រាជធានីភ្នំពេញ ៖ ចំណូលដែលទទួលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៤ខែដើមឆ្នាំ ២០១៩ មានទឹកប្រាក់ចំនួនប្រម៉ាណ ៤៤,១៣ លានដុល្លារអាមេរិច ថយចុះ ៨,៥៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរដែលចេញផ្សាយថ្មីៗនេះ។ របាយការណ៍ខាងលើ បានបង្ហាញផងដែរថា ចំនួនភ្ញៀវទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៩៧៣,៣០៥ នាក់ ថយចុះ ៧,៣៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកសម្រាប់ខែ មេសា ចំណូលដែលទទួលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានទឹកប្រាក់ចំនួនប្រម៉ាណ ៨,១៨ លានដុល្លារអាមេរិច ធ្លាក់ចុះ ៤,៨៥ ភាគរយ ខណៈចំនួនភ្ញៀវទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរមាន ១៨៥,៤០៥ នាក់ ថយចុះ ៣,៤៥ ភាគរយ។ នៅឆ្នាំ ២០១៨ គ្រឹះស្ថានអង្គរបានប្រកាសតម្លៃថ្មីដោយសំបុត្រទស្សនារយៈពេលមួយថ្ងៃកើនឡើងពី ២០ ដុល្លារទៅ ៣៧ដុល្លារ សំបុត្រទស្សនារយៈពេលបីថ្ងៃកើនពី ៤០ ដុល្លារទៅ ៦២ ដុល្លារ និងសំបុត្រសម្រាប់រយៈមួយសប្តាហ៍កើនពី ៦០ ដុល្លារទៅ ៧២ ដុល្លារ។ កាលពីឆ្នាំមុនរមណីយដ្ឋានអង្គរទទួលបានចំណូល ១១៦ លានដុល្លារដែលកើនឡើង ៨ ភាគរយ បើធៀបនិងឆ្នាំ ២០១៧ ៕
ចែករំលែកព័តមាននេះ