ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនដៃដល់ដែលកាប់អ្នកភូមិម្នាក់បណ្ដាលឲ្យរងរបួស
ធ្ងន់ នៅឃុំតាគ្រាម ស្រុកបាណន់ ដែលសង្ស័យថា ជាការប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិនោះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៣ ឧសភា ត្រង់ចំណុចភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ។ នេះបើតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ច។ គួររំលឹកថា៖ បើដូចអ្វីកំពុងសង្ស័យ…ចោរពេលនេះ កាន់តែសាហាវហើយ
សេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះលួន ថា អាយុ២១ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ។ ជននេះ ត្រូវកម្លាំងនគរបាលនៃអធិការស្រុកបាណន់ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពីប្រព្រឹត្តរួចរត់គេចខ្លួនបាន២ថ្ងៃ ។
បើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យរូបនេះ បានប្រើកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះយ៉ម ឈួង ហៅស្រប ភេទប្រុស អាយុ៥៦ឆ្នាំ កាលពីល្ងាចថ្ងៃទី២១ ឧសភា ដែលស្ថិតនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយជនដៃដល់រូបនេះបានព្យាយាមរត់គេចខ្លួនបាត់តែម្ដង ។
ជុំវិញករណីនេះ ដំបូងជនសង្ស័យបានដើរចូលទៅផ្ទះជនរងគ្រោះធ្វើជាសុំផ្លែដូង តែពេលឃើញជនរងគ្រោះនៅម្នាក់ឯង ស្រាប់តែជនសង្ស័យទាញកាំបិតកាប់ជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ និងបានស្រែកឲ្យអ្នកភូមិជួយ។ ដោយមានការភ្ញាក់ផ្អើលបែបនេះជននេះ ក៏បានរត់គេចខ្លួនភ្លាមៗដែរ ។ គេបានដាក់ការសង្ស័យជំហានដំបូងថា បើយោងលើសកម្មភាពនេះអាចជាការប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិ តែមិនបានសម្រេច។ ទោះយ៉ាងណាពេលនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងកំពុងសួរនាំ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ