បុរស​ម្នាក់​ជួប​គ្រោះ​លើ​ផ្លូវជាតិ​លេខ​១​យ៉ាង​រន្ធត់


ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​យុវជន​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​បានឱ្យ​ដឹង​ថា ភាគី​ខាង​រថយន្ដ​ដែល​ម៉ូតូ​បុក​ពីក្រោយ​នេះ​មិន​ស្គាល់​ម៉ាក​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ជា​រថយន្ដ​ប្រភេទ​ដឹក​ទំនិញ​ធុន​ធំ ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​បើក​គេច​ពី​កន្លែង​កើតហេតុ ។​ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ម៉ាក​ហុងដា PCX ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង ១O- ៤៨៤៩ (​ពាក់​ផ្លា​ក​លេខ​ក្លែងក្លាយ​) បើកបរ​ដោយ​ឈ្មោះ​វ៉ោ​ន សំណាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ប្រ​សូត្រ ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​យស់ វ៉ា​ន់​ណេ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ពោធិ៍​វង្ស ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង បាន​រង​របួសបាក់ជើង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​កើតហេតុ មាន​រថយន្ដ​ប្រភេទ​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​បើកបរ​ពី​លិចទៅ​កើត លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា និង​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បុក​ពីក្រោយ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​បាន​រង​របួសបាក់ជើង រីឯ​ម៉ូតូ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ចំណែក​រថយន្ត​ដឹក​ទំនិញ​បាន​បើក​គេច​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​មួយ​គ្រឿង​ដែល​រង​ការ​ខូចខាត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ក្រុង​ស្វាយ​រៀង រីឯ​អ្នក​រង​របួសធ្ងន់​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ