ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកសេរី កុសល ដឹកនាំមនុស្ស150នាក់​ដាំកូនឈើលើដីទំនាស់…

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​ចម្រុះ​ដែល​មាន​ភារ​កិច្ចការពារបរិស្ថាន​ប្រចាំ​ស្រុក​សំឡូត ដោយមាន​ការ​ចូលរួម​ពី​កម្លាំង​របស់​អង្គការ «MJP»​ផង បាន​ចុះ​រារាំង​និង​បញ្ឈប់​សកម្មភាព​មិន​ស្របច្បាប់របស់​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​១៥០​នាក់ ដឹកនាំ​ដោយ​លោក សេរី កុសល ជា​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​កាល​ព​ី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​១៩…

ខេត្តបាត់ដំបង ៖ កម្លាំង​ចម្រុះ​ដែល​មាន​ភារ​កិច្ចការពារបរិស្ថាន​ប្រចាំ​ស្រុក​សំឡូត ដោយមាន​ការ​ចូលរួម​ពី​កម្លាំង​របស់​អង្គការ «MJP»​ផង បាន​ចុះ​រារាំង​និង​បញ្ឈប់​សកម្មភាព​មិន​ស្របច្បាប់របស់​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​១៥០​នាក់ ដឹកនាំ​ដោយ​លោក សេរី កុសល ជា​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​កាល​ព​ី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ខណៈ​ក្រុម​នេះ​កំពុង​ធ្វើ​ចលនា​ដាំ​ដើមឈើ​នៅ​លើ​ដី​មួយ​កន្លែង​នៅ​ចំណុច​«​វាល​ស្បូវ​» ស្ថិត​ក្នុងភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ។ សកម្មភាព​ដាំ​ដើមឈើ​នេះ​គ្មាន​ការ​អនុញ្ញាត ហើយ​មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ព្រោះ​ជា​ដី​មាន​ភាព​ចម្រូងចម្រាស​ក្តីក្តាំ​គ្នា​នៅ​តុលាការ ។

យោង​តាម​សេចក្ដីរាយការណ៍​របស់​មន្ត្រី​ស្រុក​សំឡូត​បាន​ឲ្យ​ដឹង​ថា ក្រុម​មនុស្ស​ដែល​គេ​មិន​ស្គាល់​ប្រវត្តិ និង​មិន​ស្គាល់​ផ្ទះសម្បែង​ទាំងនោះ មាន​គ្នា​យ៉ាងតិច​១៥០​នាក់ ជិះ​រថយន្តក្រុង​ធំ​ៗ​ចំនួន​៣​គ្រឿង ដែល​ដឹកនាំ​ដោយ​លោក សេរី កុសល មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​ស្នាក់​នៅ​បណ្ដោះ​អា​សន្នត្រង់ចំណុច​ទីតាំង​ដី​ដែល​លោក​សេរី កុសល គ្រប់គ្រង ។ ក្រុម​ពលរដ្ឋ​ទាំងនេះ ត្រូវ​បាន​លោក សេរី កុសល ដឹកនាំ​ដាំ​កូន​ឈើត្រង់​ចំណុច​«​វាល​ស្បូវ​» ក្នុង​ផែនទី UTM {០២៤៩៤៥០-១៣៨៦៦៦៤} ស្ថិត​ក្នុងភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ជាប់​ព្រំដែន​ខ្មែរ​-​ថៃ ។

ប៉ុន្តែ​សកម្មភាព​មិន​ស្របច្បាប់​នេះ ត្រូវ​បានកម្លាំង​របស់​មន្ត្រី​ការពារ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត សហ​ការ​ជាមួយ​មន្ត្រី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំ​កុស និង​កម្លាំង​ចម្រុះ​របស់​អង្គការ​«MJP» សរុប​ប្រមាណ​ជិត​២០​នាក់ ចុះ​អន្តរាគមន៍​ទប់ស្កាត់ និង​បាន​បញ្ឈប់​សកម្មភាព​នេះ​ទាំងស្រុង ។ ក្រុម​មន្ត្រី​បាន​ចោទ​ថា ចលនា​ដាំ​កូន​ឈើ​របស់ក្រុម​លោក សេរី កុសល នេះ​គ្មាន​ការ​អនុញ្ញាត ហើយ​មិន​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​ឡើយ ។

ម្យ៉ាងទៀត កន្លែង​ដាំដើមឈើ​នោះ ជាទី​តាំង​ដី​ដែល​កំពុង​ជាប់ក្ដី​ក្ដាំ​នៅ​តុលា​ការ​យ៉ាង​ចម្រូងចម្រាស​ទៀត​ផង ។ មន្ត្រី​ការពារ​បរិស្ថាន​ស្រុក​សំឡូត​និយាយ​ថា លោក សេរី កុសល បាន​ដឹកនាំ​មនុស្ស​ប្រមាណ ១៥០​នាក់ ជិះ​រថយន្តក្រុង​ចំនួន​៣​គ្រឿង​ដែលគាត់​អះអាង​ថា​មក​ពី​រាជធានី​ភ្នំពេញ និង​តាមបណ្ដា​ខេត្ត​នានា​ផង ឲ្យ​មក​ចូលរួម​ដាំ​ដើមឈើ​នៅ​ចំណុច​ខាងលើ​នេះ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សាមី ឬ​អា​ជា​ធរ​ស្រុក ខេត្ត ។

បើ​យោង​តាម​របាយការណ៍​ដែល​មន្ត្រី​បរិស្ថាន​ដាក់​ជូន​ថ្នាក់ដឹកនាំ លោក​សេរី កុសល ត្រូវ​បានចោទ​ប្រកាន់​ថា លោក​បាន​«​ឆបោក​» ប្រជា​ពលរដ្ឋ​ប្រហែល​១៥០​នាក់ មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ឲ្យ​ចូលរួម​ចលនា​ដាំ​ដើមឈើ​នេះ ។

សកម្មភាព​នេះ លោក​សេរី កុសល បាន​ដឹកនាំ​ពលរដ្ឋ​ឲ្យ​ងើប​លួច​ដាំ​ដើមឈើ​តាំងពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ទៀប​ភ្លឺ ហើយ​រហូត​ដល់​ម៉ោង​៧​ព្រឹក​ថ្ងៃ ទី​១៩ ខែឧសភា ទើប​មន្ត្រី​បរិស្ថាន​ចុះ​ទៅ​ទប់​ទប់ស្កាត់ គឺ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ ខណៈ​ដែល​ក្រុម​អ្នក​លួច​ដាំ​កូន​ឈើ​នៅ​តំបន់​ដី​ហាមឃាត់​នេះ ទើប​ដាំ​បាន​ចំនួន​២០០​ដើម ក្នុង​ចំណោម​កូន​ឈើ​ដែល​គ្រោង​ដាំ​សរុប​ចំនួន​៦៥០​ដើម ។ គេ​មិន​ទាន់​ដឹង​ពី​គោលបំណង​នៃ​ការ​លួច​ដាំ​កូន​ឈើ​របស់​លោក សេរី កុសល ដែល​ប្រឹងប្រែង​ដឹក​ពលរដ្ឋ​មក​ពី​ខេត្ត​ផ្សេង​ៗ​នេះ​នៅឡើយ​ទេ ។

កោះសន្តិភាព មិន​អាច​ស្វែងរក​សុំ​ការ​បំភ្លឺ​ពីប្រភព​ណាមួយ​នៃ​ភាគី​លោក សេរី កុសល ឬ​ពី​រូប​លោក​ផ្ទាល់​បាន​នៅឡើយ​ទេ នា​រសៀល​ថ្ងៃទី​១៩ ខែឧសភា ។ ប៉ុន្តែ​លោក សើ សា​ម៉េ​ត អភិបាលស្រុក​សំឡូត បាន​ប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ថា លោក សេរី កុសល ពិតជា​បាន​នាំ​មនុស្ស​មួយ​ក្រុម​ធំ​មក​ដាំ​កូន​ឈើ​នៅ​លើ​ដី​«​វាល​ស្បូវ​» ក្នុងស្រុក​សំឡូត​មែន តែ​លោក​មិន​បានដឹង​ជាក់លាក់​ពី​គោលបំណង នៃ​ការ​ដាំ​កូន​ឈើ​របស់​មនុស្ស​មួយ​ក្រុម​នោះ​ទេ ។

លោក​អភិបាលស្រុក​ប្រាប់​ថា លោក សេរី កុសល​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​បន្ទាយ​មាន​ជ័យ​ផង បាន​ដឹកនាំ​មនុស្ស​ប្រហែល​១៥០​នាក់ ចូល​មក​កាន់​ស្រុក​សំឡូត ដើម្បី​ចូលរួម​ដាំ​កូន​ឈើ​ជាមួយ​គាត់ តាម​រយៈ​រថយន្តក្រុង​ធំ​ៗ​ចំនួន​៣​គ្រឿង តែ​លោក​មិន​ធ្លាប់​ស្គាល់​មនុស្ស​ទាំងនោះ​ទេ ។

លោក សើ សា​ម៉េ​ត បាន​ថ្លែង​ថា ការ​ធ្វើ​ចលនា​ដាំ​កូន​ឈើ​នោះ​គឺ​គ្មាន​ច្បាប់​អនុញ្ញាត ឬ​មានការ​ចូលរួម​ពី​អាជ្ញាធរ​របស់​លោក​ទេ ប៉ុន្តែ​ក្រោយ​ពី​ផ្ទុះ​នូវ​សកម្មភាព​នេះ ក្រុម​មន្ត្រី​ការពារបរិស្ថាន​ក៏​បាន​ទៅ​អន្តរាគមន៍​រារាំង​បញ្ឈប់​សកម្មភាព​ល្មើសច្បាប់​នេះ​ទាំង​ព្រឹក​ភ្លាម​ៗ​ដែរ ។

លោក​អភិបាលស្រុក ក៏​បាន​បញ្ជាក់​អំពី​មូល ហេតុ​ដែល​មន្ត្រី​បរិស្ថាន​រារាំង​មិន​ឲ្យ​លោក សេរី កុសល នាំ​មនុស្ស​ដាំ​កូន​ឈើ​នៅ​លើ​ដី​ចំណុច​«​វាល​ស្បូវ​» នោះ​យ៉ាង​ដូច្នេះ​ថា «​បើ​តាម​ខ្ញុំ​ដឹង​ខ្លះ​ៗ មូលហេតុ​ដែល​មន្ត្រី​បរិស្ថាន​ហាមឃាត់​មិនឲ្យ​ក្រុម​លោក សេរី កុសល ដាំ​កូន​ឈើ​នៅ​លើ​ដី​ចំណុច​ខាងលើ​នេះ គឺ​ដោយសារ​តែ​ដី​តំបន់នោះ​កំពុង​ជាប់ក្ដី​ក្ដាំ​នៅ​ក្នុង​តុលាការ ។ ពេល​នេះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​បញ្ជា​ឲ្យ​មន្ទីរ​បរិស្ថាន​ខេត្ត ចុះ​ហាម​ដាច់ខាត មិន​ឲ្យ​លោក សេរី កុសល នាំ​មនុស្ស​ដាំ​ឈើ​បន្ត​ទៀត​ឡើយ​» ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​ស្នើ​សុំ​ការ​បំភ្លឺ​ពី​លោក កត បូរាណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ភ្លាម​ៗ​នៅឡើយ​ទេ​នា​រសៀល​ថ្ងៃ​ដដែល​នោះ ដោយសារ​ទូរស័ព្ទ​របស់លោក​មិន​អាច​ទំនាក់ទំនង​បាន ។ ប៉ុន្តែ​បើ​តាម​មន្ត្រី​ការពារ​បរិស្ថាន​មួយ​រូប ប្រាប់​តាម​ទូរស័ព្ទថា ក្រោយ​ពី​ទទួល​បាន​របាយការណ៍​នេះ លោក
រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​បញ្ជា​ឲ្យ​មន្ត្រី​មន្ទីរបរិស្ថាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ជា​បន្ទាន់​ពី​លោក ងួ​ន រតនៈ អភិបាលខេត្ត ។

ប៉ុន្តែ​លោក​អភិបាល ខេត្ត ហាក់​រារែក​មិន​ហ៊ាន​អន្តរាគមន៍​ក្នុង​រឿង​នេះ​ភ្លាម​ៗ​ឡើយ រហូត​ទាល់តែ​មាន​ទូរ​ស័ព្ទ​ស្នើអន្តរាគមន៍​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ផ្ទាល់ ទើប​លោក​អភិបាលខេត្ត​បញ្ជា​ឲ្យ​មន្ត្រី​បរិស្ថានចុះ​ទៅ​បង្អើល​ក្រុម​អ្នកចូលរួម​ដាំ​កូន​ឈើ​ទាំងនោះ ។ ពេល​នេះ​មន្ត្រី​ជំនាញ​បាន​បញ្ឈប់​សកម្មភាព​ទាំង​ស្រុង​របស់​ក្រុម​លោក សេរី កុសល ហើយ​មន្ត្រី​ជំនាញ​ក៏​កំពុង​ធ្វើ​កំណត់​ស្ដី​ពី​«​សកម្មភាព​នេះ ។

គួរ​រំឭក​ថា លោក សេរី កុសល ត្រូវ​បាន​ពលរដ្ឋ​នៅ​ស្រុក​សំឡូត​ចំនួន​៤​នាក់ ប្ដឹង​ចោទប្រកាន់​លោក​ថា​បាន​ប្រើប្រាស់​កាំភ្លើង​អាកា​៤៧ គំរាម​បាញ់​សម្លាប់​ពួក​គាត់ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមេ​សា​កន្លង​ទៅ​ថ្មី​ៗ​នេះ ខណៈ​ពួក​គាត់​កំពុង​នាំ​គ្នា​អង្គុយ​រើស​ផ្លែ​សំរង​ភ្នំ នៅ​ចំណុច​«​ភ្នំ​រទេះសេះ​» ក្បែរ​ព្រំដែន​ខ្មែរ​-​ថៃ ស្ថិត​ក្នុងភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ដោយ​ចោទ​ពួក​គាត់​ថា ជា​អ្នកកា​ប់រាន​ព្រៃ​អភិរក្ស ។

បណ្ដឹង​នេះ បាន​ស្ថិត​ក្នុង​ដៃ​កងរាជអាវុធហត្ថ​ស្រុក​សំឡូត តែ​ក៏​ត្រូវ​បាន​គេ​បិទ​បាំង​ស្ងាត់ឈឹង ។ ប៉ុន្តែ​ជាង​មួ​យស​ប្ដា​ហ៍​ក្រោយ​មក សំណុំរឿង​នេះ​បាន​បែកធ្លាយ ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ចំពោះ​ការ​បិទ​បាំង​របស់​សមត្ថកិច្ច ដែល​មិន​ព្រម​រាយការណ៍ អំពី​ករណី​ផ្ទុះអាវុធ​ដែល​បង្ក​ឡើង​ដោយ​មន្ត្រី​ជាន់ខ្ពស់​រូប​នេះ ។ បើ​តាម​ប្រភព​ព័ត៌មាន​ដែល​កោះ សន្តិភាព​ទើប​ទ​ទូល​បាន​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា សំណុំរឿង​គំរាម​បាញ់​សម្លាប់​ពលរដ្ឋ​នៅ​ស្រុក​សំឡូត​នេះ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សំឡូត​បញ្ជូន​មក​ដល់​ដៃ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ហើយ ។

ជុំវិញ​សំណុំរឿង​នេះ លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ធ្លាប់​បាន​បញ្ជាក់​ប្រាប់​កោះ​សន្តិភាព​ថា លោក​មិន​បានដឹង​រឿង​នេះទេ ព្រោះ​សមត្ថកិច្ច​ដែល​ទទួល​ចាត់ការ​លើ​ករណី នេះ​មិន​បាន​រាយការណ៍ ។ ប៉ុន្តែ​លោក​បានដឹង​និង​ភ្ញាក់ផ្អើល បន្ទាប់​ពី​កោះសន្តិភាព​ចុះ​ផ្សាយ ហើយលោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ទទួល​រឿង​នេះ​បញ្ជូន​សំណុំរឿង​មក​តុលាការ​ហើយ ៕ (សម្រួលដោយ ៖ ស្រីណា)

អត្ថបទសរសេរ ដោយ