ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ក​សិ​-​ទេសចរណ៍​នឹង​ក្លាយជា​ទិស​ដៅ​​ទេសចរណ៍​ថ្មី​ដ៏​ទាក់ទាញ​នៅ​កម្ពុជា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រៅពី​តំបន់​ទេស ចរណ៍​វប្បធម៌​និង​អេកូ​ទេសចរណ៍ធម្មជាតិ ប្រទេស​កម្ពុជា​គឺ​នៅ​មាន​តំបន់​ក​សិ​-​ទេសចរណ៍ ដែល​កំពុង​ត្រូវ​បាន​យកចិត្តទុកដាក់​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​និង​អន្តរជាតិ ថែម​ទៀត​។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​មន្ត្រី​ជំនាញ​នៃ​ក្រសួងទេស​ចរណ៍។ លោក ជុក…

រាជធានី​ភ្នំពេញ ៖ ក្រៅពី​តំបន់​ទេស ចរណ៍​វប្បធម៌​និង​អេកូ​ទេសចរណ៍ធម្មជាតិ ប្រទេស​កម្ពុជា​គឺ​នៅ​មាន​តំបន់​ក​សិ​-​ទេសចរណ៍ ដែល​កំពុង​ត្រូវ​បាន​យកចិត្តទុកដាក់​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​និង​អន្តរជាតិ ថែម​ទៀត​។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​មន្ត្រី​ជំនាញ​នៃ​ក្រសួងទេស​ចរណ៍។

លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​នៃ​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹង​ថា​តំបន់​ក​សិ​-​ទេស​ចរណ៍ កំពុង​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​ហើយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​យ៉ាង​ច្រើន​គួរ​អោយ​កត់ សម្គាល់​ដូច​ជា ចម្ការ​ម្រេច ស្រែអំបិល និង​ចម្ការ​ទុរេន​នៅ​ខេត្តកំពត​, ចម្ការ​កាហ្វេ​នៅ​តំបន់​ភូមិភាគ​ឥ​សាន្ត​។ ក្រៅពី​នោះ គឺ​នៅ​មាន​តំបន់​ចម្ការ​ទំពាំងបាយជូរ នៅ​ស្រុក​បាណ​ន ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង ជាដើម​។

លោក ជុក ជំនោរ បាន​ថ្លែង​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ​តំបន់​ក​សិ​-​ទេសចរណ៍​ខាងលើ​នេះ​កំពុង​បង្ហាញ​សក្ដានុពល​យ៉ាង​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អោយទៅ​កាន់​តំបន់​នោះ ករណី​ដូច​ជា ភ្ញៀវ​ទេស​ចរណ៍​ដែល​ទៅ​កាន់​ខេត្តបាត់ដំបង ភាគច្រើន​តែងតែ​ទៅ​មើល​និង​កំសាន្ត​លេង​នៅ​ចម្ការ​ទំពាំងបាយជូរ​នៅ​ស្រុក​បាណ​ន និង​ស្រុក​រតនៈ​មណ្ឌល ខណៈ​ដែល​ភ្ញៀវ​ទៅ​លេង​ខេត្តកំពត ក៏​តែងតែ​ទៅ​ទស្សនា​ចម្ការ​ម្រេច និង​ស្រែអំបិល ដូច​គ្នា ។

ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​នៃ​ក្រសួង ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា​ដោយសារ​តំបន់​ក​សិ​ទេសចរណ៍​កំពុង​តែ​មាន​សក្ដានុពល​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ដូច្នេះ​ហើយ​ទើប​ក្រសួងទេសចរណ៍​បាន​នឹង​កំពុង​ជំរុញ​អោយ​ម្ចាស់​កសិដ្ឋាន​ទាំង​អស់នោះ​រៀបចំ​អោយ​មាន​ជា​ហេ​ដ្ឋា​រចនា​សម្ព័​ន​បន្ថែម​ទៀត ដើម្បី​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​។ លោក​បន្ត​ថា ប្រសិនបើ​ម្ចាស់​កសិដ្ឋាន​ទាំងនោះ​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព័​ន​បាន​ត្រឹមត្រូវ​នោះ ភ្ញៀវ​ទេសចរណ៍​នឹង​ទៅ​កាន់​កសិដ្ឋាន​របស់​ពួក​គេ​កាន់តែ​ច្រើន ហើយ​ពួក​គេ​នឹង​ប្រមូល​បាន​ផល​ប្រយោជន៍​ប​ន្ដែ​ម​ទៀត​ក្រៅពី​កសិផល​របស់​ពួក​គេ​។

លោក​ប្រធាន​នាយកដ្ឋាន បាន​បន្ថែម​ថា «​កន្លង​មកនេះ​ភ្ញៀវ​ទេសចរ​សំខាន់​ៗ​ទាំង​ទេស​អន្តរជាតិ បាន​ទៅ​កាន់​តំបន់​ក​សិ​ទេសចរណ៍​កាន់តែ​ច្រើន​ឡើង​ៗ ដោយ​បង្ហាញ​ថា​ពួក​គេ​ពេញចិត្ត ឬ​ចូល​ចិត្តការ​កំសាន្ត​នៅ​តាម​តំបន់​ក​សិ​ទេសចរណ៍​នៅ​កម្ពុជា​។ ដូច្នេះ​យើង​អាច​នឹង​ទស្សន៍​ទាយ​ថា អនាគត​ខាង​មុខ​តំបន់​ក​សិ​ទេស​ចរណ៍​នឹង​ក្លាយជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​មិន​ចាញ់​តំបន់​អេកូរ​ទេស​ចរណ៍ធម្មជាតិ​នោះ​ឡើយ​» ។

លោក ជុក ជំនោរ បាន​អះអាង​ថា​នៅ​ពេល​ខាង​មុខក្រសួង​នឹង​ជំរុញ​នោ​តាម​បណ្ដា​ខេត្ត​ទាំងអស់​រៀបចំ​អោយ​មាន​តំបន់​ក​សិ​ទេសចរណ៍ ព្រោះថា​ស្ទើរតែ​គ្រប់​ខេត្ត​នៅ​កម្ពុជា​យើង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​តំបន់​ក​សិ​ទេសចរណ៍​នឹង​រៀបចំ​អោយ​ក្លាយទៅជា​ផលិតផល​ទេសចរណ៍​ថ្មី ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ បង្កើត​មុខរបរ បង្កើន​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​។

មន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍​ក៏​បាន​ថ្លែង​អោយ​ដឹង​ដែរ​ថា​នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​ក្រោយ​ក្រសួង​នឹង​ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​គំរោង និង​សក្ដានុពល​ក​សិ​ទេសចរណ៍​អោយ​បាន​ទូលំទូលាយ​រួម​ទាំង​ការ​ជួយ​សហការ​ជាមួយ​ម្ចាស់​កសិដ្ឋាន​ដើម្បី​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព័​ន​នៅ​តាម​កសិដ្ឋាន​នីមួយ​ៗ​អោយ​មាន​លក្ខណៈ​​ស្តង់ដា​ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍ និង​បង្កើន​បរិមាណ​ភ្ញៀវ​ទេសចរណ៍​អោយ​កាន់តែ​ច្រើន​ជា​បន្តរ​បន្ទាប់​ទៀត​។

ថ្មី​ៗ​នេះ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏​បាន​ទៅ​មើល​ការ​គ្រប់គ្រង​របស់​រមណីយដ្ឋាន​ក​សិ​-​ទេសចរណ៍ ចំការ​ម្រេច La Plantation នៅ​ខេត្តកំពត និង​បាន​ទទួលស្គាល់​ថា​មិន​ទាន់​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​នៃ​ស្តង់ដារ​រមណីយដ្ឋាន​ក​សិ​ទេ​ចរណ៍​នោះ​ទេ តែ​វា​អាច​យក​ជា​មូលដ្ឋាន​រៀនសូត្រ​បាន ។

លោក​រដ្ឋមន្ត្រី​បញ្ចា​ក់ថា​តាម​ការ​រាយ ការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ឃើញ​ថា​៖១) – លើ​ផ្នែក​បច្ចេក​ទេស​កសិកម្ម ពួក​គាត់​បាន​យកចិត្តទុកដាក់​ដោយ​ហ្មត់ចត់ នៅ​លើ​បច្ចេកទេស​ដាំ​ដុះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ស្តង់ដារ GI -Geographical Identification ពោល​គី​ចាប់តាំងពី​គុណភាព​ទឹក ស្រោចស្រព ការ​ប្រមូល​ផល ការ​វេច​ខ្ចប់​។​ល​។ ២) – លើ​ផ្នែក​គ្រប់គ្រង ទេសចរណ៍​ពួក​គាត់ ធ្វើការ​គ្រប់​គ្រង​បាន​ល្អ មាន​អ្នកគ្រប់គ្រង ខាង​ផ្នែក​លក់ មាន​បដិសណ្ឋារកិច្ច​ល្អ មាន​ម​គ្គុ​ទេ​ស្ទក៍ ដែល​ចេះ​ជំនាញ​កសិកម្ម យល់​ដឹង​ពី​ដំណាំ​ម្រេច និង​មាន​ជំនាញ​វិជ្ជាជីវៈ​ម​គ្គុ​ទេ​ស្ទ​ក៏​ច្បាស់លាស់​។

្ញៀវ​ចូល ទស្សនា​ចំការ​ត្រូវ​បាន​រៀបចំ​ជា​ក្រុម​។​មាន​អ្នកគ្រប់គ្រង​ភ្ញៀវ​ចេញ​-​ចូល កត់ត្រា បាន​ត្រឹមត្រូវ មិន​ចាំបាច់​លក់​សំបុត្រ​ចូល ដែល​នាំ​រំខាន​ដល់​ភ្ញៀវ​។​ការ​ដាក់​តាំង​លក់​ផលិតផល និង​សេវា​ភេសជ្ជៈ​បាន​ល្អ ប្រកបដោយ​វិជ្ជា​ជី​វះ​។ ៣) -​ការ​ផ្សព្វផ្សាយ​បាន​ល្អ តាម​រយះ website ផ្ទាល់​។ ៤) – ភ្ញៀវ​ភាគច្រើន​ជា​ភ្ញៀវ​អឺរ៉ុប ៦០% ជា​បារាំង​។ នៅ​ខេត្តកំពត មាន​រមណីយដ្ឋាន ក​សិ​-​ទេសចរណ៍​ចំការ​ម្រេច មួយទៀត ក្នុង​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ដែល​មានការ​គ្រប់គ្រង​ល្អ​ស្រ​ដៀង​គ្នា​។

៥) – ចំណុច ដែល​នៅ​សេសសល់ របស់​យើង គី​ផ្លូវ​ទៅ​កាន់​ទីនោះ​មិន​ទាន់​បាន​អភិវឌ្ឍ​ន៏​ល្អ​។ ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​នឹង​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​ជូន​នៅ​ឆ្នាំ​២០២០​។​រីឯ​ផ្លា​ក​សញ្ញា​ចង្អុលបង្ហាញ​តាម​ដងផ្លូវ​ក៏​នៅ​ខ្វះខាត​។ នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល ទេសចរណ៍ គួរ​រៀ​ចំ Farm Trip នៃ​មន្ទីរ​ទេសចរណ៍ ទាំង​២៥ និង​ផ្នែក​ពាក់ព័ន្ធ ទាំង​ផែ្ន​ក​សាធារណៈ និង​ផ្នែក ឯកជន​ទៅ​ស្វែង​យល់ និង​សិក្សា​រៀនសូត្រ​នៅ​ទីនោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ