ខេត្តមណ្ឌលគិរី ៖ សត្វទន្សោងមួយក្បាលត្រូវបានប្រជាពលរដ្ឋថតបានតាមផ្លូវធ្វើដំណើរ ដែលធ្វើឲ្យក្រុមអ្នកការពារបរិស្ថាន និងមន្ត្រីជំនាញអភិរក្សសត្វព្រៃមានការសប្បាយចិត្តជាខ្លាំងអំពីវត្តមាននៃសត្វព្រៃដ៏កម្រនេះ។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា រូបភាពសត្វទន្សោងដែលត្រូវគេថតបានកាលពីសប្តាហ៏មុន នៅចំណុចផ្លូវលំចូលទៅកាន់ភូមិអន្ទ្រងសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បើតាមការពិនិត្យមើលទៅឃើញថា វាកំពុងឈឺជើង ដែលអាចបណ្តាលមកពីជំងឺអ៊ុតក្តាម ឬជាប់អន្ទាក់តែវារើរួច…ប៉ុន្តែខែនេះភាគច្រើនគឺសត្វទន្សោងកើតជំងឺអ៊ុតក្តាម។

លោកប្រធានមន្ទីរបន្តថា ទន្សោងភាគច្រើនខែនេះគឺមានសភាពឈឺជើង ដែលបណ្តាលមកពីជំងឺ ហើយបើមានការបរបាញ់យកសាច់វាទៅបរិភោគ នឹងធ្វើឲ្យឆ្លងជំងឺទៅមនុស្សប៉ះពាល់សុខភាពជាក់ជាមិនខាន។
ទោះជាយ៉ាងណា លោកប្រធានមន្ទីរ បានស្នើរដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវបរបាញ់សត្វព្រៃឡើយ ព្រោះជាទង្វើខុសច្បាប់ និងសូមចូលរួមថែរក្សាការពារពពួកសត្វព្រៃកម្រទាំងនេះ ដើម្បីជីវចម្រុះរបស់ប្រទេសយើង ។
កូនទន្សោងមានសម្បុរក្រហមត្នោតស្រាល វាប្រែប្រួលទៅជាពណ៌ក្រហមត្នោតប្រផេះឬក្រហមត្នោតចាស់នៅពេលវាចំណាស់បន្តិច ។ ជើងទាំងបួនខាងក្រោមជង្គង់មានពណ៌សដូចខ្ទីងនិងគោព្រៃដែរ ប៉ុន្តែវាមានចំនុចមួយដែលប្លែកពីគេគឺពណ៌សនៅផ្នែកខាងក្រោយត្រង់កំប៉េះគូទ ។ ស្នែងទន្សោងរាងមូលជាងស្នែងខ្ទីង មានពណ៌លឿងស្រគាំនៅផ្នែកពាក់កណ្តាលចុះក្រោមហើយចុងស្នែងពណ៌ខ្នៅ។
សត្វទន្សោងចូលចិត្តរស់នៅតំបនព្រៃល្បោះវាលស្មៅព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ វាមិនសូវរស់នៅតំបន់មានទីជម្រាលទេ វាចូលចិត្តរស់នៅជាហ្វូងៗឬនៅជាមួយគោព្រៃ ប្រើសខ្ទីងជាដើម។ ទន្សោងចេញរកស៊ីនៅពេលព្រលឹម និងពេញព្រលប់។ ជាធម្មតាទន្សោងមេចាស់ជាងគេតែងតែជាអ្នកដឹកនាំហ្វូង។
សត្វទន្សោងបន្តពូជនៅខែឧសភា ដល់មិថុនា និងអាចបង្កើតកូនបាន១-២ ក្បាលបន្ទាប់ពីពរពោះរយៈពេល១០ខែ ហើយមេអាចដោយឈ្មោលម្តងទៀតក្រោយពេលកើតកូនបាន ២ ខែ ។
សត្វទន្សោងរស់នៅស្ទើរគ្រប់ទីកន្លែងមានដូចជា តំបន់ភូមិភាគឦសាន និរតី និងភាគ ខាងជើងនៃប្រទេសកម្ពុជា ហើយក៏មាននៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃផងដែរ ។
សត្វទន្សោងជាប្រភេទមួយដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំងពីការបរបាញ់ខុសច្បាប់ដើម្បីយកសាច់និងស្នែង ។ បច្ចុប្បន្នសត្វទន្សោងមានដោយកម្រនៅតំបន់ភាគច្រើន ។ ទន្សោងស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រ និងចុះក្នុងបញ្ជីក្រហម IUCN (EN) ថាជាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ