ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FBI ថ្លែង​ថា​ខ្លួន​ទប់​ស្កាត់​​ផែន​ការ​ធ្វើ​.ឃា.ត​ពី​សំណាក់​ភ្នាក់​ងារ​សម្ងាត់​រុស្ស៊ី​នៅ​លើ​ទឹក​ដី​អាមេរិក

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អែហ្វ​ប៊ី​អាយ​​ថ្លែង​ថា​ភ្នាក់​ងារ​សម្ងាត់​រុស្ស៊ី​មាន​ផែន​ការ​ធ្វើ​ឃាត​​​​ជា​ច្រើន​ករណី​នៅ​លើ​ទឹក​ដី​អាមេរិក​ និង​អឺរ៉ុប​នូវ​អ្នក​ដែល​គាំទ្រ​អ៊ុយ​ក្រែន​។ ប៉ុន្តែ​ផែន​ការ​ទាំង​នោះ​ត្រូវ​បាន​ទប់​ស្កាត់​ទាន់​ពេល​វេលា​។ ជាក់​ស្ដែង​ករណី​ប៉ុន​ប៉ង​ធ្វើ​ឃាត​ជន​ជាតិ​រុស្ស៊ី​ដ៏​ល្បី​ម្នាក់​ដែល​​ជា​អ្នក​ប្រឆាំង​នឹង​រដ្ឋ​អំណាច​រុស្ស៊ី​​​ និង​កំពុង​រស់​នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន​ក៏​ត្រូវ​បាន​ទប់​ស្កាត់​ផង​ដែរ​​។ មនុស្ស​៥​នាក់​ដែល​ត្រូវ​បាន​អែហ្វ​ប៊ី​អាយ​សន្មត​ថា​កំពុង​រស់​នៅ​ឯ​បរទេស​ត្រូវ​បាន​ចោទ​ប្រកាន់​ទៅ​តុលាការ​ពី​បទ​រៀប​ចំ​ផែន​ការ​ធ្វើ​ឃាត​​​។ នេះ​បើ​យោង​តាម​សេចក្ដី​ចោទ​ប្រកាន់​ដែល​ដាក់​តម្កល់​នៅ​តុលាការ​សហ​ព័ន្ធ​ប្រចាំ​​សង្កាត់​ម៉ាន់​ហា​ថាន់។

ការ​ចោទ​ប្រកាន់​​នោះ​​​មាន​សេចក្ដី​ជា​អាទិ៍​ថា​ «បណ្ដាញ​ចារកម្ម​របស់​រុស្ស៊ី​បាន​ជួល​លុយ​ ឬ​ព្យាយាម​ជួល​មនុស្ស​នៅ​អាមេរិក​ និង​នៅ​ប្រទេស​ដទៃ​ទៀត​ចាប់​តាំង​ពីឆ្នាំ​២០២៤​ដើម្បី​តាម​ដាន និង​ធ្វើ​ឃាត​ជន​ជាតិ​រុស្ស៊ី​ដែល​ជា​ក្រុម​ប្រឆាំង​​។​ ជន​ដែល​ត្រូវ​រុស្ស៊ី​ទាក់​ទង​នោះ​ក៏​មាន​ភារកិច្ច​ប្រព្រឹត្ត​អំពើ​ភេរវ​កម្ម​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល និង​យោធា​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អ៊ុយ​ក្រែន​​ផង​ដែរ​។ ប្រធាន​អែហ្វ​ប៊ី​អាយ​ប្រចាំ​ទី​ក្រុង​ញូយ៉ក​ថ្លែង​ថា​ស្ថាប័ន​របស់​ខ្លួន​បាន​ទប់​ស្កាត់​ផែន​ការ​ទុច្ច​រិត​ទាំង​នោះ​ក្រោម​កិច្ច​សហ​ការគ្នា​យ៉ាង​ដុត​ដៃ​ដុត​ជើង​ ខណៈ​ដែល​ក្រុម​ចារកម្ម​រុស្ស៊ី​ និង​បក្ស​ពួក​របស់​ពួក​គេ​រួម​គំនិត​ប្រព្រឹត្ត​អំពើ​បំភិត​បំភ័យ​ គំរាម​កំហែង​ ឬ​ធ្វើ​ឃាត​មនុស្ស​នៅ​លើ​ទឹក​ដី​អាមេរិក​ និង​ទី​កន្លែង​ដទៃ​ទៀត​។

ប្រធាន​អែហ្វ​ប៊ី​អាយ​ប្រចាំ​ទី​ក្រុង​វ៉ាស៊ីនតោន​ថ្លែង​ថា​អែហ្វ​ប៊ីអាយ​នៅ​តាម​រដ្ឋ​ផ្សេង​ៗ​គ្នា​បាន​សហ​ការ​គ្នា​យ៉ាង​ល្អ​ដើម្បី​ទប់​ស្កាត់​ផែន​ការ​អាក្រក់​ទាំង​នោះ​ទាន់​ពេល​វេលា​។ យោង​តាម​​​របាយ​ការណ៍​សម្ងាត់​នោះ បណ្ដាញ​នៃ​​ក្រុម​ឧក្រិដ្ឋ​ជន​ដែល​ធ្វើ​ការ​ឱ្យ​ភ្នាក់​ងារ​ចារកម្ម​រុស្ស៊ី​ចាប់​តាំង​ពី​ឆ្នាំ​២០២៤​បាន​រួម​គំនិត​ប្រព្រឹត្ត​អំពើ​វាយ​ប្រហារ និង​ធ្វើ​ឃាត​មនុស្ស​នៅ​ទូទាំង​សាកល​លោក​រួម​ទាំង​នៅ​ប្រទេស​អាមេរិក​ផង​ដែរ​។ កាល​ពី​មុន​នេះ រុស្ស៊ី​ច្រើន​ផ្ដោត​សំខាន់​លើ​ការ​ចាត់​ការ​ក្រុម​​ប្រឆាំង​ ឬ​​ក្រុម​ផ្ដាច់​ខ្លួន​ទៅ​ចុះ​ចូល​ជា​មួយ​ប្រទេស​ដទៃ​។ ប៉ុន្តែ​ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០២២ ​រុស្ស៊ី​ច្រើន​ចាត់​ការ​ក្រុម​ប្រទេស​ដែល​មាន​សម្ព័ន្ធ​ភាព​ជា​មួយ​អ៊ុយ​ក្រែន​។

ថ្មី​ៗ​នេះ សមាជិក​នៃ​បណ្ដាញ​ឧក្រិដ្ឋ​ជន​ទាំង​នេះ​ព្យាយាម​ទាក់​ទង​មនុស្ស​នៅ​អាមេរិក​។ ​រដ្ឋ​អាជ្ញា​អា​មេ​រិក​ថ្លែង​ថា​អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ទៅ​តុលាការ​លើក​នេះ​បាន​រួម​គំនិត​បង្ក​វិច្ឆេទ​កម្ម​នៅ​ទូទាំង​សាកល​លោក​។ នៅ​ក្នុង​ចំណោម​ជន​ត្រូវ​ចោទ​ទាំង​នោះ បី​នាក់​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​ចារកម្ម​រុស្ស៊ី​។ ទី​១-ឈ្មោះ​យូរី ក្រា​មីវ (Yuri Khrameev) ជា​អតីត​វរសេនីយ៍​ឯក​នៅ​ក្នុង​ចារកម្ម​រុស្ស៊ី​, ទី​២-កូន​ប្រុស​​​គាត់​ឈ្មោះ​គីរីល ក្រា​មីវ (Kirill Khrameev) ជា​មន្ត្រី​នៃ​សេវា​សន្តិ​សុខ​សហ​ព័ន្ធ​រុស្ស៊ី​ និង​ទី​៣​-អូអេ​មីស រ៉ូម៉ា​ហ្គោ​ហ្សា ឌូរូត​ធី (Oemis Romagoza Durruthy) ​ជា​ជន​ជាតិ​គុយ​បា​ និង​ជា​សមាជិក​ដ៏​មាន​ឥទ្ធិ​ពល​មួយ​រូប​​នៃ​​ចលនា​គុយ​បា​នៅប្រទេស​រុស្ស៊ី​៕ ប្រភព៖ AP​