ហុងកុង ៖យោងតាមភ្នាក់ងារសារព័ត៌មាន South China Morning Post បានឲ្យដឹងកាលពីថ្ងៃទី២៦ខែមេសាកន្លងមកថា ការវិនិយោគអាស៊ីលើអចលនទ្រព្យក្នុងតំបន់បានកើនឡើងដល់ទៅ១០%មកស្មើ ៩៨ប៊ីលានដុល្លារ ដែលជាកម្រិតខ្ពស់ជាងគេកាលពីឆ្នាំមុន។ ទិន្នន័យនេះត្រូវបានប្រកាសដោយក្រុមហ៊ុន Colliers International ដែលបានប្រាប់ទៀតថាអត្រានឹងកើនឡើងពីរខ្ទង់ផងដែរក្នុងឆ្នាំនេះ។
Colliers បាននិយាយក្នុងរបាយការណ៍មួយថា ការវិនិយោគអាស៊ីលើអចលនទ្រព្យក្នុងទ្វីបអាស៊ីខ្ពស់ជាងការវិនិយោគអាស៊ីលើអចលនទ្រព្យក្នុងតំបន់ដទៃដល់ទៅទ្វេដងកាលពីឆ្នាំ ២០១៨ ហើយពួកគេព្យាករណ៍ថាវានឹងកើនឡើងថែម ១០%ទៀតក្នុងឆ្នាំនេះមកស្មើប្រមាណ១០៨ប៊ីលានដុល្លារ។ ការវិនិយោគលើអចលនទ្រព្យនៅក្រៅអាស៊ីវិញបានធ្លាក់ចុះ ៣១% មកស្មើ ៥០.៥ប៊ីលានដុល្លារកាលពីឆ្នាំមុនព្រោងតែមានការធ្លាក់ចុះនៃលំហូរមូលធនចេញពីប្រទេសចិន។
ទិន្នាការនេះបង្ហាញពីគោលជំហររបស់អាស៊ីជាក្បាលម៉ាស៊ីនលូតលាស់របស់ពិភពលោកដោយមានសេដ្ឋកិច្ចកាន់តែច្រើនឡើងលូតលាស់បានយ៉ាងតិច ៤% ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដែលមានន័យថាវិនិយោគិនអាចរកផលចំណេញមកវិញច្រើនពីការវិនិយោគ។
លោក Terence Tang ដែលជាប្រធានគ្រប់គ្រងទីផ្សារមូលធន និងសេវាកម្មវិនិយោគប្រចាំអាស៊ីនៅ Colliers បាននិយាយថា វិនិយោគិនមិនអាចរកប្រាក់ចំណេញច្រើនដូចមុនឡើយពេលដែលវិនិយោគក្នុងទីផ្សារអុឺរ៉ុបនិងសហរដ្ឋអាមេរិក។ លោកបានបន្តថា “បច្ចុប្បន្ននេះវិនិយោគិនបានស្វែងរកទីផ្សារដែលអាចផ្តល់ប្រាក់ចំណេញបានច្រើនជាងមុន ហើយវាជាមូលហេតុដែលធ្វើឲ្យអាស៊ីអាចទាក់ទាញមូលធនមួយចំនួនមកវិញដែលត្រូវបានហូរចេញទៅសហរដ្ឋអាមេរិកនិងអុឺរ៉ុប។”
លោក Tang បាននិយាយថា កាលពី៥ឆ្នាំមុន វិនិយោគិនអាចរកប្រាក់ចំណេញពីការវិនិយោគលើអចលនទ្រព្យក្នុងសហរដ្ឋអាមេរិកប្រមាណ៥%មកវិញ ប៉ុន្តែអត្រានេះបានធ្លាក់ចុះមកស្មើត្រឹម ៤%ប៉ុណ្ណោះ។ ក្នុងអុឺរ៉ុបវិញ អត្រាចំណេញក្នុងទីផ្សារចក្រភពអង់គ្លេសបានធ្លាក់ចុះពី ៦% មកស្មើក្រោម ៥%ថែមទៀត។ប៉ុន្តែអចលនទ្រព្យអាស៊ីវិញអាចរកប្រាក់ចំណេញប្រចាំឆ្នាំប្រមាណពី១០ទៅ ១៥%ឯណោះ។ សេដ្ឋកិច្ចអាស៊ីជាច្រើនមានការលូតលាស់សេដ្ឋកិច្ចយ៉ាងតិចក៏៦%ដែរ ដោយមានប្រទេសចិន ឥណ្ឌា ហ្វីលីពីន និងវៀតណាមមើលឃើញសេដ្ឋកិច្ចលូតលាស់បានយ៉ាងតិច៦%ក្នុងកំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ចែករំលែកព័តមាននេះ