រាជធានីភ្នំពេញ ៖ ក្រោយជិះរថយន្តទៅបុកគូទកុងតឺន័រយ៉ាងពេញទំហឹងហើយ គេឃើញអ្នកបើកបររថយន្តបាឡែនបានចុះទាំងសភាពស្រវឹង មកមើលរថយន្តរបស់ខ្លួន ហើយក៏ដើរចូលទៅកាច់សោបញ្ឆេះ
វិញ ។ ឃើញបែបនេះ អ្នកនៅទីនោះ បានហាមមិនឱ្យបញ្ឆេះរថយន្តទេ ព្រោះជាបទពិសោធន៍មួយ គឺហាមកុំអាលបញ្ឆេះ ។ ប៉ុន្តែទោះបីហាមក៏ដោយ ម្ចាស់ក៏នៅតែមិនស្តាប់ដែរ ម្ចាស់នៅតែកាច់សោបញ្ឆេះ ទើបបណ្ដាលឱ្យឆ្លងចរន្តឆេះចេញជាផ្កាភ្លើងសន្ធោសន្ធៅតែម្តង ។ ដោយឃើញសភាពបែបនេះ អ្នកបើកបរបានគេចខ្លួនពីកន្លែងកើតហេតុបាត់ទៅ ព្រោះឆេះសន្ធោសន្ធៅពេញបន្ទុកទៅហើយ ។

គួរបញ្ជាក់ថា រថយន្តកាមរីបាឡែនមួយគ្រឿងខាងលើ មុនក្លាយជាចំណីភ្លើង ខណៈបើកឡើងស្ពានព្រះមុនីវង្សចាស់ក្នុងល្បឿនលឿន ហើយជ្រុលទៅបុករថយន្តសណ្តោងកុងតឺន័រពីក្រោយ ក៏ឆេះយ៉ាងសន្ធោសន្ធៅរហូតផ្អើលដល់រថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោងប្រមាណ១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែឧសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ រថយន្តកាមរីបាឡែនដែលត្រូវភ្លើងឆាបឆេះសល់តែគ្រោងដែកនេះ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ២AM-៣៨៣០ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា រថយន្តកាមរីបាឡែនបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវជាតិលេខ១ ពីខាងកើតទៅខាងលិច ដោយឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ចូលមករាជធានី ក្នុងល្បឿនលឿន ។ ពេលនោះ ស្រាប់តែជ្រុលទៅបុកគូទរថយន្តកុងតឺន័រចំពីក្រោយពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខ តែជាគ្រោះល្អមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរទេ ។ ក្រោយកើតហេតុ រថយន្តកុងតឺន័របានបន្ថែមល្បឿនបើកទៅមុខបន្តទៀតបាត់ទៅ អត់ចាំមើលអាបុកពីក្រោយ
ទេ ។

បន្តិចក្រោយមក គេឃើញមានសមត្ថកិច្ចមូលដ្ឋានមកដល់ ព្រមទាំងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ១គ្រឿង មកបាញ់ពន្លត់អស់ទឹក១រថយន្ត ទើបភ្លើងរលត់អស់ទៅវិញ ។ ចំណែករថយន្តសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ច ស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីកុំឱ្យស្ទះចរាចរណ៍និងស្វែងរកម្ចាស់មកទទួលយកទៅថ្លឹងគីឡូឯណាថ្លឹងទៅ ។ (សម្រួលដោយ៖ ស្រីណា)







ចែករំលែកព័តមាននេះ