អតីតទណ្ឌិតម្នាក់ឆ្លងអូរព្រំដែន ចូលទៅរើសខ្យងនៅទឹកដីថៃដើរទាក់ខ្សែគ្រា.ប់បែកបង្កៃផ្ទុះរ.បួ.សជើងម្ខាង
- បាត់ដំបង
ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលមានប្រវត្តិទើបចេញពីពន្ធនាគារ បានឆ្លងអូរព្រំដែនចូលទឹកដី ដើម្បីដើររើសខ្យង តែចៃដន្យបានដើរទាក់ខ្សែបង្កៃគ្រាប់បែក ដែលពួកទាហានថៃដាក់ពង្រាយតាមមាត់អូរព្រំដែន បណ្ដាលឲ្យផ្ទុះត្រូវរងរបួស កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៥ កញ្ញា នៅលើទឹកដីថៃ ក្បែរមាត់អូរព្រំដែនកម្ពុជា-ថៃ ឈមនឹងភូមិគីឡូ១៣១៣ ឃុំសន្តិភាព ស្រុកសំលូន ។

តាមរយៈរបាយការណ៍អធិការស្រុកសំពៅលូន លោក ទឹម វិឆ័យ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទិត ខា ភេទប្រុស អាយុ៤២ឆ្នាំ (អតីតទណ្ឌិត) នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ។ ជនរងគ្រោះរងរបួសត្រង់ជើងខាងឆ្វេង ដោយសារដើរទាក់ខ្សែបង្កៃគ្រាប់បែក ដែលពួកយោធាថៃ បានដាក់ពង្រាយតាមមាត់អូរព្រំដែន ។

លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះបានជួបគ្រោះថ្នាក់ដោយសារឆ្លងអូរព្រំដែន ចូលទៅទឹកដីថៃ ដើម្បីដើររើសខ្យងតាមមាត់អូរយកទៅលក់ ។ តាមចម្លើយបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ទិត ខា បានប្រាប់សមត្ថកិច្ច ដោយទទួលស្គាល់កំហុសដែលគាត់បានឆ្លងអូរព្រំដែនដោយខុសច្បាប់ចូលទឹកដីប្រទេសថៃ ព្រោះតែក្រពះ ។ ប៉ុន្តែគាត់បញ្ជាក់ថា គាត់គ្រាន់តែចូលទៅដើររើសខ្យងក្នុងព្រៃនៅតាមមាត់អូរព្រំដែន (ខាងថៃ) ដើម្បីយកទៅធ្វើម្ហូប ។

អតីតទណ្ឌិតរូបនេះបានបញ្ជាក់ថា ពេលកំពុងដើររើសខ្យង ខ្លួនក៏ដើរទាក់ខ្សែលួស ដែលពួកទាហានថៃដាក់បង្កៃគ្រាប់បែកចំនួន០២គ្រាប់ ធ្វើឲ្យផ្ទុះបណ្ដាលឲ្យគាត់ត្រូវរបួសចំនួន០២កន្លែងត្រង់ជើងខាងឆ្វេង ។ ហើយពេលនោះ គាត់ក៏ប្រញាប់រត់ឆ្លងអូរព្រំដែន ចូលមកទឹកដីខ្មែរវិញភ្លាមៗដែរ ។

អធិការស្រុកសំពៅលូន លោក ទឹម វិឆ័យ បាននិយាយថា ជនរងគ្រោះពិតជាបានឆ្លងអូរព្រំដែនចូលទៅទឹកដីថៃមែន តែគាត់គ្រាន់តែឆ្លងទៅដើររើសខ្យងយកមកហូបប៉ុណ្ណោះ ។ លោកបានបញ្ជាក់ថា គ្រាប់បែកដែលជនរងគ្រោះដើរទាក់ផ្ទុះនោះ បើតាមលោកដឹងជាប្រភេទគ្រាប់បែកធុនស្រាលដែលពួកទាហានថៃ ដាក់ពង្រាយតាមមាត់សម្រាប់បំផ្ទុះស្នូរជាសម្លេង តែមិនសូវមានគុណភាពទេ ។ ក្រោយត្រូវរបួស ជនរងគ្រោះក៏រត់ឆ្លងអូរត្រឡប់ចូលដីខ្មែរវិញ ទើបដឹងដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ៕

ចែករំលែកព័តមាននេះ