ខេត្តកំពង់ចាម ៖ ទោះបីជាមានការហាមមិនឲ្យមានការនាំចូលជ្រូករស់ ពីប្រទេសវៀតណាមដែលផ្ទុះជម្ងឺជ្រូកប៉េសអាហ្វ្រិក ដែលជាជម្ងឺមួយមិនមានថ្នាំសម្រាប់ព្យាបាលឡើយ ហើយមេរោគនេះឆ្លងយ៉ាងរហ័សទៅជ្រូកផ្សេងៗនឹងត្រូវងាប់បន្តបន្ទាប់ ។ ត្បិតមានបំរាមហាមមិនឲ្យនាំចូលជ្រូកក្តីក៏ក្រុមឈ្មួញបានប្រើប្រាស់គ្រប់បែបយ៉ាងដឹកតាមម៉ូតូចូលមកដីកម្ពុជា តែត្រូវបានស្ថាប័នជំនាញសហការជាមួយនឹងសមត្ថកិច្ចបង្ក្រាបបានហូរហែរ ជាក់ស្តែងគ្រាន់តែនៅថ្ងៃទី១៤ឧសភារហូតមកដល់ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ជ្រូកចំនួន៣៤ក្បាល ត្រូវបានបង្ក្រាបទាន់ពេលវេលា ។
លោក នង ម៉េងហ៊ាង ប្រធានការិយាល័យបសុព្យាបាលខេត្តប្រាប់បន្តថា រហូតមកដល់វេលាម៉ោង៤និង៣០នាទីយប់ទាបភ្លឺឈានចូលព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំនុចភូមិអណ្តូងស្វាយ ឃុំវិហារធំ ស្រុកកំពង់សៀម មានរថយន្តតួរីស១គ្រឿងមិនមានពាក់ស្លាកលេខដឹកជ្រូកចំនួន១៧ក្បាល ចេញមកពីវៀតណាមកាត់ខេត្តត្បូងឃ្មុំ ត្រូវបានបង្ក្រាបដែលម្ចាស់ជ្រូកនៅខេត្តត្បូងឃ្មុំ ។
វត្ថុតាងជ្រូកនិងរថយន្តត្រូវបានដកហូតហើយនៅថ្ងៃទី១៦ឧសភា មន្ត្ររបស់លោកនឹងបូមយកឈាមជ្រូកដើម្បីទៅពិនិត្យនៅវិទ្យាស្ថានស្រាវជ្រាវបសុព្យាបាលនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ។ មន្ត្រីកំពុងតែបំពេញបែបបទផ្ញើទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីសុំគោលការណ៏ផាកពិន័យរថយន្តដឹកជ្រូកនេះចំនួន១០ទៅ១៥លានរៀលតាមផ្លូវច្បាប់ផងដែរ ។ សម្រាប់ករណីបង្ក្រាបមុនៗតាមរយៈការធ្វើតេស្តឈាមមិនឃើញមានមេរោគជ្រូកប៉េសអាហ្វ្រិកនោះទេ ។
លោក រី ដាវិន ប្រធានការិយាល័យបសុព្យបាលខេត្តត្បូងឃ្មុំវិញ ប្រាប់ឲ្យដឹងដែរថា នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីរបស់លោកបង្ក្រាបបានជ្រូកចំនួន៦ក្បាល នៅត្រងថ្នល់ទទឹង ឃុំជប់ ស្រុកត្បូងឃ្មុំ និងបន្តចាប់ជ្រូកចំនួន១១ក្បាលទៀត នៅក្នុងទីសត្តឃាតស្រុកអូររាំងឪ ។
ហើយរថយន្តសាំងយ៉ុងដឹកជ្រូកចំនួន១៧ក្បាល បានដឹកចេញមកពីវៀតណាមដោយលួចលាក់ ហើយបានបើកកាត់តាមស្ពានមាត់ឃ្មង់ រួចឆ្លងស្ពានគីហ្ស៊ុណា ចូលក្រុងកំពងចាម កម្លាំងរបស់លោកឃើញក៏បានបើកតាមពីក្រោយនិងបានឲ្យពេទ្យសត្វខេត្តកំពង់ចាម ជួយបង្ក្រាបបានទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ