ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ជំរុញ​សហគ្រាស ក្រុមហ៊ុន រោងចក្រ ពង្រឹង​ការ​យល់​ដឹង​អំពី​ឥរិយាបថ និង​ទំនាក់ទំនង​ការងារ ដើម្បី​លើកកម្ពស់​ផលិតភាព និង​ស្ថិរភាព​ការងារ

45 វិនាទី មុន

ខេត្តកំពង់ឆ្នាំង​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អញ្ជើញ​ជា​សហ​អធិបតី​រួម​ជាមួយ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ក្នុង​កិច្ចប្រជុំ​ស្ដី​ពី “​ការ​លើកកម្ពស់​ឥរិយាបថ និង​ទំនាក់ទំនង​ការងារ នៅ​កន្លែងធ្វើការ​” នា​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​សាខា​បេឡា​ជាតិ​សន្តិសុខ​សង្គម​ខេត្តកំពង់ឆ្នាំង ស្នាក់​ការ​ស្រុក​កំពង់ត្រឡាច ដោយ​មានការ​ចូលរួម​ពី​តំណាង​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ជាង ២០០​នាក់ មក​ពី​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពង្រឹង​ការ​យល់​ដឹង​អំពី​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​វិជ្ជាជីវៈ ការ​គោរព​សេចក្ដី​ថ្លៃថ្នូរ​របស់​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​លើកកម្ពស់​ផលិតភាព​ការងារ និង​ស្ថិរភាព​ការងារ​ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​កសាង​បរិយាកាស​ការងារ​ដែល​មានការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ការ​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​វិជ្ជាជីវៈ ដោយ​ចៀសវាង​ការ​ប្រើ​ពាក្យ​សម្ដី ឥរិយាបថ ឬ​សកម្មភាព​មិន​សមរម្យ ដែល​អាច​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ ទំនាក់ទំនង​ការងារ និង​បរិយាកាស​នៅ​កន្លែងធ្វើការ​។ ទាំង​និយោជក អ្នកគ្រប់គ្រង បងប្អូន​កម្មករនិយោជិត ត្រូវ​ចូលរួម​លើកកម្ពស់​ការ​អនុវត្ត​ច្បាប់ បទបញ្ជាផ្ទៃក្នុង​ដោយ​ស្មើភាព និង​សម​ស្រប​។ ចំពោះ​ជនបរទេស​ដែល​ធ្វើការ​នៅ​កម្ពុជា ត្រូវ​បំពេញ​លក្ខខណ្ឌ​ការងារ​ស្រប​តាម​ច្បាប់ ព្រមទាំង​ឈ្វេងយល់ គោរព​វប្បធម៌ ទំនៀមទម្លាប់ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​សហគ្រាស ក្រុមហ៊ុន រោងចក្រ ពង្រឹង​គោលការណ៍ យន្តការ​ផ្ទៃក្នុង សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ការ​គោរព បណ្ដុះបណ្ដាល​អ្នកគ្រប់គ្រង និង​បុគ្គលិក​ពាក់ព័ន្ធ ព្រមទាំង​រៀបចំ​យន្តការ​ទទួល ដោះស្រាយ​បណ្ដឹង ដើម្បី​បង្ការ​និង​ដោះស្រាយ​បញ្ហា​បាន​ទាន់​ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​។​  បន្ថែម​ពី​នេះ អ្នកគ្រប់គ្រង អ្នកបកប្រែ ជា​ពិសេស​ជនបរទេស ត្រូវ​បាន​លើកទឹកចិត្ត​ ឱ្យ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​របស់​វិទ្យាស្ថាន​ជាតិ​ការងារ ដើម្បី​សិក្សា​ឈ្វេងយល់​អំពី​ច្បាប់​ស្ដី​ពី​ការងារ ដែល​ក្រសួង​បាន​បក​ប្រែជា ៤​ភាសា រួម​មាន ភាសា​អង់គ្លេស ចិន កូរ៉េ និង​ជប៉ុន ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​សិទ្ធិ កាតព្វកិច្ច លើកកម្ពស់​វប្បធម៌​អនុលោម​ភាព រួមចំណែក​ធានា​សុខដុមរមនា នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ សំដៅ​សម្រេច​បាន សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ ​។

ជា​ពិសេស ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​អ្នកគ្រប់គ្រង និង​បុគ្គលិក​ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល​និង​ធនធានមនុស្ស ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​វិទ្យាស្ថាន​ជាតិ​ការងារ ដើម្បី​ពង្រឹង​ចំណេះដឹង ជំនាញ ការ​យល់​ដឹង​អំពី​ច្បាប់ បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ ដែល​ជា​លក្ខខណ្ឌ​តម្រូវ សម្រាប់​ការ​បំពេញ​មុខងារ​ជា​បុគ្គលិក​ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល​និង​ធនធានមនុស្ស​ ។

ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ​ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់ នាយក​សហគ្រាស អ្នកគ្រប់គ្រង ឱ្យ​យកចិត្តទុកដាក់​ពិនិត្យ ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​ជា​ប្រចាំ ជា​ពិសេស​ការ​គ្រប់គ្រង​ធនធានមនុស្ស ការ​ប្រាស្រ័យ​ទាក់ទង​នៅ​គ្រប់​កម្រិត និង​ការ​ដោះស្រាយ​បញ្ហា​តាំងពី​ដំណាក់កាល​ដំបូង​។ ក្រសួង​នឹង​បន្ត​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សមាគម​និយោជក សហជីព ភាគី​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ លើកកម្ពស់​សុខដុម​នី​យ​កម្ម​ នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​  រួម​គ្នា​កសាង​បរិយាកាស​ការងារ​ប្រកបដោយ​សុវត្ថិភាព វិន័យ ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក កិច្ច​សហប្រតិបត្តិការ​ល្អ សំដៅ​លើកកម្ពស់​ផលិតភាព រក្សា​ស្ថិរភាព​ការងារ រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ៕ អត្ថបទសហការ