ខេត្តបាត់ដំបង ៖ ជាមួយនឹងស្នាមញញឹមដ៏ស្រស់សោភា នាងបានបង្ហាញពីក្ដីប្រាថ្នទៅថ្ងៃអនាគតយ៉ាងដូច្នេះថា «ខ្ញុំមិនទាន់បានគិតអំពីមុខជំនាញអ្វីឲ្យប្រាកដនៅឡើយទេ នៅពេលដែលខ្ញុំរៀនចប់បាក់ឌុប ហើយបន្តរៀននៅមហាវិទ្យាល័យក្នុងរយៈពេល២ឆ្នាំខាងមុខទៀតនេះ ។ ប៉ុន្តែក្ដីប្រាថ្នារបស់ខ្ញុំ…ដែលខ្ញុំកំពុងស្រម៉ៃនៅពេលនេះ គឺខ្ញុំចង់ក្លាយជាតារាចម្រៀងម្នាក់ ឬធ្វើជាពិធីករនៅក្នុងកម្មវិធីផ្សាយព័ត៌មានតាមកញ្ចក់ទូរទស្សន៍ ឬតាមវិទ្យុផ្សាយសំឡេងណាមួយ» ។
នេះជាសម្រង់សំដីរបស់នាង ស៊ិន ស្រីហង្ស (នាងពិការ) ដែលបានផ្ដល់បទសម្ភាសន៍ផ្ទាល់ ជាមួយកោះសន្តិភាព កាលពីរសៀលថ្ងៃទី២៧ ឧសភា នៅក្នុងថ្នាក់រៀនរបស់នាងដែលស្ថិតក្នុង«វិទ្យាល័យសំឡូត» នៅស្រុកសំឡូត ។
អភ័ព្វកាយសម្បទាតែបញ្ញាឈ្លាសវៃរកប្រដូចគ្មាន
ឆ្នាំនេះ កញ្ញា ស៊ិន ស្រីហង្ស មានអាយុ១៧ឆ្នាំហើយ តែអកុសលនាងជាក្មេងស្រីអភ័ព្វដែលមានពិការភាពតាំងពីកំណើត(ពិការដៃជើង) ។ ស្រីហង្ស ជាកូនស្រីទី២ រស់នៅក្នុងគ្រួសារមួយ ដែលមានជីវភាពមធ្យម។ ម្ដាយរបស់នាងឈ្មោះ ឈឿន ឈុនលី អាយុ៤៥ឆ្នាំ និងឪពុកឈ្មោះ ខឹម ផល្លា អាយុ៦២ឆ្នាំ ជាមន្ត្រីចូលនិវត្តន៍ (សព្វថ្ងៃមានជំងឺ) រស់នៅភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ហើយឆ្នាំនេះ នាងកំពុងរៀនថ្នាក់ទី១១ នៃវិទ្យាល័យសំឡូត ។
ពិតមែនតែនាងពិការដៃជើងអង្គុយតែនៅលើរទេះរុញ ទាំងពេលនៅផ្ទះ ទាំងពេលនៅសាលារៀន តែនាងត្រូវបានមិត្តរួមថ្នាក់និងលោកគ្រួអ្នកគ្រូទទូលស្គាល់ថា «ជាសិស្សល្អ និងជាសិស្សរៀនដ៏ពូកែម្នាក់នៅក្នុងវិទ្យាល័យទៀតផង» ។
ជួបជាមួយកោះសន្តិភាព កញ្ញា ស៊ិន ស្រីហង្ស បាននិយាយថា ពិតមែនតែនាងពិការ តែនាងសប្បាយចិត្តនឹងការរៀនសូត្រ ។ នៅពេលសួរថា តើនាងអាចកាន់ប៊ិក សរសេរដោយរបៀបណា បើនាងពិការដៃទាំង២បែបនេះ ? នាងងក់ក្បាល និងផ្ដល់ចម្លើយយ៉ាងរហ័សថា «ខ្ញុំអាចសរសេរបាន» ហើយនាងបានធ្វើសកម្មភាពឲ្យមើលទៀតផង ។
ជាមួយនឹងកាយវិការដ៏គួរឲ្យកោតសរសើរនេះ ស្រីហង្ស បានប្រើដៃពិការដ៏ខ្លីរបស់នាងផ្នែកខាងឆ្វេងកៀរប៊ិក មកផ្អិបជាប់និងចង្ការួចឱនសរសេរបានយ៉ាងល្អ និងយ៉ាងស្ទាត់ជំនាញ ។ នាងបានពោលថា «ខ្ញុំសរសេរបែបនេះមិនបានលឿនទេ តែខ្ញុំព្យាយាមសរសេរមិនឲ្យខុស ឬលុបឡើយ ។ ក្រៅពីសរសេរអក្សរ ខ្ញុំក៏អាចងូតទឹកខ្លួនឯង និងហូបបាយខ្លួនឯងបានដែរ» ។
ស្ទើរពេញមួយថ្ងៃៗស៊ ិន ស្រីហង្ស ត្រូវចំណាយពេលអង្គុយលើរទេះរុញ នៅក្នុងថ្នាក់រៀន ។ នាងមិនសូវបានត្រឡប់ទៅផ្ទះទេ ក្រោយចប់ម៉ោងរៀនពេលព្រឹក ព្រោះភាគច្រើននាងរៀន២ពេលក្នុងមួយថ្ងៃ ។ ម្យ៉ាងត្រូវរំខានដល់ម្ដាយ ឬមិត្តភក្ដិដែលត្រូវដឹកនាងទៅមកទៀតផង។ ស្ថិតក្នុងស្ថានភាពបែបនេះ នាងបានរៀបរាប់ដូច្នេះថា «ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ ដែលខ្ញុំត្រូវទៅរៀននៅវិទ្យាល័យសំឡូត គឺខ្ញុំជួបការលំបាក ត្រូវធ្វើដំណើរពីផ្ទះទៅសាលារៀន លើចម្ងាយផ្លូវប្រមាណពី១២ ទៅ១៣គីឡូម៉ែត្រ ។
ភាគច្រើនម្ដាយរបស់ខ្ញុំ ជាអ្នកជួនខ្ញុំទៅសាលានិងដឹកត្រឡប់មកវិញ តែខ្ញុំក៏មានមិត្តដ៏ជិតស្និទ្ធម្នាក់ឈ្មោះ
វិន ស្រីជីម អាយុ១៩ឆ្នាំ ដឹកជញ្ជូនជំនួសម្ដាយខ្ញុំជាញឹកញាប់ដែរ ថែមទាំងជួយមើលថែខ្ញុំនៅក្នុងថ្នាក់រៀនគ្រប់ពេលទៀតផង ព្រោះនៅផ្ទះជិតគ្នា ហើយក៏រៀនក្នុងថ្នាក់ជាមួយគ្នាដែរ» ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ