ព្រះបរមសាស្តាបានត្រាស់ថា បុគ្គលដែលមិនមានសេចក្តីប្រមាទ កាលបើបានជឿតាមធម៌របស់ព្រះអរហន្តទាំងឡាយហើយ រមែងជាអ្នកបាននូវប្រយោជន៍ដ៏ប្រពៃពោលគឺៈ
១-បានប្រាជ្ញាដើម្បីកម្ចាត់បង់នូវសេចក្តីទុក្ខទាំងឡាយ ។
២-ជាបុគ្គលធ្វើការងារដ៏សមគួរមិនទម្លាក់ចោលនូវធុរៈរមែងមានសេចក្តីរវៀសរវៃបាននូវទ្រព្យដ៏ប្រសើរ ។
៣-ជាបុគ្គលបានដល់នូវសេចក្តីសរសើរ ដោយពាក្យពិត ។
៤-ជាបុគ្គលអ្នកឱ្យទានរមែងចងពួកមិត្ត ។
ផលទាំងអស់នេះកើតចេញពីការជឿតាម និងធ្វើតាមពាក្យទូន្មានរបស់អ្នកប្រាជ្ញ ។
ព្រះអង្គត្រាស់ថា បុគ្គលដែលមានសទ្ធា កាលនៅគ្រប់គ្រងផ្ទះរមែងមានធម៌៤ប្រការគឺ សច្ចៈពាក្យពិត១, ទមៈ ការទូន្មាន១, ធិតិ សេចក្តីអត់ធន់១ និងចាគៈ ការបរិច្ចាគ១ បុគ្គលនោះរមែងរស់នៅជាសុខក្នុងបច្ចុប្បន្ន និងមិនបានសោយសោកក្នុងលោកខាងមុខឡើយ ។
ចំណែកអ្នកបួសរមែងបានលុះនូវធម៌តាមសមគួរដល់ធម៌ និងជាអ្នកឈ្លាសវៃក្នុងកិច្ចទាំងពួង ។
ចែករំលែកព័តមាននេះ