ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ឆ្នាំទៅ​មុខ​កំណើន សេដ្ឋកិច្ច​កម្ពុជា​នឹង​នៅ​តែ​រឹង​មាំ តែ​ក៏​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​បី​ឆ្នាំទៅ​មុខ​ទៀត​កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​នៅ​តែ​ល្អ​ប្រសើរ​និង​មាន​ភាពរឹងមាំ ប៉ុន្តែ​ក៏​មាន​ហានិភ័យ​មួយ​ចំនួន​ផង​ដែរ ដែល​ទាមទារ​អោយ​មានការ​ប្រុង​ប្រយ័ត្ន និង​ទប់ស្កាត់​ចំពោះ​ហានិភ័យ​ទាំងនោះ ។ នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា (World…

រាជធានី​ភ្នំពេញ ៖ រយៈពេល​បី​ឆ្នាំទៅ​មុខ​ទៀត​កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​នៅ​តែ​ល្អ​ប្រសើរ​និង​មាន​ភាពរឹងមាំ ប៉ុន្តែ​ក៏​មាន​ហានិភ័យ​មួយ​ចំនួន​ផង​ដែរ ដែល​ទាមទារ​អោយ​មានការ​ប្រុង​ប្រយ័ត្ន និង​ទប់ស្កាត់​ចំពោះ​ហានិភ័យ​ទាំងនោះ ។ នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា (World Bank)​។

ការ​ព្យាករណ៍​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ២០១៩ ឆ្នាំ ២០២០ និង​ឆ្នាំ ២០២១ កំណើនសេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​រឹង​មាំ​ក្នុង​នោះ​ឆ្នាំ​២០១៩ មាន​រំពឹង​មាន​កំណើន ៧​ភាគរយ ឆ្នាំ ២០២០ រំពឹង​ថា​នឹង​កើន ៦,៩​ភាគរយ និង​ឆ្នាំ ២០២១ រំពឹង​ថា​នឹង​កើនឡើង ៦,៨​ភាគរយ ។ នេះ​ជា​តួលេខ​មួយ​ល្អ​ប្រសើរ​ចំពោះ​កំណើនសេដ្ឋកិច្ច ដែល​កម្រ​មាន​ប្រទេស​ណា​ទទួល​បាន​តួលេខ​នេះ​ណាស់ ។ ការ​ព្យាករណ៍​នេះ​ដែរ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ខែ ឧសភា ឆ្នាំ ២០១៩​នេះ ខណៈ​អំឡុង​ខែ តុលា ឆ្នាំ ២០១៨ កន្លង​ទៅ ធនាគារពិភពលោក​បាន​ព្យាករណ៍​ថា​កំណើនសេដ្ឋកិច្ច ឆ្នាំ ២០១៩ និង​ឆ្នា ២០២០ ប៉ាន់ស្មាន​ត្រឹមតែ ៦,៨​ភាគ​ប៉ុណ្ណោះ ។

បើ​តាម​លោក​លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​នេះ មិន​ទាន់​គិត​បញ្ចូល​នូវ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ «​ទំនិញ​គ្រប់មុខ លើកលែងតែ​គ្រឿង​សព្វាវុធ​» Everything But Arms ឬ​ហៅ​កាត់​ថា EBA របស់​សហភាព​អឺរ៉ុប​ពី​កម្ពុជា​នោះ​ទេ តែ​យ៉ាងណា​សម្រាប់​ឆ្នាំ ២០១៩ នឹង​មិន​ប្រែប្រួល​ទេ ដោយឡែក​សម្រាប់​ឆ្នាំ​បន្តបន្ទាប់ បើសិនជា​មានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នោះ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ប៉ះពាល់ ហើយ​តួលេខ​ក៏​អាច​នឹង​ថមថយ​មក​វិញ​បន្តិច​ដែរ ។ លោក​បន្ត​ថា យ៉ាងណា​ក៏​ដោយ​រដ្ឋាភិបាល​ក៏​អាច​ទប់ស្កាត់​ហានិភ័យ​ទាំងនេះ បាន​មួយ​ចំនួន​ផង​ដែរ និង​អាច​ទប់ស្កាត់​មិន​អោយ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ថមថយ​ខ្លាំង ដោយ​ក្នុង​នោះ គេ​ឃើញ​រដ្ឋាភិបាល​ក៏​បាន​មាន​វិធានការ​ខ្លះ​រួច​ហើយ ដូច​ជា​ការ​កាត់​បន្ថយ​ថ្លៃដើម កាត់​បន្ថយថ្លៃ​លើកដាក់​ទំនិញ នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​នៅ​ឆ្នាំ​ក្រោយ​នេះ​ជាដើម ។ លោក​ថា​៖« នេះ​ជា​វិធានការ​មួយ​ដែល​អាច​ធ្វើ​អោយ​ថ្លៃដើម​ធ្លាក់​ចុះ ហើយ​នៅ​ពេល​ដែល​ថ្លៃដើម​ធ្លាក់​ចុះ​នឹង​ធ្វើ​អោយ​តម្រូវការ​ពី​ក្រៅប្រទេស​នឹង​កើនឡើង​ច្រើន នៅ​ពេល​នោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​អាច​នឹង​កើនឡើង បើ​ទោះបីជា EBA ត្រូវ​បាន​ដក​ក៏​ដោយ »​។

បើ​តាម​លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​មួយ​ចំនួន​ធំ ក្នុង​ករណី​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយ​កម្ពុជា​ត្រូវ​រក​ការ​ផលិត​ណា​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ ដើម្បី​នាំ​ចេញ និង​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ ។
យ៉ាងណាមិញ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​ស្វាគមន៍​វិនិយោគិន​មក​ពី​គ្រប់​ទិស​ទី ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​ឱកាស​ការងារ និង​ផលិត​ទំនិញ សម្រាប់​នាំ​ចេញ ហើយ​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​កែប្រែ​នូវ​ទម្រង់​មួយ​ចំនួន សម្រួល​ដល់​ការ​បណ្ដា​វិនិយោគិន​ទាំងនោះ ។

គួរ​បញ្ជាក់​ថា ការ​ប៉ាន់ស្មាន​របស់​ធនា គារ​ពិភពលោក​លើ​កំណើនសេដ្ឋកិច្ច​កម្ពុជា រយៈពេល​បី​ឆ្នាំ​ខាង​មុខ​នេះ​ដោយ​ផ្អែក​ថា កំណើន​នាំ​ចេញ​នឹង​កើន ៩​ភាគរយ​ក្នុង​ឆ្នាំ ២០១៩ កើន​៨,៦​ភាគរយ​នៅ​ឆ្នាំ ២០២០ និង ៨,១​នៅ​ឆ្នាំ ២០២១ ។ ក្នុង​នោះ​ដែរ ធនាគារពិភពលោក​ក៏​បាន​ព្យាករណ៍​ថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ( FDI ) រំពឹង​ថា​នឹង​កើន ១០,៤​ភាគ នៅ​ឆ្នាំ ២០១៩ ឆ្នាំ ២០២០​រំពឹង​ថា​កើន ៩,៣​ភាគរយ និង​កើន ៩,២​ភាគរយ នៅ​ឆ្នាំ ២០២១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ