រាជធានីភ្នំពេញ ៖ ជាការពិត ការលួចដំឡើងកាត់តរថយន្តយ៉ាងអនាធិបតេយ្យនឹងបណ្តាលឱ្យអ្នកទិញយកទៅប្រើប្រាស់ អាចប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុបាន ។

ជាក់ស្តែង ទីតាំងយានដ្ឋានកាត់តនិងដំឡើងរថយន្តលួចលាក់មួយកន្លែងបានត្រូវមន្ត្រីសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាបដោយដកហូតរថយន្តបានចំនួន៣គ្រឿង បញ្ជូនទៅកាន់ស្នាក់ការសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។

ការចុះបង្ក្រាបនិងដកហូតរថយន្តកាត់តនេះ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា នៅយានដ្ឋានអត់យីហោខាងលើ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិ បឹងសាឡាង សង្កាតឫស្សីកែវ ខណ្ឌឫស្សីកែវ។

តាមព័ត៌មានឱ្យដឹងថា ទីតាំងយានដ្ឋាននេះបានកែច្នៃកាត់តរថយន្តជាយូរមកហើយ ។ ដោយមានការស្រាវជ្រាវពីសំណាក់មន្ត្រីសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ទើបចុះទៅត្រួតពិនិត្យឆែកឆេរតែម្តង ។ តាមព័ត៌មានឱ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចគយរកឃើញរថយន្តចំនួន៣គ្រឿង ក្នុងនោះឡិចស៊ីសRX៤០០ចំនួន២គ្រឿង និងឡិចស៊ីសRX៣៣០មួយគ្រឿង ដែលកាត់តខុសបច្ចេកទេស ហើយត្រូវបានសមត្ថកិច្ចស្ទូចយកទៅកាន់ស្នាក់ការសាខាគយ ។

ទោះបីជាយ៉ាងណា ម្ចាស់យានដ្ឋានត្រូវបានគេអះអាងគេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកមើលការម្នាក់ឈ្នោះ ណុល ជុំ ភេទប្រុស អាយុ៣៨ឆ្នាំ និងនាំទៅសាកសួរ
ផងដែរ ៕
ចែករំលែកព័តមាននេះ