ទីក្រុងប្រ៊ុចសែល៖ យន្តហោះចម្បាំងរបស់អង្គការណាតូបានបាញ់ទម្លាក់ដ្រូនមួយគ្រឿងដែលហោះចូលដែនអាកាសប្រទេសលីទុយអានីកាលពីយប់មិញ។ ហេតុការណ៍នេះកើតឡើងបន្ទាប់ប្រមុខអង្គការនេះទើបតែនិយាយកាលពីមួយថ្ងៃមុននេះថាការវាយប្រហារក្បែរៗទឹកដីនៃរដ្ឋជាសមាជិកខ្លួននឹងធ្វើឱ្យខ្លួនបង្កើនការគាំទ្រកាន់តែខ្លាំងចំពោះអ៊ុយក្រែន។ មន្ត្រីយោធានៅលីទុយអានីថ្លែងថាហេតុការណ៍ខាងលើនេះជាករណីដំបូងដែលដ្រូនត្រូវបានបាញ់ទម្លាក់នៅលើដែនអាកាសរបស់ខ្លួន។

អាជ្ញាធរមិនបានធ្វើអត្ថាធិប្បាយថាតើដ្រូននេះហោះចេញពីទីកន្លែងណា ឬហោះចូលដែនអាកាសលីទុយអានីដើម្បីអ្វីទេ។ ពួកគេថ្លែងថាចាំបាច់ត្រូវមានការស៊ើបអង្កេត។ មន្ត្រីជាន់ខ្ពស់២រូបសន្និដ្ឋានថាដ្រូននោះទំនងជាផ្ទុកសារធាតុផ្ទុះ។ មន្ត្រីរដ្ឋាភិបាលនៃរដ្ឋជាសមាជិកអង្គការណាតូដទៃទៀតរួមទាំងអាល្លឺម៉ង់ ដាណឺម៉ាក ចក្រភពអង់គ្លេស និងប៉ូឡូញកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះបានចោទប្រកាន់ថារុស្ស៊ីជាប់ពាក់ព័ន្ធនឹងសកម្មភាពមួយចំនួនដូចជាការបង្ហោះដ្រូនរំលោភដែនអាកាសប្រទេសដទៃ ការបង្កវិច្ឆេទកម្ម ដុតបំផ្លាញ និងឈ្លបយកការណ៍ពីទីតាំងយោធា។

ពួកគេអះអាងថាទៀតថារុស្ស៊ីក៏មានផែនការប្រើប្រាស់ដ្រូនផ្ទុកសារធាតុផ្ទុះដើម្បីវាយប្រហារព្រលានយន្តហោះផងដែរ។ នៅក្នុងព្រឹត្តិការណ៍មួយទៀត ប្រទេសដាណឺម៉ាកអះអាងថាឧទ្ធម្ភាគចក្រយោធារបស់ខ្លួនមួយគ្រឿងកំពុងបើកបរសង្កេតការណ៍សុខៗស្រាប់តែទទួលរងការបាញ់ភ្លើងហ្វាដាក់ពីសំណាក់នាវាចម្បាំងរុស្ស៊ីនៅពេលហោះពីលើសមុទ្របាល់ទិច។ ការផ្ទុះអាវុធនៅកៀកនឹងទឹកដីនៃរដ្ឋជាសមាជិកអង្គការណាតូជាការបង្ហាញថាលោកពូទីនចង់អូសទាញអង្គការនេះឱ្យចូលទៅក្នុងសង្គ្រាម និងចង់សាបព្រោះសេចក្ដីភ័យខ្លាច។ ខាងលើនេះជាការលើកឡើងរបស់អគ្គលេខាធិការអង្គការណាតូ លោកម៉ាករូតថឺ (Mark Rutte)។ លោកថ្លែងដូច្នេះបន្ទាប់ពីដ្រូនរបស់រុស្ស៊ីមួយគ្រឿងវាយប្រហារផ្លូវដែកក្បែរព្រំដែនប៉ូឡូញ និងអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ។

ការវាយប្រហារនេះកើតឡើងបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលប្រទេសមួយចំនួនដែលបញ្ចប់ទស្សនកិច្ចនៅអ៊ុយក្រែនជិះរថភ្លើងឆ្លងកាត់ទីនោះ។ លោកម៉ាករូតថឺសន្យាថានឹងពង្រឹងវិស័យការពារជាតិរបស់ណាតូនៅតំបន់ខាងកើតជាប់នឹងប្រទេសរុស្ស៊ី និងបេឡារូសដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីឡីយឹន (Leyen) ថ្លែងថាហេតុការណ៍ដែលកើតឡើងនៅលីទុយអានី និងដាណឺម៉ាកមិនមែនជាករណីដាច់ដោយឡែកពីគ្នានោះទេ។ វាជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រុស្ស៊ីក្នុងការប្រព្រឹត្តទង្វើឈ្លានពាន និងជាទង្វើបង្កហេតុប្រឆាំងនឹងអឺរ៉ុប។ ពោលគឺវាជាការធ្វើតេស្តចង់ដឹងថាតើអឺរ៉ុបបានត្រៀមខ្លួន និងតាំងចិត្តកម្រិតណា៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ