង់ គ្រប់កន្លែង​អស់​ទៅ​ហើយ​នោះ…

ខេត្តព្រៃវែង ៖ ផ្ដើម​ចេញពី​រឿង​សាងសង់​សាលាឆាន់ ក្នុង​វត្ត​ក​ញ្ចំ ដែល​ស្ថិត​ក្នុងភូមិ​ក​ញ្ចំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង ដែល​ពុទ្ធបរិស័ទ​និង​សប្បុរសជន​ជិត​ឆ្ងាយ​បាន​ចូល​លុយ​កសាង​គ្រប់​ប្លង់ គ្រប់កន្លែង​អស់​ទៅ​ហើយ​នោះ ចុង​ក្រោយ​បែរជា​នៅ​ជំពាក់​លុយ ថ្លៃ​សម្ភារៈ​ដល់​ទៅ​១១​ម៉ឺន​ដុល្លារ ធ្វើ​អោយ​ពុទ្ធបរិស័ទ​ក្តៅក្រហាយ រហូត​ដល់​ថ្នាក់​ផ្ទុះ​ការ​តវ៉ា​ទាមទារ​បណ្ដេញ​ចៅអធិការ​ចេញពី​វត្ត​តែ​ម្តង​។

អធិករណ៍​នេះ​បាន​ផ្ទុះ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២ មិថុនា នៅ​ក្នុង​បរិវេណ​វត្ត​ក​ញ្ចំ ហើយ​ភ្លាម​ៗ​នោះ ក៏​មានការ​ចុះ​ជួយ​សម្របសម្រួល​ពី​ខាង​អាជ្ញាធរ និង​មន្ត្រី​ធម្មការ​ស្រុក​ផង​ដែរ​។

តាម​ប្រភព​ពី​ពលរដ្ឋ​បានអោយ​ដឹង​ថា ពួក​គាត់​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ក​ញ្ចំ​ទាំង​២៥៥​គ្រួសារ​ធ្វើការ​តវ៉ា​បណ្ដេញ​ចៅអធិការ​វត្ត​ក​ញ្ចំ ព្រះ​នាម​រស់ សុ​ផា​ន ចេញពី​វត្ត ដោយសារ​សង្ឃ​អង្គ​នេះ​បាន​ស៊ីដាច់​លុយ​ដែល​ពុទ្ធបរិស័ទ​បាន​ចូល​សាងសង់​សាលាឆាន់​ចំនួន​១១​ម៉ឺន​ដុល្លារ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បន្ត​ថា ការ​សាងសង់​សាលាឆាន់​នេះ មាន​បច្ច័យ​គ្រប់គ្រាន់​អស់ហើយ ដោយ​បាន​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់​ចូលរួម ដោយ​អ្នកខ្លះ​បាន​ចូល​សរសរ ខ្លះ​ចូល​ទ្វារ ខ្លះ​បង្អួច ដំបូល ក្បឿង បង្កាន់ដៃ ផ្ទាំងគំនូរ និយាយ​រួម​គឺ​គ្រប់​ប្លង់​គ្រប់កន្លែង​ទាំងអស់ ហើយ​កន្លែង​នីមួយ​ៗ​ក៏​មានឈ្មោះ​សប្បុរសជន​អស់ហើយ​ដែរ ហើយ​លុយ​ទាំងអស់​គឺ​ចៅអធិការ​វត្ត​ជា​អ្នក​កាន់ ប៉ុន្តែ​ពេល​សាលាឆាន់​សាងសង់​រួច​ថ្មី​ៗ​នេះ ស្រាប់តែ​ចៅអធិការ​វត្ត​ប្រាប់​ថា នៅ​ជំពាក់​ថ្លៃ​សម្ភារៈ​គេ​ដល់​ទៅ​១១​ម៉ឺន​ដុល្លារ​ទៅ​វិញ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា លុះដល់​ពេល​ពុទ្ធបរិស័ទ​សួរ​ថា​តើ​បាត់​លុយ​ទៅ​ណា​អស់? ចៅអធិការ​បាន​ប្រាប់​ថា ដក​យក​ទៅ​កសាង​សមិទ្ធិ​ផល​បន្តិចបន្តួច​ក្នុង​វត្ត​។ ពុទ្ធបរិស័ទ​មិន​អស់ចិត្ត ព្រោះ​ក្នុង​វត្ត​មិនឃើញ​មាន​កសាង​អ្វី​សោះ ហើយ​គណៈកម្មការ​វត្ត​ក៏​ថា​មិន​បានដឹង ទើប​នាំ​គ្នា​សួរ​ដេញដោល ហើយ​ទាមទារ​អោយ​បង្ហាញ​វិក្កយបត្រ តែ​ចៅអធិការ​វត្តថា​អត់​មាន ទើប​ពុទ្ធបរិស័ទ​អស់ជំនឿ ហើយ​សន្មត់​ថា លុយ​១១​ម៉ឺន​ដុល្លារ​នោះ​ត្រូវ​ចៅអធិការ​វត្ត​ស៊ីដាច់​ហើយ ទើប​នាំ​គ្នា​ប្តឹង​តវ៉ា​ទាមទារ​បណ្តេញ​ចៅអធិការ​ចេញពី​វត្ត​តែ​ម្តង​។

លោក ឡាក់ សុធី ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តព្រៃវែង បានអោយ​ដឹង​ថា នៅ​ចំពោះ​មុខ ក្រោយ​ពី​មានការ​តវ៉ា​ពី​ពុទ្ធបរិស័ទ​ច្រើន ព្រះ​គ្រូ​ចៅអធិការ​វត្ត រស់ សុ​ផា​ន បាន​និមន្ត​ចេញពី​វត្ត​ក​ញ្ចំ ទៅ​គ​ង្គ​នៅ​វត្ត​ទ្រា​ជា​បណ្តោះអាសន្ន​សិន ។ លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ជុំវិញ​រឿងរ៉ាវ​ចោទប្រកាន់​ខាងលើ​នេះ គឺ​នៅ​មិន​ទាន់​មាន​ភស្តុ​តាង​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​លោក​បាន​បញ្ជា​អោយ​មន្ត្រី​ធម្មការ​ស្រុក រួម​ជាមួយ​អាជ្ញា​ធរ​ស្រុក ធ្វើការ​កោះ​អញ្ជើញ​ភាគី​ពាក់​ព​ន្ធ័ មក​ប្រជុំ​ដោះស្រាយ​នៅ​ថ្ងៃ​ទី​៤ មិថុនា​ នេះ​ជា​បន្ត​ទៀត ដើម្បី​រក​អោយ​ឃើញ​ការ​ពិត ងាយស្រួល​ចាត់វិធានការ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ