ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​សន្យា​ជួយ​ពលរដ្ឋ​ខេត្ត​មណ្ឌល​គី​រី​រក​ទីផ្សារ​កាហ្វេ​នៅ​ក្រៅប្រទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​តម្រូវការ​កាហ្វេ​នៅ​លើ​ទីផ្សារ​ពិភពលោក​កំពុង​មាន​និ​ន្ន​ការ​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ហៅ​កាត់​ថា KOICA បាន​ប្ដេជ្ញា​និង​សន្យា​ជួយ​ដល់​ពលរដ្ឋ​ដើម​ភាគតិច​នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី ដើម្បី​ពង្រីក​ការ​ដាំ​ដុះ​កាហ្វេ ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​តម្រូវការ​កាហ្វេ​នៅ​លើ​ទីផ្សារ​ពិភពលោក​កំពុង​មាន​និ​ន្ន​ការ​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ហៅ​កាត់​ថា KOICA បាន​ប្ដេជ្ញា​និង​សន្យា​ជួយ​ដល់​ពលរដ្ឋ​ដើម​ភាគតិច​នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី ដើម្បី​ពង្រីក​ការ​ដាំ​ដុះ​កាហ្វេ ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ នេះ​បើ​យោង​តាម​លោក ថុ​ង យុន​គី​ល ប្រធាន​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ។

លោក ថុ​ង យុន​គី​ល បាន​មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ សម្រេចចិត្ត​ជួយ​ដល់​កសិករ​ជនជាតិ​ដើម​ភាគតិច នៅ​ខេត្ត​មណ្ឌល​គី​រី ដោយ​មើលឃើញ​ពី​កម្រិតជីវភាព​របស់​ពួក​គាត់​ហាក់​នៅ​មាន​កម្រិត​ទាប​នៅឡើយ ខណៈ​ដែល​ឱកាស​សម្រាប់​លើក​ស្ទួយ​ពួក​គាត់​អោយ​ប្រសើរ​ឡើង គឺ​មាន​ច្រើន ពីព្រោះ​ស្ថានភាព​ទីតាំង​ដី​នៅ​ភូមិភាគ​ឥ​សាន្ត មាន​ដំណាំ​កាហ្វេ​ដែល​ជា​ដំណាំ​ពេញ​និយម​ខ្លាំង​នៅ​លើ​ទីផ្សារ​ពិភពលោក ដូច្នេះ​គឺ​ងាយស្រួល​ក្នុង​ការ​រក​ទីផ្សារ ។ លោក​បន្ត​ថា ជំហាន​ដំបូង​របស់ KOICA គឺ​យើង​មាន​គម្រោង​ថវិកា​ប្រមាណ ជាង​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ជួយ​កសិករ​ដើម​ភាគតិច​នៅ​មណ្ឌលគិរី អោយ​ពង្រីក​ការ​ដាំ​ដុះ​កាហ្វេ តាម​បច្ចេកទេស​ដែល​គយ​កា​នឹង​ផ្ដល់​ជូន នៅ​ពេល​ពួក​គាត់​បាន​យល់ព្រម​ជាមួយ​យើង​។

លោក ថុ​ង យុន​គី​ល បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​មូលហេតុ​សំខាន់​ដែល​យើង​ជួយ​កសិករ​នៅ​មណ្ឌល​គី​រី ដែល​ដាំ​កាហ្វេ គឺ​យើង​ចង់ឱ្យ​ដំណាំ​កាហ្វេ​របស់​កសិករ​មណ្ឌល​គី​រី​មាន​តម្លៃ​ខ្ពស់ ហើយ​យើង​នឹង​យក​ផលិតផល​កាហ្វេ​នេះ​ទៅ​ផ្សព្វផ្សាយ​នៅ​បណ្ដា​ប្រទេស​ដែល​មាន​តម្រូវការ​កាហ្វេ​ខ្ពស់ អោយ​ពួក​គេ​បានដឹង​ពី​គុណភាព​កាហ្វេ​របស់​កម្ពុជា » ។ លោក​បន្ថែម​ថា ពួក​យើង​មិនមែន​ត្រឹមតែ​ជួយ​ពួក​គាត់ ឬ​និយាយ​អោយ​ពួក​គាត់​សប្បាយចិត្ត​នោះ​ទេ តែ​ពួក​យើង​នឹង​ដំឡើង​រោងចក្រ​កែ​ច្នៃ​នៅ​នឹង​កន្លែង ហើយ​ក៏​ប្រមូល​ទិញ​គ្រាប់​កាហ្វេ​ពី​កសិករ​ដើម​ភាគតិច​នៅ​មណ្ឌល​គី​រី ដើម្បី​កែ​ច្នៃ​នឹង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ដែល​មាន​តម្រូវការ ។

ដោយឡែក​លោក យស ចាន់​ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Peace Café ដែល​ជា​ក្រុមហ៊ុន​មួយ​ទទួល​ទិញ​កាហ្វេ​ពី​កសិករ​មណ្ឌល​គី​រី​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា គោលបំណង​ចំបង​ក្នុង​ការ​បង្កើត​មុខ​ជំនួញ​ក្នុង​វិស័យ​កាហ្វេ​នេះ គឺ​ដើម្បី​បង្កើត​ការងារ​និង​មុខរបរ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជាពលរដ្ឋ ដែល​កំពុង​ដាំ​កាហ្វេ​នៅ​ខេត្ត​មណ្ឌល​គី​រីជាដើម ។

លោក​បាន​បញ្ជាក់​ថា តម្រូវការ​កាហ្វេ​សរីរាង្គ​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ដូច្នេះ​តម្រូវការ​គ្រាប់​កាហ្វេ​ពី​កសិករ​មណ្ឌល​គី​រី នឹង​កើនឡើង ហើយនឹង​ត្រូវ​ប្រមូល​ទិញ​ពី​កសិករ​បន្ថែម​ទៀត ។ លោក​បាន​បន្ត​ថា ក្រៅពី​ការ​វិនិយោគ​លើ​ដំណាំ​កាហ្វេ​ជាមួយ​កសិករ​ដោយ​ផ្ទាល់​ហើយ​នោះ យើង​ក៏​មាន​បណ្ដុះបណ្ដាល់​ដល់​យុវជន​ក្រីក្រ ដែល​ចង់​មាន​ជំនាញ​ឆុង​កាហ្វេ ព្រោះ​នៅ​ក្នុង​ហាង​ដែល​បង្កើត​ឡើង​នេះ នឹង​បង្រៀន​ពួក​គេ​ពី​ការងារ ក្នុង​វិស័យ​កាហ្វេ ដោយ​មិន​គិតថ្លៃ ហើយ​ថែម​ទាំង​រក​ការងារ​ជូន​ពួក​គាត់​ផង​ដែរ នៅ​ពេល​ដែល​ពួក​គាត់​បាន​ចេះ​ពី​ឆុង​កាហ្វេ និង​បម្រើ​ការ​នៅ​ក្នុង​ហាង​កាហ្វេ ។ លោក​បន្ថែម​ថា នៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន​លោក​ក៏​នឹង​មាន​គម្រោង​សហការ​ជាមួយ​បណ្ដា​អង្គការ​ស្ថាប័ន​នៅ​ក្នុង​វិស័យ​កសិកម្ម ដោយ​ផ្ដោត​លើ​ដំណាំ​កាហ្វេ ដើម្បី​ពង្រីក​វិស័យ​នេះ អោយ​កាន់តែ​ច្រើន​និង​ឈាន​ទៅ ដល់​ការ​នាំ​ចេញ​កាហ្វេ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ទៀត​ផង ។

គួរ​បញ្ជាក់​ថា​អា​ជី​កម្ម​កាហ្វេ នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ មានការ​រីក​ចម្រើន​គួរ​អោយ​កត់សម្គាល់ ក្នុង​នោះ ការ​បង្កើត​ហាង​កាហ្វេ​ថ្មី​ៗ ក៏​មានការ​ប្រែប្រួល​ខុស​ពី​ជំនាន់​មុន​ដែរ ដោយ​ការ​រៀបចំ​និង​តុបតែង​គឺ​ធ្វើ​តាម​ស្ដង់ដារ​អន្តរជាតិ សម្រាប់​ទទួលភ្ញៀវ​សម្រាប់​ពិសារ​កាហ្វេ​ផង និង​ជជែក​ពី​ការងារ មុខ​ជំនួញ​ផង និង​សម្រាប់​សិស្ស​និស្សិត​ស្រាវជ្រាវ​ឯកសារ​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ