បណ្ឌិត​សភាចា​រ្យ សុខ ទូច បញ្ជាក់​លម្អិត​ពី មូលហេតុ​កម្ពុជា​ងាក​ទៅ​ចិន​មិនមែន​អា​មេ​រិ​ក


រាជធានី​ភ្នំពេញ ៖ រយៈពេល​ប្រហែល​មួយ​ខែ​នេះ​គេ​កត់សម្គាល់​ឃើញ​មហាអំណាច​កំពូល​ចិន​និង​អា​មេ​រិ​ក កំពុង​តែ​បង្កើត​សមរភូមិ​ពាក្យ​សម្តី​នៅ​កម្ពុជា តាម​រយៈ​ការ​បង្អាប់​គ្នា​ទៅ​វិញ​ទៅ​មក​ពាក់ព័ន្ធ​នឹង​ជំនួយ ក៏​ដូច​ជា​ការ​វិនិយោគ​នៅ​កម្ពុជា ។ ក៏​ប៉ុន្តែ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា ថ្មី​ៗ​នេះ​បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹង​ថា មាន​ហេតុ​ផ្នែក​សេដ្ឋកិច្ច​មួយ​ចំនួន​ធំ ដែល​ជា​ចំនុច​មួយ​ជា​គន្លឹះ​បញ្ជាក់​ថា កម្ពុជា​ងាក​ទៅ​ចិន ព្រោះ​ការ​វិនិយោគ​របស់​ចិន​មក​កម្ពុជា​មាន​ទំហំ​ច្រើន​ជាង​ឆ្ងាយ​បើ​ប្រៀបធៀប​ជាមួយនឹង​ការ​វិនិយោគ​របស់​អា​មេ​រិ​ក​នៅ​កម្ពុជា ដូច្នេះ​ដើម្បី​បង្កើន​ឥទ្ធិពល​នៅ​កម្ពុជា អា​មេ​រិ​ក​ត្រូវ​តែ​ជំរុញ​និង​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​ឱ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​។

ថ្លែង​នៅ​ឯ​កិច្ច​ពិភាក្សា​តុមូល​ស្ដី​ពី «​ការ​ឆ្លង​ឆ្លើយ​គ្នា​រវាង ស្ថានទូត​សហរដ្ឋ​អាម៉េរិក និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​» ដែល​រៀបចំ​ឡើង​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា​កាលពី​ថ្ងៃ​ទី ៣០ ខែមេសា កន្លង​ទៅ​នេះ បណ្ឌិត​សភាចា​រ្យ សុខ ទូច នៅ​ក្នុង បាន​ឲ្យ​ដឹង កម្ពុជា​ងាក​ទៅ​រក​ចិន​ពិតមែនតែ «​ជា​ការ​ងាក​ខាង​ផ្នែក​សេដ្ឋកិច្ច មិនមែន​ងាក​ខាង​ផ្នែក​នយោបាយ​នោះ​ទេ​» ព្រោះ​កម្ពុជា​មានការ​បោះ​ឆ្នោត​ដ៏​ទៀងទាត់ នៅ​រៀង​រាល់​អាណត្តិ ខណៈ​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពុំ​មានការ​បោះ​ឆ្នោត​នោះ​ឡើយ​។

ស្ថិត​ក្នុង​បរិបទ​ដែល​មានការ​ឆ្លង​ឆ្លើយ​គ្នា​រវាង​ស្ថាន​បេសកកម្ម​ការទូត របស់​សហ រដ្ឋ​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា និង​ស្ថាន​បេសកកម្ម​ការទូត របស់​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន លោក​បណ្ឌិត​សភាចា​រ្យ​បាន​គូសបញ្ជាក់​អំពី​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ដែល​ក្នុង​នោះ កម្ពុជា​បាន​រៀបចំ​ខ្លួន​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន រួម​មានការ​ចូលរួម​ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ និង​ថ្មី​ៗ​នេះ​មាន​ទាំង​ការ​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ខេត្តកោះកុង ដែល​ចំណុច​នេះ បែរជា​បាន​ក្លាយទៅជា​ពាក្យ​ចចាមអារ៉ាម​រហូត​ឈាន​ដល់​ថ្នាក់ដឹកនាំ​សហរដ្ឋអាមេរិក ចោទ​ជា​សំណួរ​ទៅ​កាន់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​សង្ស័យ​អំពី​វត្តមាន​នៃ​មូលដ្ឋាន​យោធា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​លើ​ទឹកដី​កម្ពុជា​ថែម​ទៀត​ផង​។ បើ​តាម​លោក​បណ្ឌិត​សភាចា​រ្យ​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ការ​ដឹក​ជញ្ជូន​ផ្លូវទឹក​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ធំ​ៗ ដែល​តម្រូវ​ឱ្យ​កម្ពុជា​ត្រូវ​សាងសង់​កំពង់ទឹក​ជ្រៅ ដើម្បី​អាច​អនុញ្ញាត​ឱ្យ​នាវា​ដឹក​ទំនិញ​ធុន​ធំ​ចូល​ចត​និង​បែងចែក ទំនិញ​នៅ​កំពង់​ផែ​របស់​កម្ពុជា​បាន​។

លោក​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា «​សហរដ្ឋអាមេរិក​មាន​ភាព​ចាំបាច់​ដែល​ត្រូវ​តែ​ដាក់​ការ​វិនិយោគ​ឱ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន ធ្វើ​យ៉ាងណា​ស្រូប​យក​ចំនួន​កម្លាំង​ពលកម្ម​ឱ្យ​បាន​ច្រើន​ដើម្បី​ជា​ការ​បង្កើន​ឥទ្ធិពល របស់​ខ្លួន​លើ​កម្ពុជា​» ។ លោក​សុខ ទូច បាន​ថ្លែង​ថា វា​ជា​រឿង​ធម្មតា​ទេ នរណា​ដែល​ផ្ដល់​ប្រយោជន៍​ឱ្យ​កម្ពុជា​ច្រើន​ជាង កម្ពុជា​នឹង​ងាក​រក​អ្នក​នោះ​ហើយ​។ លោក​បណ្ឌិត​សភាចា​រ្យ បាន​លើក​ឡើង​ថា «​ក្នុង​រូបភាព​ណា​ក៏​ដោយ កម្ពុជា​ត្រូវ​តែ​ជ្រើស​យក​សន្តិភាព​ជា​ធំ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ជាតិ​។ សេដ្ឋកិច្ច​អាច​មាន​ស្ថិរភាព​បាន​គឺ​ដោយសារ​នយោបាយ ហើយ​បើ​គ្មាន​ស្ថិរភាព​នយោបាយ​នោះ​ទេ ក៏​គ្មាន​សកម្មភាព​សេដ្ឋកិច្ច​នោះ​ឡើយ​»​។ បើ​តាម​តួលេខ​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​មាន​ទំហំ​សរុប​រហូត​ដល់ ១៣១០​លាន​ដុល្លារ ស្មើនឹង​៤១.៣%​នៃ​ការ​វិនិយោគ​ទាំងមូល​នៅ​កម្ពុជា ។

សូម​រម្លឹក​ថា​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី ១៩ ខែមេសា​បាន​បង្ហោះ​នូវ​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ខ្លួន ដោយ​លើក​ឡើង​ថា ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា «​តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន​»​។ បន្ទាប់​ពី​ការ​សរសេរ​របៀប​បង្អាប់​ទៅ​ភាគី​ចិន​នោះ ស្ថានទូត​អា​មេ​រិ​កបាន​ចង្អុល​នូវ​ព័ត៌មាន​គន្លឹះ​មួយ​ចំនួន​ធ្វើការ​ប្រៀបធៀប​រវាង​ខ្លូ​ន​នឹង​ប្រទេស​ចិន​ថា ប្រហែល ៨៧% នៃ​ទំនិញ​ដោះ​ដូរ​គ្នា​គឺជា​ទំនិញ​នាំ​ចូល​មក​ពី​ប្រទេស​ចិន ដែល​មិន​ជួយ​ដល់​ការ​ធ្វើ​អោយ​មានការ​ងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​នោះ​ទេ​។ នេះ​គ្រាន់តែ​ជា​ផ្លូវ​មួយទៀត​ដែល​ប្រទេស​កម្ពុជា បាន​ងាក​ចេញពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែល​មាន​តុល្យភាព និង​លក្ខណៈ​ចម្រុះ​ច្រើន ទៅ​រក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែល​មានការ​ពឹងផ្អែក​ច្រើន​ទៅ​លើ​ប្រទេស​ចិន ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ