ឡានស្ទូចដឹកកញ្ចក់វាក់រថយន្តបត់ត្រឡប់ក្រោយ ក៏ជាន់ហ្វ្រាំងប្រថុចញ៉ុច រអិលផ្ទាំងកញ្ចក់រុញផ្ទប់កម្មករម្នាក់យ៉ាងរន្ធ.ត់
- ភ្នំពេញ
រាជធានីភ្នំពេញ៖ រថយន្តស្ទូច១គ្រឿងដឹកកញ្ចក់ច្រើនផ្ទាំងចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពត ស្រាប់តែមានរថយន្ត១គ្រឿងផ្សេងទៀតបើកស្របគ្នា រួចវ៉ាខាងឆ្វេង បន្ទាប់មកបានបត់ឆ្វេងនិងឈប់នៅចំពីមុខដើម្បីត្រឡប់ក្រោយវិញ ជាហេតុធ្វើឲ្យរថយន្តដឹកកញ្ចក់វាក់ ។ ខណៈនោះអ្នកបើកបរបានបង្ខំជាន់ហ្វ្រាំងឈប់យ៉ាងប្រថុចញ៉ុច ទីបំផុតដែលជាហេតុធ្វើឲ្យផ្ទាំងកញ្ចក់ទម្ងន់រាប់តោនរអិលរុញកម្មករម្នាក់ដែលកំពុងដេកលើរថយន្តនោះផ្ទប់ជញ្ជាំងរថយន្ត បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង ។
ឧប្បត្តិហេតុខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចមុខវត្តតិក្ខបញ្ញោ ស្ថិតនៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវជនដែលស្លាប់នោះឈ្មោះទិត្យ វិសាល ហៅតុក អាយុ១៦ឆ្នាំ មុខរបរកម្មករឃ្លាំងសិប្បកម្មកញ្ចក់ ស្នាក់នៅបន្ទប់ជួលនៅម្ដុំផ្សារសែន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកំណើតនៅភូមិចក ឃុំព្រពេល ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។
ចំណែកអ្នកបើបររថយន្តស្ទូចដឹកកញ្ចក់នោះឈ្មោះរិទ្ធ ភារម្យ អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំមហាវិថីចោមចៅ(ផ្លូវវេងស្រេង) ខណ្ឌពោធិ៍សែនជ័យ ត្រូវបាននគរបាលប៉ុស្តិ៍សំរោងក្រោមឃាត់ខ្លួន ប្រគល់ឲ្យនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ។
អ្នកបើកបររថយន្តស្ទូចដឹកកញ្ចក់ខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តស្ទូច១គ្រឿង ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3G-8380 ដឹកកញ្ចក់ច្រើនផ្ទាំងចេញពីឃ្លាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងតាមមហាវិថីឈ្នះឈ្នះ ទៅកាន់ខេត្តកំពត ។ ដោយពេលនោះមានគ្នា៧នាក់រួមមានគាត់ដែលជាអ្នកបើកបររថយន្ត និងកម្មករចំនួន៦នាក់ទៀត ហើយក្នុងចំណោមនោះកម្មករ៥នាក់បានជិះនៅក្នុងកាប៊ីនរថយន្តជាមួយគាត់ ចំណែកយុវជនរងគ្រោះបានដេកនៅក្នុងទ្រុងរថយន្ត ចន្លោះរវាងជញ្ជាំងរថយន្តខាងមុខជាប់គល់ដងសន្ទូច និងផ្ទាំងកញ្ចក់ដែលដឹកលើរថយន្តនោះ ។
អ្នកបើកបររូបនេះបាននិយាយប្រាប់ឲ្យដឹងបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿងផ្សេងទៀតម៉ាកស្តារិច ពណ៍ទឹកប្រាក់ មិនចាំស្លាកលេខ បានបើកស្របគ្នា និងបានវ៉ាខាងឆ្វេង ទៅឈប់ពីមុខរថយន្តគាត់ ដើម្បីបត់ឆ្វេងត្រឡប់ក្រោយវិញ ជាហេតុធ្វើឲ្យគាត់វាក់ ។ ខណៈនោះគាត់ក៏បានបង្ខំជាន់ហ្វ្រាំងឈប់យ៉ាងប្រថុចញ៉ុច ទីបំផុត ព្រោះខ្លាចបុករថយន្តស្តារិចនោះជាហេតុធ្វើឲ្យផ្ទាំងកញ្ចក់ទម្ងន់រាប់តោនរអិលទៅមុខរុញយុវជនរងគ្រោះ ដែលកំពុងដេកនោះផ្ទប់ជញ្ជាំងរថយន្តបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅលើរថយន្ត ។
នគរបាលបានប្រាប់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារតែការធ្វេសប្រហែស របស់អ្នកបើកបររថយន្ត ដោយបើកលឿនទើបពេលមានឧបស័គ្គនៅខាងមុខជាន់ហ្វ្រាំងបង្ខំបង្កគ្រោះថ្នាក់កើតឡើង ។ ដោយឡែកអ្នកទទួលខុសត្រូវឃ្លាំងកញ្ចក់នោះ ក៏មិនបានរៀបចំឧបករណ៍សម្រាប់ទប់កញ្ចក់ក្នុងពេលដឹកឲ្យបានត្រឹមត្រូវនោះដែរ ទើបធ្វើឲ្យរអិលសង្កត់មនុស្សស្លាប់បែបនេះ ។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានចុះទៅឃាត់ខ្លួនបុរសអ្នកបើកបររថយន្ត រួចប្រគល់ឲ្យកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញចាត់ការបន្ត ។ ដោយឡែកស្ត្រីជាម្ដាយ និងក្រុមគ្រួសារយុវជនរងគ្រោះ បានទៅកាន់កន្លែងកើតហេតុ យំសោកយ៉ាងខ្លាំង ហើយនគរបាលក៏បានប្រគល់សពឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតហើយ ៕




ចែករំលែកព័តមាននេះ