រាជធានីភ្នំពេញ ៖ នៅត្រឹមរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានសម្រេចអនុម័តលើគម្រោងសាងសង់សំណង់ នៅក្នុងទំហំទឹកប្រាក់សរុបប្រមាណជាង ២,៨០០ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះទុនវិនិយោគផ្ទាល់ពីបរទេសមានចំនួនទឹកប្រាក់ ៣៦៧លានដុល្លារសហរដ្ឋអាមេរិក។ ។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយថ្មីៗនេះ ។
របាយការណ៍ដដែលបានបញ្ជាក់ថា គម្រោងវិនិយោគនៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ នៅក្នុងវិស័យសំណង់នានា ដូចជា អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ខុនដូ អគារការិយាល័យ សណ្ឋាគារ បុរីលំនៅដ្ឋាន និងសំណង់រោងចក្រ ជាដើម ត្រូវបានអនុម័តដោយមានទំហំទឹកប្រាក់វិនិយោគ សរុបរហូតដល់ ២,៧៤២លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះទុនវិនិយោគផ្ទាល់ពីបរទេសមានចំនួនទឹកប្រាក់ ៣៦៧លានដុល្លារសហរដ្ឋអាមេរិក។
នៅក្នុងចំណោមនៃការវិនិយោគពីបណ្តាក្រុមហ៊ុនបរទេស នៅក្នុងទំហំទឹកប្រាក់ខាងលើនេះ វិនិយោគិនចិនបានឈានមុខគេជាមួយការបោះទុនសរុបប្រមាណ៣១៥លានដុល្លារ ខណៈដែលបណ្តាអ្នកវិនិយោគនានានៅក្នុងតំបន់អាស៊ាន ដែលចូលមកវិនិយោគនៅកម្ពុជា មានទំហំទឹកប្រាក់ត្រឹមជាង៤លានដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។ ដោយឡែកសម្រាប់ក្រុមហ៊ុនសំណង់កំពុងតែដំណើរការនៅកម្ពុជា ត្រូវបានចុះបញ្ជីនៅក្រសួងមានដូចជា ក្រុមហ៊ុនសំណង់ចិនមានចំនួន២២៦ ក្រុមហ៊ុនវៀតណាមមានចំនួន២៦ ក្រុមហ៊ុនថៃមានចំនួន១៤ ក្រុមហ៊ុនម៉ាឡេស៊ីមានចំនួន១២ ក្រុមហ៊ុនសិង្ហបុរីមានចំនួន៦ ក្រុមហ៊ុនឥណ្ឌូនេស៊ីមានចំនួន២ និងក្រុមហ៊ុនហ្វីលីពីនមានចំនួន១។ នេះបើយោងតាមរបាយការណ៍ដដែល ។
លោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានថ្លែងថា «រហូតមកដល់ពេលនេះ យើងនៅតែបន្តមើលឃើញការលក់ល្អ ក្នុងគម្រោងជាច្រើន និងការលក់គម្រោង ដែលទើបចាប់ផ្តើមបានកំណត់គោលដៅបានយ៉ាងល្អ» ។ លោកបានថ្លែងប្រាប់ បន្តទៀតថា មិនមានសកម្មភាពធ្លាក់ចុះគួរអោយកត់សម្គាល់ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះដោយសារតែជំហរទីផ្សារ នៅតែមានច្រើនដែលវាស្ថិតនៅចំណុចល្អដូចកាលពីមុន។
ជាមួយនឹងកំណើនវិយោគនៅក្នុងវិស័យសំណង់ពីបណ្តាក្រុមហ៊ុនបរទេស ជាពិសេសវិនិយោគិនចិនក៏បានធ្វើឲ្យមានការរិះគន់ទៅលើលំហូរចូលដោយខុសច្បាប់នូវជនជាតិចិនជាច្រើន ចូលមកធ្វើការជាកម្មករសំណង់នៅការដ្ឋានសំណង់មួយចំនួននៅក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្ត-ក្រុងមួយចំនួនទៀត ដែលមានម្ចាស់ជាជនជាតិចិនផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ