ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់រងរបួសធ្ងន់ដោយសារកម្មកររួមការងារជាមួយគ្នាយកដាវសាម៉ូរ៉ៃកាប់ក្នុងករណីជម្លោះពាក្យសម្តីមួយដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុនក្នុងខែឧសភា ឆ្នាំ២០១៩ នៅមាត់ច្រករបៀងអូរបីជាន់ ក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
ជនរងគ្រោះឈ្មោះហ៊ាង វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករលើកដាក់មាន់ពីរថយន្តថៃដាក់រថយន្តខ្មែរ និងមានទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
តាមប្រភពពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា គាត់ត្រូវបានកម្មករជាមិត្តរួមការងារជាមួយគ្នាម្នាក់យកដាវសាម៉ូរ៉ៃកាប់ក្នុងជម្លោះពាក្យសម្តីតិចតួច បណ្តាលឱ្យគាត់រងរបួសក្បាលចំនួន២កន្លែង និងកដៃឆ្វេងផងដែរ ។
តាមប្រភពពីជនរងគ្រោះបានប្រាប់បន្តថា ក្រោយពេលកើតហេតុ ជនបង្កត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបីជាន់ឃាត់ខ្លួនភ្លាមៗផងដែរ។
ជុំវិញករណីខាងលើនេះ លោកសេស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់តាមទូរស័ព្ទថា ជម្លោះហិង្សាខាងលើពិតជាកើតមានមែនកាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែភាគីទាំង២បានបញ្ចប់វិវាទរួចហើយ ដោយជនរងគ្រោះព្រមទទួលយកសំណងចំនួន១លាន៥០ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ