ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង្រិត​​ងាយ​ស្រួល​​ចិញ្ចឹម​​​ ឆាប់​ទទួល​ផល​​ និងមាន​ទីផ្សារ​ល្អ​…

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖​ចង្រិត​ជា​សត្វ​មួយ​ប្រភេទ ដែល​មនុស្ស​យក​ធ្វើ​ជា​អាហារ ក្នុង​នោះ​មាន​ទាំងប្រភេទ​ចង្រិត​ព្រៃ​និង​ចង្រិត​ចិញ្ចឹម ។ យើង​អាច​ចិញ្ចឹម​ចង្រិត​បាន​យ៉ាង​ងាយស្រួល និង​អាច​រក​ប្រាក់​ចំណូល​បាន​គួរសម​ក្នុង​​រយៈពេល​ខ្លី​នៃ​ការ​ប្រមូល​ផល ហើយ​ទីផ្សារ​ក៏​មិន​កកស្ទះ​ដូច​ទំនិញ​ដទៃ​ដែរ ។ នេះជា​ការ​អះអាង​របស់​កសិករ​មួយ​ចំនួន…

ខេត្តបាត់ដំបង ៖​ចង្រិត​ជា​សត្វ​មួយ​ប្រភេទ ដែល​មនុស្ស​យក​ធ្វើ​ជា​អាហារ ក្នុង​នោះ​មាន​ទាំងប្រភេទ​ចង្រិត​ព្រៃ​និង​ចង្រិត​ចិញ្ចឹម ។ យើង​អាច​ចិញ្ចឹម​ចង្រិត​បាន​យ៉ាង​ងាយស្រួល និង​អាច​រក​ប្រាក់​ចំណូល​បាន​គួរសម​ក្នុង​​រយៈពេល​ខ្លី​នៃ​ការ​ប្រមូល​ផល ហើយ​ទីផ្សារ​ក៏​មិន​កកស្ទះ​ដូច​ទំនិញ​ដទៃ​ដែរ ។ នេះជា​ការ​អះអាង​របស់​កសិករ​មួយ​ចំនួន ដែល​ចិញ្ចឹម​ចង្រិត​លក់​នៅក្នុងស្រុក​ឯក​ភ្នំ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​កោះ​សន្តិ​ភាព កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ ។

លោក ជីវ ជឿន ជា​អ្នក​ចិញ្ចឹម​ចង្រិត​ម្នាក់នៅ​ភូមិ​ព្រែក​នរិន្ទ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​និយាយ​ថា ចង្រិត​ដែល​កសិករ​ទូទៅ​និយម​ចិញ្ចឹម គឺជា​ចង្រិត​មាន​តម្លៃ​ល្អ​គួរសម​នៅ​លើ​ទីផ្សារ ។ វា​ជា​សត្វ​ដែល​ងាយស្រួល​ចិញ្ចឹម ចំណាយ​ដើម​តិច បាន​ផល​ចំណេញ​ច្រើន​គួរសម និង​ចំណាយពេល​ខ្លី​នៃ​ការ​ប្រមូល​ផល ។ កសិករ​វ័យ​៦១​ឆ្នាំ​រូប​នេះ​រៀបរាប់​ថា «​ខ្ញុំ​ទើប​ចាប់ផ្ដើម​ចិញ្ចឹម​ចង្រិត​បាន​រយៈពេល​១​ឆ្នាំ​ប៉ុណ្ណោះ តែ​មិនមែន​ជា​មុខរបរ​អាជីព​របស់ខ្ញុំ​ទេ​…​មុខរបរ​អាជីព​របស់ខ្ញុំ​គឺ​បើក​ស្តង់​លក់​ទឹកកក​ដុំ​និង​រាយ ។ ក្នុង​រយៈពេល​នៃ​ការ​ចិញ្ចឹម​១​ឆ្នាំ​កន្លង​ទៅ​នេះ ខ្ញុំ​ប្រមូល​ផល​ចង្រិត​បាន​ចំនួន​៨​ដង ។ ប្រាក់​ចំណេញ​នៃ​ការ​លក់​ចង្រិត​នេះ ខ្ញុំ​ទ​ទូល​បាន​ប្រមាណ​ពី​៦០​ទៅ​៧០% នៃ​ទុន​សរុប​»​។

អ្នក​ភូមិ​តែង​ហៅ​គាត់​ថា «​តា​ជឿន​ទឹកកក​» តែ​អ្នក​ភូមិ​ឆ្ងាយ​ៗ​ខ្លះ​មិនសូវ​ដឹង​ពី​មុខរបរ​បន្ថែម នៃ​ការ​ចិញ្ចឹម​ចង្រិត​នេះ​ទេ ។ ជាមួយនឹង​សំឡេង​ខ្លាំង​ៗ​បន្តិច អម​ដោយ​កាយវិការ​យ៉ាង​រស់​រវើកផង តា​ជឿន​ទឹកកក​បាន​លើក​ឡើង​ពី​ការ​ចាប់ផ្ដើមដំបូង​ថា «​ដំបូង​ឡើយ​ខ្ញុំ​បាន​ទិញ​ពូជ​មក​ចិញ្ចឹម​បន្ត​ពី​កសិករ​ម្នាក់​នៅ​ភូមិ​រហាល​សួង ឃុំ​ព្រែក​នរិន្ទ​នេះ​ដែរ គឺ​ចិញ្ចឹម​តែ​មួយ​ធុង​ប៉ុណ្ណោះ ។ ប៉ុន្តែ​ដោយសារ​ការ​ចិញ្ចឹម​មាន​ភាព​ងាយស្រួល ចំ
ណាយ​ទុន​តិច លក់​បាន​ចំណូល​គួរសម ហើយ​ចំណាយពេល​ខ្លី​ក្នុង​ការ​ប្រមូល​ផល ទើប​ខ្ញុំ​ពង្រីកទីតាំង​ចិញ្ចឹម​កាន់តែ​ធំ រហូត​សព្វថ្ងៃ​ខ្ញុំ​មាន​ធុង​សម្រាប់​ចិញ្ចឹម​ចង្រិត​ចំនួន​៧​ធុង​ហើយ គឺ​ធ្វើ​ដោយ​ខ្លួនឯង​»​។

ទាក់ទិន​នឹង​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​ចង្រិត​វិញ លោក ជីវ ជឿន បាន​រៀបរាប់​ដោយ​សង្ខេបថា ចង្រិត​ងាយស្រួល​ចិញ្ចឹម តែ​ត្រូវការ​ថែទាំ​ឲ្យបាន​ជាប់លាប់​បន្តិច ព្រោះ​ចង្រិត​ស៊ី​ចំណី​ច្រើន ផឹកទឹក​ច្រើន តែ​មិន​រើស​ចំណី​ទេ ។ យើងគ្រាន់តែ​ចំណាយ​ទុន​ដើម្បី​ទិញ​ចំណី​មាន់​ខ្លះ​ៗ ដើម្បី​យក​មក​លាយ​កន្ទក់​ឲ្យ​វា​ស៊ីម្ដង​ម្កាល ​សម្រាប់​ការ​ឆាប់​ធំធាត់ ។ ប៉ុន្តែ​ចំណី​ដែល​វា​ត្រូវការ​ស៊ី​ជា​ប្រចាំ​គឺ​ស្លឹក​រុក្ខជាតិ​មាន​ដូច​ជា ស្លឹក​ផ្ទី ស្លឹក​ដំឡូង​មី ផ្លែ​ត្នោត​ទុំ ស្លឹក​ក​ន្ធំ​ថេ​ត​ (​ស្លឹក​សំបួរ​) ។​ល​។ យើង​អាច​ដាក់​ស្លឹក​រុក្ខជាតិ​ទាំងនេះ​ឲ្យ​វា​ស៊ី​ទៅ​ជា​ការ​ស្រេច តែ​យើង​ត្រូវ​មើល​ចាំបាច់​បំផុត​នោះ​គឺ​«​ទឹក​» ។ ចង្រិត​ត្រូវការ​ផឹកទឹក​ខ្លាំង​បំផុត មិន​អាច​អត់​បាន​មួយ​នាទី​ណា​ឡើយ​។ ជាមួយនឹង​ការ​ថែទាំ​នេះ យើង​អាច​ចំណាយពេល​ត្រឹមតែ​៤៥​ថ្ងៃ​ប៉ុណ្ណោះ នឹង​អាច​ចាប់​លក់​បាន​ហើយ ។

ដោយឡែក កសិករ​ចិញ្ចឹម​ចង្រិត​មួយ​រូប​ទៀត គឺ​អ្នកស្រី ហូ ហៀ​ប អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​រហាលសួង ឃុំ​ព្រែក​នរិន្ទ បាន​ផ្ដល់​បទ​សម្ភាសន៍​អំពីមុខ​របរ​ចិញ្ចឹម​ចង្រិត​នេះ​ដែរ​ថា អ្នកស្រី​បានចិញ្ចឹម​ចង្រិត​មុនគេ​នៅ​ក្នុង​មូលដ្ឋាន បើ​គិតមក​ដល់​បច្ចុប្បន្ន​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ។ ជាមួយនឹង​ការ​លក់​គ្រឿងទេស​បន្តិច​បន្តួច​នៅ​មុខ​ផ្ទះ អ្នកស្រី ហូ ហៀ​ប និយាយ​ថា មុខរបរ​ចិញ្ចឹម​ចង្រិត​នេះ បើ​យើង​ពង្រីក​ឲ្យ​ធំ អាច​រក​ចំណូល​​បាន​ច្រើន​គួរសម ព្រោះ​តម្លៃ​នៅ​ទីផ្សារ​ហាក់​ធ្លាក់​ចុះ​តិចតួច និង​ម្ដងម្កាល​ប៉ុណ្ណោះ នៅ​ពេល​ដល់​រដូវ​អ្នក​ភូមិ​ដទៃ​ទៀត​រក​ចង្រិត​ព្រៃបាន​ច្រើន​ដោយ​ដាក់​អំ​ពូ​ល​ចាប់ ជា​ពិសេស​ក្នុង​រដូវភ្លៀង​ធ្លាក់​ដើមឆ្នាំ​ដូច​បច្ចុប្បន្ន​នេះ ។

គាត់​និយាយ​ថា បើ​តាម​បទ​ពិសោធន៍​នៃ​ការច​ញ្ចឹ​ម​ចង្រិត​របស់​គាត់​ជាង​២​ឆ្នាំ​កន្លង​ទៅ​នេះចង្រិត​ពិតជា​ងាយស្រួល​ក្នុង​ការ​ចិញ្ចឹម​មែន ព្រោះចំណាយ​ទុន​តិច ហើយ​ចំណាយពេល​ត្រឹមតែ​៤៥​ថ្ងៃ​ប៉ុណ្ណោះ អាច​ចាប់​លក់​ឲ្យ​ម៉ូយ​បាន​ហើយ ។ ជុំវិញ​មុខរបរ​ចិញ្ចឹម​ចង្រិត​លក់​នេះ បើ​តាម​កសិករ​ខាងលើ​នេះ​ថា ក្នុង​រយៈពេល​៤៥​ថ្ងៃជា​មធ្យម ចង្រិត​អាច​ផ្ដល់​ផល​ចន្លោះ​ពី​១៥​ទៅ​១៨​គីឡូក្រាម​ក្នុង​មួយ​ធុង​ដែល​ចិញ្ចឹម​វា ដែល​មាន​ទំហំ​១,២​ម៉ែត្រ​គុណ​នឹង​២,៥​ម៉ែត្រ ហើយ​លក់​ឲ្យ​ម៉ូយ​ក្នុង​១​គីឡូក្រាម​ថ្លៃ​ចន្លោះ​ចាប់ពី​៧​ពាន់​រៀល​ដល់​១​ម៉ឺន​រៀល គឺ​តម្លៃ​ចុះឡើង​ទៅ​តាម​រដូវ​កាល តែ​មិន​អាច​ចុះ​ទាប​ជាង​នេះ​ទេ ។

លោក ជីវ ជឿន រៀបរាប់​ថា ចង្រិត​គាត់​ទើប​ចាប់​លក់​ប៉ុន្មាន​ថ្ងៃមុន​នេះ​បាន​ថ្លៃ​១​គីឡូក្រាម៩​ពាន់​រៀល គឺ​ថ្លៃ​ជាង​ចង្រិត​ព្រៃ​ដែល​អ្នក​ភូមិ​ដាក់​អំ​ពូ​ល​ចាប់​លក់ ។ ចង្រិត​ចិញ្ចឹម​បាន​ចុះថ្លៃ​បន្តិច​នៅ​ពេល​នេះ ដោយសារ​តែ​សម្បូរ​ចង្រិត​ព្រៃ ។ គាត់​និយាយ​ថា នៅ​ខេត្តបាត់ដំបង ចង្រិតចិញ្ចឹម​មិនសូវ​មាន​ទីផ្សារ​ទេ តែ​មាន​ទីផ្សារ​ខ្លាំងនៅ​ខេត្តបន្ទាយមានជ័យ ។

កសិករ​រូប​នេះ​បញ្ជាក់​ថា ឈ្មួញ​ជា​ច្រើន​នៅ​ខេត្តបន្ទាយមានជ័យ ចាំ​ទទួល​ទិញ​ចង្រិត​ចិញ្ចឹម​នេះ​មាន​ប៉ុន្មាន​តោន​ក៏​គេ​យក​ដែរ ឯ​តម្លៃ​ស្ថិត​លើ​ទីផ្សារ​ជាក់ស្ដែង តែ​យ៉ាងណា​ចង្រិត​ចិញ្ចឹម​មិន​អាច​ស្ទះ​ទីផ្សារ​ឡើយ ។ ជាមួយ​ទីផ្សារ​ល្អ រក​ចំណូល​បាន​គួរសម និងភាព​ងាយស្រួល​ក្នុង​ការ​ចិញ្ចឹម​បែប​នេះ លោក​ជីវ ជឿន ក៏​បាន​ជំរុញ​និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ គួរតែ​ចាប់​យកមុខ​របរ​ចិញ្ចឹម​ចង្រិត​បែប​ងាយ​ៗ​នេះ បើ​សល់​ពេលវេលា​ពី​ការ​ប្រកប​មុខរបរ​ផ្សេង​ៗ ព្រោះ​ការ​ចិញ្ចឹម​ចង្រិត​មាន​រយៈពេល​ខ្លី ចំណាយ​ទុន​តិច តែ​អាច​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​គួរសម​សម្រាប់​ទ្រទ្រង់​បន្ថែម ក្នុង​ជីវភាព​គ្រួសារ ។

ជុំវិញ​មុខរបរ​ចិញ្ចឹម​ចង្រិត​របស់​ប្រជា​កសិករ​នៅ​ស្រុក​ឯក​ភ្នំ​នេះ បើ​តាម​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត មួយ​រូប​និយាយ​ថា អ្នកមាន​របរ​ចិញ្ចឹម​ចង្រិត​នៅ​ខេត្តបាត់ដំបង បើ​តាម​របាយការណ៍​ស្រាវជ្រាវ​កន្លង​មក អាច​មាន​ច្រើន​គួរសម​ដែរ​នៅ​តាម​ស្រុក​នានា តែ​ភាគច្រើន​អ្នក​ភូមិ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ឬ​អាច​លក់ដូរ​នៅ​ទីផ្សារ​ក្នុងស្រុក​បន្តិចបន្តួច​ប៉ុណ្ណោះ ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ការ​ចិញ្ចឹម​បែប​នេះ កន្លង​មក​កសិករ​ហាក់​មិន​ទាន់​បាន​ចងក្រង​ជា​សហគមន៍​នៅឡើយ​ទេ ដោយសារ​តែ​មាន​លក្ខណៈ​តូចតាច ហើយ​ការ​ចិញ្ចឹម​នៅ​រាយ​ប៉ាយ​មិន​ច្បាស់លាស់ ។ មន្ត្រី​រូប​នេះ​ក៏​បាន​លើក​ឡើង​ជុំវិញ​ការ​ប្រកប​មុខរបរ​ចី​ញ្ចឹ​ម​ចង្រិត​នេះ​ដែរ​ថា មុខរបរ​នេះ​ពិតជា​មាន​ភាព​ងាយស្រួល​ដូចការ​លើក​ឡើង​របស់​កសិករ​នៅ​ស្រុក​ឯក​ភ្នំ​មែន​។

បើ​ទោះជា​នៅ​ក្នុង​ខេត្ត​នេះ​មិនសូវ​មាន​ទីផ្សារ តែ​លោក​មើលឃើញ​ថា​ចង្រិត​ចិញ្ចឹម​ទាំងនេះ ហាក់​ត្រូវ​ឈ្មួញ​នាំ​ចេញ​ខ្លាំង​ទៅ​ខេត្ត​បន្ទាយមាន​ជ័យ រួច​នាំ​ចេញ​បន្ត​ទៅ​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​«​ប៉ោយ​ប៉ែ​ត​» ។ ដូច្នេះ​បើ​ប្រជា​កសិករ​មាន​លទ្ធភាព គួរ​ចាប់​យកមុខ​របរ​នេះ​បន្ថែម ព្រោះ​ជា​មុខរបរ​ដែល​ងាយស្រួល​ធ្វើ និង​រក​ប្រាក់ចំណូល​បានជា​ប្រចាំ ៕​

អត្ថបទសរសេរ ដោយ