ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សរុបមក…គឺ​រឿងចិន​​ខឹង​គ្នា​​ឯង​​ តែបង្ក​​​ភ័យខ្លាចព្រលឹងចុងសក់គ្រប់គ្នា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​បង្កហេតុធ្វើ​ឱ្យ​មានការ​ផ្អើល​ឆោ​ឡា​និង​ភ័យ​ខ្លាច​បែប​នេះ គឺ​គេច​មិន​រួច​ពី​ទោស​ឡើយ ទោះបីជា​វត្ថុ​ក្លែងបន្លំ​ក៏​ដោយ ​។ ក្រោយបុរស​ជនជាតិ​ចិន​ម្នាក់ ​បាន​ស្ពាយ​គ្រាប់បែក​កែ​ច្នៃ​ក្លែងក្លាយ​១​កាបូបយក​ទៅ​ដាក់​នៅ​ក្នុង​ហាង​លក់​គុ​ជ ថៅកែ​ចិន​មួយ​កន្លែង ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ផ្អើល​ឆោ​ឡោ​​យ៉ាង​ខ្លាំង​…

រាជធានី​ភ្នំពេញ ៖ ការ​បង្កហេតុធ្វើ​ឱ្យ​មានការ​ផ្អើល​ឆោ​ឡា​និង​ភ័យ​ខ្លាច​បែប​នេះ គឺ​គេច​មិន​រួច​ពី​ទោស​ឡើយ ទោះបីជា​វត្ថុ​ក្លែងបន្លំ​ក៏​ដោយ ​។ ក្រោយបុរស​ជនជាតិ​ចិន​ម្នាក់ ​បាន​ស្ពាយ​គ្រាប់បែក​កែ​ច្នៃ​ក្លែងក្លាយ​១​កាបូបយក​ទៅ​ដាក់​នៅ​ក្នុង​ហាង​លក់​គុ​ជ ថៅកែ​ចិន​មួយ​កន្លែង ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ផ្អើល​ឆោ​ឡោ​​យ៉ាង​ខ្លាំង​ ព្រឹក​ម្សិលមិញ​រហូត​ដល់​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ចុះ​ទៅចាប់ខ្លួន​ចិន​រូប​នោះ​បាន​ភ្លាម​ៗ ។

ក្នុង​ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជុំវិញ​ព័ត៌មាន​បង្កៃ​គ្រាប់បែក​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ រង​នូវ​ការ​ភ័យ​ខ្លាច​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា ព្រោះ​ភ្លាម​ៗ​នោះ​ពុំ​មាន​នរណា​ម្នាក់​អាច​សន្និដ្ឋាន​បាន​ថា គ្រាប់​បែក​​នោះ​ក្លែងក្លាយ​មែន ឬ​ពិតប្រាកដ​ឡើយ ។ លុះ​ក្រោយមក​ សមត្ថកិច្ច​ខាងលើ​រួម​ជាមួយ​មន្ត្រី​ជំនាញ​សុ​ី​ម៉ាក់​ធ្វើការ​ដោះ​បំបែកចេញ​តាម​ជំនាញ ទើប​ដឹង​ច្បាស់​ថា ជា​គ្រាប់បែក​ក្លែងក្លាយ ដែល​ជនសង្ស័យ​ម្នាក់​នោះ​ច្នៃ​ផលិត​ឡើង ក្នុង​ចេតនា​គំរាម​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ជា​គូទំនាស់​របស់​ខ្លួន​រួម​ជាមួយ​ម្ចាស់​ហាង​លក់​គុ​ជ​នោះ​ផង​ដែរ ។ តាម​ពិត​វត្ថុ​ដែល​សង្ស័យ​ថា​ ជា​គ្រាប់បែក​នោះ មិនមែន​ជា​គ្រាប់បែក​ពិតប្រាកដ​និង​មិន​អាច​ផ្ទុះ​បង្ក​គ្រោះថ្នាក់​បាន​ឡើយ​គឺ​ក្លែងបន្លំ ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១ ឧសភា នៅ​ក្នុង​ហាង​លក់​គុ​ជ​ចិន​យីហោ​ហឺ​ហឺ ដែល​មាន​ទីតាំង​ស្ថិត​នៅ​មុខ​ផ្សា​រកា​ណា​ឌី​យ៉ា តាម​បណ្ដោយ​ផ្លូវ​បេតុង​ទី​៣ ក្រុម​ទី​៣ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។ បុរស​ជនជាតិ​ចិន​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ លីវ ជី​ន (LIU JUN)​អាយុ​៣៩​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​E449081127 ។ សមត្ថកិច្ច​ក៏​បាន​រឹបអូស​យក​បាន​បំពង់​ក្រដាស់​ចំនួន​៥​ដែល​ញាត់​សុទ្ធតែ​ដីខ្សាច់ និង​នាឡិការោទិ៍​១​គ្រឿង ដែល​ជនសង្ស័យ​ច្នៃ​ផលិត​ឡើង​ធ្វើ​ជា​គ្រាប់បែក​ក្លែងក្លាយ ដើម្បី​គំរាម​ដែល​មើលទៅ​ដូច​គ្រាប់បែក​ច្នៃ​ពិត​ៗ​កម្រិត​ម៉ោង​ផ្ទុះ ។ ចំណែក​គូទំនាស់​ឈ្មោះ​តឹង ភេទ​ប្រុស អាយុ​ប្រហាក់ប្រហែល​គ្នា រីឯ​ម្ចាស់​ហាង​លក់​គុ​ជ​យីហោ​ហឺ​ហឺ ឈ្មោះ ថាំង នៀ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ក៏​ទទួល​រង​នូវ​ការ​គំរាមកំហែង​នេះ​ដែរ​ម្នាក់​ៗ​ភ័យ​ព្រលឹង​ចុង​សក់ ។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក មុន​ពេល​កើត​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ ជនសង្ស័យ​ខាងលើ​នេះ​បាន​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​តែ​ម្នាក់ឯង ទៅ​ឈប់​នៅ​មុខ​ហាង​លក់​គុ​ជ​នោះ ។ បន្ទាប់​មក ​បាន​ចុះ​ដើរ​ដោយ​ស្ពាយ​កាបូប​ពណ៌​ខ្មៅ​១ ចូល​ទៅ​ទុក​នៅ​ក្នុង​ហាង​នោះ ម្យ៉ាងទៀត​ដោយសារ​តែ​នៅ​ក្នុង​កាបូប​នោះ ឃើញ​មាន​វត្ថុ​គួរ​ឲ្យ​សង្ស័យ ទើប​ម្ចាស់​ហាង​នោះ​រាយការណ៍​ជូន​សមត្ថកិច្ច ចុះ​ទៅ​ពិនិត្យ​មើលឃើញ​សុទ្ធតែ​គ្រាប់បែក​ច្នៃ​ចំនួន​៥​គ្រាប់ ចង​ផ្អោប​ជាប់​គ្នា ដោយ​មានការ​បំពាក់​នាឡិកា​កំណត់​ម៉ោង​ផ្ទុះ​ថែម​ទៀត​ផង ។ ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​ធ្វើការ​សួរនាំ ដើម្បី​រក​មូលហេតុ​ពី​ការ​ប៉ុនប៉ង​បំផ្ទុះ​គ្រាប់​ទើប​ដឹង​ថា​ជា​គ្រាប់បែក​ក្លែងក្លាយ ។

បើ​តាម​បុរស​ជា​ម្ចាស់​ហាង​លក់​គុ​ជ​ខាងលើ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នៅ​ក្នុង​ខណៈ​ដែល​គាត់​កំពុង​លក់ដូរ​នៅ​ក្នុង​ហាង ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ដើរ​ស្ពាយ​កាបូប​ចូល​ទៅ បន្ទាប់​មក​ជន​នេះ​បាន​សួរ​រក​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោ តឹង ។ ភ្លាម​ៗ​នោះ​ គាត់​បាន​ប្រាប់​ទៅ​ជន​នេះ​វិញ​ថា មិន​បានឃើញ​ទេ ។ គ្រាន់​តែ​​ឆ្លើយ​បាន​ប៉ុណ្ណឹង ស្រាប់តែ​ជនសង្ស័យ​បាន​រូត​កាបូប​ទាញ​យក​គ្រាប់បែក​នោះ​ចេញ​មក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង ។ ពេល​នោះ​ គាត់​បាន​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ជួយ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ឲ្យ​ទៅ​ចាប់ខ្លួន​ជន​នោះ​តែ​ម្ដង ហើយ​គាត់​ក៏​មិន​បានដឹង​ថា​តើ​ជនសង្ស័យ​មាន​គំនុំ​អ្វី​ជាមួយ​គាត់​ឡើយ​ទើប​ធ្វើ​បែប​នេះ ។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ប្រាប់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ថា វា​ជា​គ្រាប់បែក​ក្លែងក្លាយ​ទេ ហើយ​ខ្លួន​ធ្វើ​បែប​នេះ​ ក៏​ព្រោះតែ​ចង់​គំរាម​ដល់​ឈ្មោះ តឹង ដែល​ជា​គូទំនាស់​ក្នុង​ការ​រក​សុ​ី​ជាមួយ​គ្នា​ប៉ុណ្ណោះ ហើយ​ក៏​ចង់​គំរាម​ដល់​ម្ចាស់​ហាង​ខាងលើ​ផង​ដែរ ​ព្រោះ​សង្ស័យ​ថា ​បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មោះ តឹង​ប្រឆាំង​ខ្លួន ។ កន្លង​មក​ ខ្លួន​និង​ឈ្មោះ តឹង មានការ​ខ្វែងគំនិត​គ្នា ក្នុង​ការ​រក​សុ​ី​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ខ្លួន​ពឹង​ឲ្យ​ឈ្មោះ តឹង ជួយ​បង្កើត​អន​ឡាញ​ដើម្បី​រក​សុ​ី​ផ្សាយ​ជា​វី​ដេ​អូ​រាំ​-​ច្រៀង​តាម​បែប​ស្រើបស្រាល​ផ្សេង​ៗ ។

ក្រោយមក ​ក៏​មាន​ទំនាស់​គ្នា ហើយ​ឈ្មោះ តឹង​ក៏​បាន​ជំពាក់​លុយ​ខ្លួន​អត់​ព្រម​សង​ផង​ដែរ និង​មិនដឹង​ថា ឈ្មោះ​តឹង​នេះ​ស្នាក់​នៅ​ទីណា​ឡើយ ប៉ុន្តែ​ដឹង​ថា​ឧស្សាហ៍​ឃើញ​ចេញចូល​ក្នុង​ហាង​លក់​គុ​ជ​នេះ ទើប​ខ្លួន​បែកគំនិត​បង្កើត​គ្រាប់បែក​ក្លែងក្លាយ​យក​ទៅ​គំរាម​បែប​នេះ​តែ​ម្ដង ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នេះ​មិនមែន​ជា​គ្រាប់បែក​ពិតប្រាកដ​ឡើយ គឺ​ក្លែងក្លាយ​ទេ ដោយ​ជនសង្ស័យ​ច្នៃ​ក្រដាស់​មូរ​ជា​បំពង់​រួច​ញាត់​ដីខ្សាច់​ចូល​ក្នុង​នោះ​ធ្វើ​ជា​រំសេវ ព្រមទាំង​ចង​ផ្អោប​គ្នា​ជា​បាច់ រួច​បំពាក់​នាឡិការោទិ៍​កំណត់​ម៉ោង​ផ្ទុះ ដែល​មើលទៅ​ដូច​ជា​គ្រាប់បែក​ពិត​ៗ ។

ក្រោយ​ពេល​ចាប់ខ្លួន​ទោះជា​ជន​នេះ​សារភាព​ថា ជា​គ្រាប់បែក​ក្លែងក្លាយ​ក៏​ដោយ ប៉ុន្តែ​មិន​អាច​ទុកចិត្ត​បាន​ឡើយ កម្លាំង​ចម្រុះ​រួម​មាន​នគរបាល​ដែល​មាន​ពី​ថ្នាក់​ប៉ុស្តិ៍​រដ្ឋបាល ដល់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រួម​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ ជា​ពិសេស​មន្ត្រី​សុ​ី​ម៉ាក់ បាន​រួម​គ្នា​ធ្វើការ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ដោយ​បាន​ដោះ​គ្រាប់បែក​សង្ស័យ​នោះ តាម​ជំនាញ​ច្បាស់លាស់​រហូត​ចប់​ចុង​ចប់​ដើម ទើប​ដឹង​ថា​ជា​គ្រាប់បែក​ក្លែងបន្លំ ដូច​ការ​សារភាព​របស់​ជនសង្ស័យ​មែន ។ ជនសង្ស័យ​ជនជាតិ​ចិន​រូប​នេះ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ឃុំខ្លួន​បណ្ដោះអាសន្ន រង់ចាំ​ការ​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។

អត្ថបទសរសេរ ដោយ