ខេត្តព្រៃវែង ៖ កុមារីអាយុ៩ឆ្នាំម្នាក់ ត្រូវបានឃាតករដែលជាឪពុកធំ នាំយកទៅចាប់រំលោភរហូតបានសម្រេច រួចសម្លាប់យកចងឆ្កាងនឹងឈើ៤ដើម រួចបោះទម្លាក់ចូលទៅក្នុងស្រះទឹក ដើម្បីបំបិទមាត់។ ទោះជាយ៉ាងណា ក្រោយពេលសម្លាប់បានមួយយប់ ជនដៃដល់ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានមិនខុសពីឈាមស្រែកស្បែកហៅឡើយ ។ ហេតុការណ៍រំលោភសម្លាប់នេះបានកើតឡើង កាលពីវេលាម៉ោង២១យប់ថ្ងៃទី២២ ឧសភា នៅចំណុចមាត់ស្រះទឹកវាលចម្ងាយ៦៥០ម៉ែត្រ ខាងកើតភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុង ស្រីដាវ ភេទស្រី អាយុ៩ឆ្នាំ រស់នៅជាមួយជីតាឈ្មោះ ហាក់ គឹមហុង អាយុ៥២ឆ្នាំ និងជីដូនឈ្មោះជាស្រី អាយុ៥៤ឆ្នាំ ។ ក្មេងស្រីរងគ្រោះ មានឪពុកឈ្មោះ ផេង កក្កដា អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ គង់ ច្រម៉ក់ អាយុ៣១ឆ្នាំ បានធ្វើចំណាកស្រុកទៅធ្វើកម្មករនៅខេត្តព្រះសីហនុ ។ ចំណែកជនដៃដល់ឈ្មោះ ផ្លុង ហុកលី ហៅហុក ភេទប្រុស អាយុ៣៥ឆ្នាំ ជាឪពុកធំជីដូនមួយរបស់កុមារីរងគ្រោះ ។ ដោយប្រពន្ធរបស់ជនជាឃាតករនេះត្រូវជាបងជីដូនមួយឪពុកកុមារីរងគ្រោះ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នាថ្ងៃខែឆ្នាំខាងលើវេលាម៉ោង ២០និង១៥នាទីឈ្មោះ ផ្លុង ហុកលី បានទៅយកក្បាលពិលដែលបញ្ចូលភ្លើងនៅផ្ទះរបស់ខ្លួនមកឱ្យជីតាដែលកុមារីនៅជាមួយ ហើយចេញទៅវិញដោយបបួលក្មេងស្រីរងគ្រោះទៅឆ្លុះកង្កែប ជាមួយគ្នាហើយជីតាក៏មិនថាអីដែរ ដោយយល់ថាជាឪពុកធំនិងក្មួយ ។ លុះដើរទៅដល់កន្លែងកើតហេតុនៅម៉ោង២១ ជនគម្រក់នេះបានចាប់រំលោភនាងតូចរហូតបានសម្រេច រួចសម្លាប់ យកសពចងភ្ជាប់និងដើមឈើចំនួន៤ដើមហើយពន្លិចចូលទៅក្នុងទឹកស្រះដើម្បីបំបិទភស្តុតាង ។
បន្ទាប់មកជននេះ ក៏បានត្រឡប់មកផ្ទះវិញ ក៏ជួបនិងជីដូនរបស់ក្មេងស្រីក៏បានសួររកចៅហើយជនដៃដល់ក៏បានឆ្លើយថា ចៅរបស់យាយមិនបានទៅជាមួយខ្លួនទេ ។បន្ទាប់មកយាយជាជីដូនក៏បានរកអ្នកជិតខាងឲ្យជួយដើររកទាំងយប់ ប៉ុន្តែរកមិនឃើញឡើយ ។ លុះព្រឹកឡើងថ្ងៃទី២៣ ឧសភា ពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច និងមានការជួយរុករកក៏ឃើញសពនៅក្នុងស្រះទឹក ទើបកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង សហការជាមួយនគរបាលស្រុកស៊ីធរកណ្ដាល ចុះជួយស្រាវជ្រាវយ៉ាងដុតដៃដុតជើង ហើយទីបំផុតក៏ឈានដល់កំណត់មុខសញ្ញាឃាត់ខ្លួន ជនដៃដល់ខាងលើ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ឧសភា ។
នៅចំពោះមុខសមត្ថកិច្ចជននេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភនិងសម្លាប់មែនដើម្បីបំបិទមាត់ហើយជនដៃដល់ ត្រូវបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ