តម្លៃ​សាំង​លក់រាយ ឡើងថ្លៃ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ដើមឆ្នាំ​នេះ​ខណៈ​ការ​ប្រើប្រាស់ កើនឡើង​ខ្ពស់


រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ដើម​ខែមករា​ឆ្នាំ​២០១៩ តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ នៅ​តាម​ស្ថានីយ៍​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​នឹង​កំពុង​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ខណៈ​អ្នក​ប្រើប្រាស់​បាន​លើក​ឡើង​ថា​តម្លៃ​សាំង​លក់រាយ​ឡើងថ្លៃ​លឿន​ជាង​ធ្លាក់​ថ្លៃ ជាក់ស្តែង​សម្រាប់​អត្រា​ថ្មី​នេះ​ភ្លេច​ៗ​ខ្លួន គឺ​តម្លៃ​សាំង​លក់រាយ​មាន​តម្លៃ​ជិត ៤០០០ រៀល​ក្នុង​មួយ​លី​ត្រ ។

​ប៉ុន្តែ​ការ​ឡើង​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នា​ពេល​នេះ ហាក់​មាន​ផល​ប៉ះពាល់​មួយ​ចំណែក​ដល់​អាជីវកម្ម​ខ្នាត​តូច​មួយ​ចំនួន ដែល​ថ្មី​ៗ​នេះ​បាន​ជាវ​ម៉ាស៊ីនភ្លើង​ប្រើ​សាំង ចំណែក​បងប្អូន​ដែល​ជាវ​ម៉ាស៊ីនភ្លើង​ធំ​ៗ​បែប​ឃ្លុប ប្រើប្រាស់​ម៉ា​ស៊ូ​ត​គឺ​មិន​ប្រឈម​មុខ​នោះ​ទេ ។​«​ទើបតែ​ជាវ​ម៉ាស៊ីនភ្លើង​ខ្នាត​តូច​ប្រើ​សាំង​ដែល​មាន​កម្លាំង ៤ គីឡូ ជិត ១ ខែ​សោះ ស្រាប់តែ​ឥឡូវ​ប្រេងសាំង​ក៏​ឡើង​ទៀត ហើយ​ភ្លើង​រដ្ឋ​ក៏​ដាច់​ទៀត មុខរបរ​តូចតាច​ដូច​ខ្ញុំ​ពិបាក​ណាស់ ត្រូវ​ចំណាយ​អស់​ថ្លៃ​សាំង​ច្រើន​តាំងពី​ប្រើ​ម៉ាស៊ីនភ្លើង​មក » ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក សីហា ដែល​ទើបតែ​ជាវ​ម៉ាស៊ីនភ្លើង​ប្រើ​សាំង​សម្រាប់​បម្រើ​ការ​នៅ​អាជីវកម្ម​ខ្នាត​តូច​របស់​ខ្លួន ។

បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង ពាណិជ្ជកម្ម​កម្ពុជា តាំងពី​ដើមឆ្នាំ ២០១៩ ពោល​គឺ​ជាប់​ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​១៥​មក​រា តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ មាន​តម្លៃ​ត្រឹមតែ ៣២០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​លី​ត្រ ចំពោះ​ប្រេងសាំង​ធម្មតា ហើយ​វា​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់ រយៈពេល​១០​ថ្ងៃ​ម្ដង រឺ ២​ស​ប្ដា​ហ៍​ម្ដង ក្នុង​កម្រិត​៥០​រៀល​ក្នុង​មួយ​លី​ត្រ ឬ​១០០​រៀល​ក្នុង​មួយ​លី​ត្រ ។ ដោយឡែក​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី ១៥ ខែឧសភា​នេះ ក្រសួងពាណិជ្ជកម្ម​បាន​កំណត់​តម្លៃ​ជា​ថ្មី​សម្រាប់​សាំង​ធម្មតា​លក់រាយ​នៅ​តាម​ស្ថានីយ៍​នានា​ទូ​ទាំង​ប្រទេស បាន​កើនឡើង​ដល់​៤០០០​រៀល​ក្នុង​មួយ​លី​ត្រ ពោល​គឺ លក់​អតិបរិមា ៣៩៥០​រៀល​ក្នុង​មួយ​លី​ត្រ ចំណែក​សាំង​ស៊ុប​ពែរ​មិន​ស្ថិត​នៅ​ក្នុង​ការ​កំណត់​របស់​ក្រសួង​ឡើយ ដូច្នេះ​អាជីវករ​អាច​លក់​ក្នុង​តម្លៃ​ណា​ក៏​បាន ដែល​មានការ​ប្រកួតប្រជែង ។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ ធ្លាប់​បាន​លើក​ឡើង​កន្លង​មក​ថា ការ​កំណត់​រូបមន្ត​តម្លៃ​ប្រេងឥន្ធនៈ​នេះ មិនមែន​ជាស​ម្រេច​របស់​កម្ពុជា​ឡើយ គឺ​មានការ​ផ្ញើ​តម្លៃ​ដើម​ពី​ប្រទេស​នាំ​ចូល ដើម្បី​គន់គូរ​តម្លៃ​សម​ស្រប​ណាមួយ​សម្រាប់​ប្រជាជន​កម្ពុជា ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពលរដ្ឋ​ដែល​ត្រូវការ​ប្រើប្រាស់​សាំង​ជា​ចាំបាច់ ។ អ្នកនាំពាក្យ​រូប​នេះ បានអោយ​ដឹង​ទៀត​ថា ការ​កំណត់​តម្លៃ​ប្រេងឥន្ធនៈ នៅ​តាម​ស្ថានីយ៍​នានា​ក្នុង​ប្រទេស​កម្ពុជា​នេះ គឺ​ធ្វើ​ឡើង​ដោយ​មានការ​ឯកភាព​ពី​ក្រសួង​ពាក់ព័ន្ធ ដូច​ជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល ហើយ​ក៏​មានការ​យល់ព្រម​ពី​ក្រុមហ៊ុន​និង​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដើម្បី​សម្រួល​អោយ​តម្លៃ​ប្រេងសាំង​អាច​ទទួលយក​បាន​ពី​អ្នក​ប្រើប្រាស់ ។ ដូច្នេះ តាម​ការ​សម្រេច​របស់​អន្តរជាតិ បាន​ឯកភាព​គ្នា​ដោយ​កំណត់​រយៈពេល​១០​ម្ដង​ឬ​២​ស​ប្ដា​ហ៍​ម្ដង ។ ក្នុង​រយៈពេល​នោះ វា​អាច​នឹង​ឡើង​អាច​នឹង​ចុះ អាស្រ័យ​ទៅ​លើ​ទីផ្សារ​ប្រេង​អន្តរជាតិ និង​ទីផ្សារ​ប្រេង​នៅ​ប្រទេស​ដែល​កម្ពុជា​នាំ​ចូល ។

តាម​លោក​ស៊ា​ង ថៃ បាន​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​នាំ​ចូល​ប្រេង​ឥ​ន្ធៈ​ពី​ប្រទេស​ជា​ច្រើន​មក​ផ្គត់ផ្គង់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ដូច​ជា​ពី​ប្រទេស វៀតណាម ប្រទេស​ថៃ ប្រទេស​សឹ​ង្ហ​បុរី ប្រទេស​ម៉ា​ឡេ​ស៊ី ប្រទេស អា​រ៉ាប់ ញូ​វ​ហ្ស៊ើ​ឡែ​ន សហរដ្ឋអាមេរិក ចិន ប្រទេស​កូរ៉េ ប្រទេស​អា​ឡឺ​ម៉​ង់ ហុងកុង ហ្វី​លី​ពី​ន ជប៉ុន អូស្ត្រាលី អេ​ស្ប៉ា​ញ អ៊ី​តា​លី អ៊ុយ​ក្រែ​ន ឥណ្ឌា ហូ​ឡង់ តួ​គី ប៉ូ​ឡូញ ចក្រភព​អង់គ្លេស កា​ណា​ដា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​។ ហើយ​ក្នុង​មួយ​ឆ្នាំ កម្ពុជា​នាំ​ចូល​ប្រេងឥន្ធនៈ​ប្រមាណ​២​លាន​តោន គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ