វៀតណាម៖ ភ្នាក់ងារសារព័ត៌មាន Viet Nam News បានឲ្យដឹងកាលពីថ្ងៃសៅរ៍ កន្លងមកថា លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung របស់វៀតណាមបានអះអាងថាវៀតណាមសន្យាបង្កើតស្ថានការល្អសម្រាប់ក្រុមហ៊ុនអាមេរិកដើម្បីធ្វើការវិនិយោគ និងប្រកបអាជីវកម្មដោយមានប្រសិទ្ធិភាពនិងជោគជ័យក្នុងប្រទេសវៀតណាម។
លោក Dung បាននិយាយក្នុងកិច្ចប្រជុំអាជីវកម្មវៀតណាមដែលត្រូវបានរៀបចំដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) សភាពាណិជ្ជកម្មអាមេរិក (Amcham) និងសភាពាណិជ្ជកម្មអាមេរិក (USCC) កាលពីថ្ងៃសុក្រកន្លងមកនេះ។
លោក Dung បានបន្តថា ការវិនិយោគអាមេរិកក្នុងប្រទេសវៀតណាមដើរតួកាន់តែសំខាន់ក្នុងការអភិវឌ្ឍន៍វៀតណាមដោយជួយឲ្យប្រទេសចូលរួមក្នុងខ្សែសង្វាក់ផលិតកម្ម បង្កើនប្រាក់ចំណូល និងបង្កើតភាពរុងរឿងដល់ប្រទេសផងដែរ ។ វៀតណាមចង់ទទួលបានការវិនិយោគពីសហរដ្ឋអាមេរិកក្នុងវិស័យផ្សេងៗដូចជាថាមពលបៃតង ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុនិងធនាគារកិច្ច ការអប់រំ ទេសចរណ៍ បច្ចេកវិទ្យា និងកសិកម្មប្រើបច្ចេកវិទ្យាខ្ពស់ជាដើម។
លោកឧបនាយករដ្ឋមន្ត្រីខាងលើបានបន្ថែមថា ដោយមានប្រជាជនក្មេងៗច្រើន ស្ថេរភាពនយោបាយនិងសង្គម រួមជាមួយនឹងកំណើននៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ និងធ្វើសមហរណកម្មអន្តរជាតិ វៀតណាមបានក្លាយជាទីតាំងវិនិយោគដ៏ទាក់ទាញសម្រាប់ការវិនិយោគបរទេស។
លោក Dung បានបន្ថែមថា «ប្រទេសវៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូនាំមុខ និងចង់បន្តកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាមេរិកដែលមានការធ្វើពាណិជ្ជកម្ម និងវិនិយោគជាកត្តាសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ»។
ជាមួយគ្នានេះផងដែរ លោក Daniel J. Kritenbrink ដែលជាអគ្គរដ្ឋទូតអាមេរិកទៅកាន់វៀតណាមបាននិយាយថា «បច្ចុប្បន្ននេះជាពេលវេលាដ៏ល្អក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងបន្តការសន្ទនាទាក់ទិននឹងទំនាក់ទំនងសេដ្ឋកិច្ចស៊ីជម្រៅរវាងសហរដ្ឋអាមេរិកនិងវៀតណាមផងដែរ»៕
ចែករំលែកព័តមាននេះ