ការថែរក្សានិងបង្រៀនក្មេងឱ្យចេះដុសធ្មេញមានសារសំខាន់ណាស់ដែលឪពុកម្តាយត្រូវតែយល់ដឹងឱ្យបានច្បាស់ពីរបៀបនៃការដុសសម្អាតដើម្បីសុខភាពមាត់ធ្មេញល្អប្រសើររបស់កូនតូច ។
លោកទន្តបណ្ឌិត ញាណ ភិរម្យ ប្រធានក្រុមគ្រូពេទ្យនៃមន្ទីរព្យាបាលធ្មេញបស្ចិមបានថ្លែងថា ធ្មេញបែងចែកជាពីរប្រភេទគឺ ធ្មេញទឹកដោះ និងធ្មេញស្រុក ។ ធ្មេញចាប់ផ្តើមដុះក្នុងអំឡុងពេលក្មេងមានអាយុពី៦ខែទៅ១៨ខែ ។ ធ្មេញទឹកដោះចាប់ផ្តើមដុះក្នុងអំឡុងពី៦ខែទៅ២៤ខែ ឯធ្មេញស្រុកចាប់ផ្តើមដុះពីអាយុ៦ឆ្នាំទៅដល់២៥ឆ្នាំ ។ ជាទូទៅនៅពេលធ្មេញចាប់ផ្តើមដុះ អញ្ចាញធ្មេញបើកជាហេតុធ្វើឱ្យក្មេងឈឺរមាស់ ឬរាករូស ក្តៅខ្លួន ឬក៏ធ្វើឱ្យក្មេងបៀមដៃជាដើម។ អំឡុងពេលបើកអញ្ចាញនេះជារយៈពេលមួយដែលងាយចម្លងមេរោគបំផុត ហើយក្មេងក៏ឧស្សាហ៍ឈឺក្នុងចន្លោះពេលនេះដែរ ដូច្នេះឪពុកម្តាយគ្រប់រូបត្រូវតែដឹងពីវិធីថែរក្សាធ្មេញកូនឱ្យដុះមកបានល្អ កុំឱ្យឆ្លងមេរោគ ។
ពេលធ្មេញចាប់ផ្តើមដុះដំបូង ម្តាយត្រូវសម្អាតដើម្បីកុំឱ្យមានេមរោគជ្រៀតចូល ដោយជូតអញ្ចាញធ្មេញឱ្យស្អាតដោយប្រើសំឡីព្រោះអញ្ចាញស្អាតជាហេតុធ្វើឱ្យធ្មេញដុះមកគ្មានមេរោគ និងជួយកាត់បន្ថយកុំឱ្យមានការឈឺចាប់ដល់កុមារទៀតផង ។ នៅពេលធ្មេញដុះចេញមកម្តាយត្រូវតែជួយសម្អាតធ្មេញរបស់កូនដោយប្រើសំឡីមូរឱ្យតូច ហើយជ្រលក់ជាមួយទឹកក្តៅឧណ្ហ យកទៅជូតលើអញ្ចាញធ្មេញរបស់កុមារនៅរៀងរាល់ពេលដែលកុមារបៅដោះ ឬក្រោយពេលកុមារទទួលទាន ។
លោកទន្តបណ្ឌិតបានថ្លែងបន្តថា ម្តាយត្រូវចេះសម្អាតធ្មេញ និងបង្រៀនកូនតូចឱ្យចេះសម្អាតធ្មេញតាំងពីពេលមានធ្មេញដុះមកត្រូវប្រើច្រាសដុសធ្មេញដែលតូច ហើយមានសរសៃទន់ ដាក់ថ្នាំដុសធ្មេញតែបន្តិចប៉ុនគ្រាប់សណ្តែកបានហើយ ។
ពិតណាស់ ការសម្អាតធ្មេញអាចឱ្យក្មេងទំពាអាហារបានល្អ ហើយធ្មេញដែលដុសចេញមកក៏ត្រង់ជួរល្អ ញញឹមស្អាត ជួយឱ្យនិយាយបានត្រឹមត្រូវ ច្បាស់ មានចន្លោះសម្រាប់ធ្មេញស្រុកដុះមកត្រង់ជួរបានល្អមិនវៀច និងមានសុខភាពល្អ ។ តែបើមានធ្មេញណាមួយពុកនោះធ្វើឱ្យមានប្រហោងបណ្តាលឱ្យកុមារមានសុខភាពពុំល្អទេ។ ដោយនៅក្នុងប្រហោងធ្មេញនោះមានមេរោគពេលកុមារលេបទឹកមាត់ ឬអាហារមេរោគនឹងទៅជាមួយផងដែរ ។ ប្រការដែលលោកអ្នកគួរចងចាំដូចជា ៖
-មិនត្រូវឱ្យកុមារបៀមដៃ អាចធ្វើឱ្យធ្មេញដុះមកមិនត្រង់ជួរ ។
-មិនត្រូវយកក្បាលដោះឱ្យក្មេងបៀមនៅពេលគេង ដែលជាហេតុធ្វើឱ្យពុកធ្មេញ ។
-មិនត្រូវឱ្យក្មេងប្រើពពួកថ្នាំតេត្រាស៊ីគ្លីនច្រើនពេកទេ ព្រោះធ្វើឱ្យធ្មេញមានពណ៌លឿង ។
-នៅពេលក្មេងមានអាយុ១ឆ្នាំ ឪពុកម្តាយត្រូវតែនាំកូនទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងរកវិធីការពារឱ្យធ្មេញដុះមកបានស្អាត ហើយត្រង់ជួរ និងឱ្យគ្រូពេទ្យពន្យល់ដល់មាតាពីការថែទាំធ្មេញ ។
នៅពេលធ្មេញស្រុកដុះគួរតែទៅជួបគ្រូពេទ្យរកវិធីបិទនៅចន្លោះធ្មេញដើម្បីកុំឱ្យមានចំណីអាហារចូលទៅក្នុងធ្មេញដែលជាហេតុធ្វើឱ្យពុកធ្មេញ ។ មានថ្នាំម្យ៉ាងទៀតគឺគេដាក់លាយជាមួយទឹកដោះគោសម្រាប់ក្មេងបៅជួយការពារធ្មេញ តែបើដាក់លើសកម្រិតក៏មានផលប៉ះពាល់ដែរ ។ ឪពុកម្តាយគ្រប់រូបមិនត្រូវធ្វេសប្រហែសក្នុងការថែទាំធ្មេញកូនឡើយ វាអាចបង្កឱ្យមានបញ្ហាជាច្រើនជាហេតុធ្វើឱ្យលោកអ្នកបាត់បង់ឱកាសដ៏មានអត្ថប្រយោជន៍ ។ គប្បីបង្ហាត់បង្រៀនការសម្អាតធ្មេញនេះរហូតកូនតូចចេះស្ទាត់ក្នុងការដុសសម្អាតធ្មេញដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ