ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទេសចរណ៍​ហាម​អ្នកដឹកនាំ​ទេស ចរណ៍ កុំ​ជូន​លុយ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក ថោ​ង ខុន បាន​ហាម​យ៉ាង​ដាច់​ណាត់ មិន​ឲ្យ​អ្នកដឹកនាំ​ក្រុម​ទេសចរ (Tour Leaders)…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក ថោ​ង ខុន បាន​ហាម​យ៉ាង​ដាច់​ណាត់ មិន​ឲ្យ​អ្នកដឹកនាំ​ក្រុម​ទេសចរ (Tour Leaders) ទាំងឡាយ ជូន​លុយ​ក្រៅផ្លូវការទៅ​មន្ត្រី​នគរបាល នៅ​ពេល​បោះត្រា​លើ​លិខិតឆ្លង​ដែន នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ​ឬព្រ​លាន​យន្តហោះ​អន្តរជាតិ ហើយ​ក៏​មិន​ត្រូវ​ណែនាំ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​បែប​នេះ​ឡើយ ព្រោះ​គ្មាន​ច្បាប់​ណា​តម្រូវ​ឲ្យ​ធ្វើ​បែប​នេះ
​ទេ ។

ការ​ហាមប្រាម​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​១ អាណត្តិ​ទី​៦ របស់​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​សម្របសម្រួលការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ និង​អ្នកដំណើរ​នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រក​ទ្វារ​អន្តរជាតិ​ទូ​ទាំង​ប្រទេស នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ កាលពី​ពេល​ថ្មី​ៗ​
នេះ ។

ជា​ចំណុច​ដ៏​រសើប​នេះ ត្រូវ​បាន​បង្ហើប​ដោយ​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ ដោយ​បញ្ជាក់​ឲ្យ​ដឹង​ថា តាម​ការ​រាយការណ៍​របស់​មន្ត្រី​នគរបាល​មូលដ្ឋាន មានការ​ឲ្យ​លុយ​នៅ​ពេល​បោះត្រា​លើ​លិខិតឆ្លងដែន របស់​ភ្ញៀវ​ជនជាតិ​ចិន​ខ្លះ នៅ​ពេល​ដែល​ភ្ញៀវ​យក​លិខិតឆ្លងដែន​នោះ ទៅ​ឲ្យ​មន្ត្រី​នគរបាល​បោះត្រា តែ​មិន​ច្រើន​ទេ​ត្រឹម ២០០០​រៀល​, ៥០០០​រៀល ឬ​៥​យ័ន​តែ​ប៉ុណ្ណោះ ។

លោក​ថា «​ក៏​សូម​រាយការណ៍​ជូន​ដែរ បងប្អូន​ចិន​នៅ​ខេត្តសៀមរាប ពិសេស Tour Leaders ហ្នឹង​ហ្មង គាត់​រៀប​ឡើង​ឡាន​ចេញ​ហើយ គាត់​ថា​ដាក់​លុយ​ឱ្យ​គេ​ក្នុង Passport ទៅ ដើម្បី​គេ​វ៉ៃ​ត្រា​ឱ្យ​ស្រួល​ខ្លះ​, ខ្ញុំ​បាន​តាមដាន​មើលឃើញ​ដាក់​លុយ​ខ្មែរ ២០០០, ៥០០០​រៀល បើ​មិន​អ៊ីចឹង​ទេ​៥​យ័ន​» ។

នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បញ្ជាក់​ថា ទោះបី​មាន​បញ្ហា​នេះ​កើតឡើង​ក៏​ដោយ លោក​នៅ​តែ​ព្យាយាម​ឱ្យ​មន្ត្រី​នគរបាល​ពាក់ព័ន្ធ ដាច់ខាត​មិន​ត្រូវធ្វើ​យ៉ាង​ដូច្នោះ​ទេ ព្រោះ​មិនមែន​ជា​ចំណុច​ល្អ ហើយ​ជា​អំពើ​ខុសច្បាប់ ។ លោក​ឧត្តមសេនីយ៍​បាន​សំណូមពរ​ដល់​ក្រសួងទេសចរណ៍ ជួយ​ផ្សព្វផ្សាយ​ដល់​អ្នកដឹកនាំ​ក្រុម​ទេសចរ ឬ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ កុំឱ្យ​បន្ត​ប្រព្រឹត្ត​នូវ​ចំណុច​ខាងលើ​នោះ​តទៅ​ទៀត ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជា​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ភ្លាម​ៗ ពិសេស​មន្ទីរ​ទេស​ចរណ៍​គ្រប់​រាជធានី​-​ខេត្ត ដែល​បាន​មក​ចូលរួម​ប្រជុំ​ផង​ដែរ ត្រូវ​ផ្សព្វផ្សាយ​បញ្ជ្រាប​បញ្ហា​នេះ​ជា​បន្ទាន់ ទៅ​ដល់​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ដាច់ខាត​មិន​ឱ្យ​ប្រព្រឹត្ត​ទ​ង្វើ​បែប​នេះ​តទៅ​ទៀត​ឡើយ ។

លោក​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា បើ​មគ្គុទ្ទេសក៍​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងនោះ នៅ​តែ​ប្រព្រឹត្ត​បែប​នេះ​ទៀត ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ពោល​គឺ​ត្រូវ​រួម​គ្នា​ទប់ស្កាត់ និង​លុប​បំបាត់​បញ្ហា​នេះ ឱ្យ​បាន​ចាប់ពី​ពេល​នេះ​តទៅ ។

នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​បាន​ពិគ្រោះ​យោបល់ ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អំពី​ការ​រិះរក​គ្រប់​វិធី ក្នុង​ការ​កាត់​បន្ថយ​នូវ​របាំង​មិន​ចាំបាច់ នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ និង​ដោយ​បាន​ទទួល​ការ​ឯកភាព​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រួច​ហើយ នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ក្រសួង​នឹង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់ នូវ​សាល​កប​ត្រ​ចេញចូល​ថ្មី ដែល​មាន​ភាព​ងាយស្រួល ក្នុង​ការ​បំពេញបែបបទ​សុំ​ទិដ្ឋាការ ពេល​ភ្ញៀវ​ទេសចរ​មក​ដល់​កម្ពុជា ៕ ​

អត្ថបទសរសេរ ដោយ