ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ថ្នាក់ដឹកនាំ​ស្ត្រី​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក និយាយ​អ្វីខ្លះ​នៅ​សិក្ខាសាលា​ថ្នាក់​តំបន់​​ស្តី​ពី​ស្ត្រី និង​ភាព​ជា​អ្នកដឹកនាំ ?

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្នាក់​ដឹក​ស្ត្រី​មក​ពី​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ថ្មី​ៗ​នេះ​បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តី​ពី «​ស្ត្រី និង​ភាព​ជា​អ្នកដឹកនាំ​» ដើម្បី​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ជំរុញ​សមាហរណកម្ម​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ដែល​សិក្ខាកាម​បាន​លើក​ឡើង​ថា វា​ជា​វេទិកា​ល្អ​មួយ ព្រោះ​មាន​តែ​ការ​ជំរុញ​ពី​សំណាក់​ស្ត្រី​ដូច​គ្នា…

រាជធានី​ភ្នំពេញ ៖ ថ្នាក់​ដឹក​ស្ត្រី​មក​ពី​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ថ្មី​ៗ​នេះ​បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តី​ពី «​ស្ត្រី និង​ភាព​ជា​អ្នកដឹកនាំ​» ដើម្បី​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ជំរុញ​សមាហរណកម្ម​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ដែល​សិក្ខាកាម​បាន​លើក​ឡើង​ថា វា​ជា​វេទិកា​ល្អ​មួយ ព្រោះ​មាន​តែ​ការ​ជំរុញ​ពី​សំណាក់​ស្ត្រី​ដូច​គ្នា ទើប​ជា​ឧបករណ៍​ដ៏​មាន​ថាមពល​បំផុត​ក្នុង​ការ​កសាង​ទំនុកចិត្ត​របស់​ស្ត្រី ដើម្បី​ចាប់​យក​តួនាទី​ជា​ថ្នាក់ដឹកនាំ ។

សិក្ខាសាលា​ថ្នាក់​តំបន់​ស្តី​ពី «​ស្ត្រី និង​ភាព​ជា​អ្នកដឹកនាំ​» ត្រូវ​បាន​រដ្ឋាភិបាល​អូស្ត្រាលី បាន​ប្រកាស​បើក​ជា​ផ្លូវការ និង​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ដើមខែ មេ​សា​នេះ ក្នុង​ទិស​ដៅ​គាំទ្រ​ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី​ទាំង​ក្នុង​ប្រទេស និង​តំបន់​។ សិក្ខាកាម ដែល​ជា​អតីត​និ​សិ​ត្ស​ស្ត្រី​អាហា​រូប​រណ៍​អូស្ត្រាលី​​ជាង​៧០​រូប​មក​ពី ប្រទេស​កម្ពុជា ឥណ្ឌូ​នេ​ស៊ី ឡាវ ភូមា ហ្វី​លី​ពី​ន និង​វៀតណាម បាន​ចូលរួម​សិក្ខាសាលា​នេះ ដើម្បី​កសាង​បណ្តាញ និង​ពង្រឹង សមត្ថភាព​ជា​អ្នកដឹកនាំ​។

​លោក​ជំទាវ អេ​ន​ជេ​ល​ឡា ខក​ខឺ​រ៉េ​ន ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា មាន ប្រសាសន៍​ថា​៖ «​រដ្ឋា​ភិបាល​អូស្ត្រាលី មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​គាំទ្រ​ស្ត្រី ព្រមទាំង ពង្រឹង​ភាព​ជា​អ្នកដឹកនាំ ការ​អភិវឌ្ឍ​អាជីព​ការងារ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​»​។

គំនិត​ផ្តួចផ្តើម​ថ្មី​នេះ បាន​ផ្តល់​ឱកាស​ដល់​សិក្ខាកាម ឲ្យ​ទទួល​បាន​មធ្យោបាយ និង​ចំណេះដឹង​ថ្មី​ៗ ដើម្បី​កាត់​បន្ថយ​ឧបសគ្គ​នានា ដែល​រាំងស្ទះ​ដល់​ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី​។ សិក្ខាកាម ដែល​សុទ្ធតែ​ជា​ថ្នាក់ដឹកនាំ​ស្ត្រី​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ក្នុង​ទម្រង់​បែប TED Talk ដើម្បី​ចែករំលែក​បទ​ពិសោធន៍ អំពី​ចំណង​ភ្ជាប់​រវាង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ជាដើម​។

សិក្ខាសាលា​រយៈពេល​៣​ថ្ងៃនេះ ទទួល​បាន​ចំណាប់អារម្មណ៍​គួរ​ឱ្យ​កត់សំគាល់​ពី​សិក្ខាកាម ។ លោកស្រី មួយ​លី វិ​ច្ចិ​រ៉ា បាន​មាន​ប្រសាសន៍​ថា ចំណេះដឹង និង​ជំនាញ​ដែល​ទទួល​បាន​នៅ​ក្នុង​កម្មវិធី​នេះ ពិតជា​មាន​សារ​ប្រយោជន៍ ដល់​ការងារ​អ្នកស្រី​ក្នុង​នាម​ជា​មន្ត្រី ប្រឹក្សា​នៃ អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​។

រីឯ​លោកស្រី​បណ្ឌិត ហ័​ង យិ​ន វូ ដែល​ជា​ស្ថាបនិក អង្គការក្រៅរដ្ឋាភិបាល​មួយ​នៅ ក្នុង​ប្រទេស​វៀតណាម បង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​សិក្ខាសាលា​នេះ​ប្រមូលផ្តុំ​ស្ត្រី ដែល​មាន​ឥទ្ធិពល និង​អានុភាព ដែល​អាច​រួមចំណែក​ដល់​ការ​ផ្លាស់ ប្តូរ​ជា​វិជ្ជមាន​នៅ​ក្នុង​តំបន់​»​។ ចំណែក លោកស្រី ច័ន្ទ សុខ​អ៊ិ​ន​សុវណ្ណ មក​ពី​ប្រទេស​ឡាវ យល់​ឃើញ​ថា​៖ «​ការ​ជំរុញ​ពី​សំណាក់​ស្ត្រី​ដូច​គ្នា គឺជា​ឧបករណ៍​ដ៏​មាន​ថាមពល​បំផុត​ក្នុង​ការ​កសាង​ទំនុកចិត្ត​របស់​ស្ត្រី ដើម្បី​ចាប់​យក​តួនាទី​ជា​ថ្នាក់ដឹកនាំ​»​។ លោកស្រី​បញ្ជាក់​ថា ខ្លួន​នឹង​ប្រើប្រាស់​ចំណេះដឹង និង​បណ្តាញ​ទំនាក់ទំនង​ពី​សិក្ខាសាលា​នេះ​នៅ​ក្នុង​អាជីព​របស់​ខ្លួន​ជាទី​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍ សង្គម​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​។

សិក្ខាសាលា​ថ្នាក់​តំបន់​ស្តី​ពី​ស្ត្រី និង​ភាព​ជា​អ្នកដឹកនាំ បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អូស្ត្រាលី និង​អនុវត្ត​ដោយ​កម្មវិធី​អាហារូបករណ៍​អូស្ត្រាលី​ប្រចាំ​កម្ពុជា សហការ ជាមួយ​សមាគម​អតីត​និស្សិត​កម្ពុជា​ពី​អូស្ត្រាលី​។

អាហា​រូ​ករ​ណ៍​អូស្ត្រាលី គឺជា​អាហា​រូប​រណ៍​ផ្តល់​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី ដែល​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍ​ឲ្យ​ទទួល​បានការ​អប់រំ​ពី​សាកលវិទ្យាល័យ​លំដាប់​ពិភពលោក​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​។ អាហារូបករណ៍​ដែល​មាន​កិត្យានុភាព​នេះ វិ​វ​ឌ្ឍ​មក​ពី​កម្មវិធី Colombo Plan ក្នុង​ឆ្នាំ ១៩៥០ ហើយ​មាន​អតីត​និស្សិត​ជា​ច្រើន​កំពុង​បំពេញ​តួនាទី​ជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល វិស័យ​ធុរកិច្ច និង​អង្គការ​សង្គម​ស៊ី​វិល​។

រដ្ឋាភិបាល​អូស្ត្រាលី គ្រោង​បន្ត​ការ​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​នានា​ទាក់ទង​ទៅ​នឹង​ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី​នៅ​ទូ​ទាំង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក និង​ធានា​ថា​សមភាព​យេ​ន​ឌ័​រ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី និង​ក្មេង​ស្រី នៅ​តែ​ជា​ចំណុច​ស្នូល​របស់​កិច្ច​ការទូត ការ អភិវឌ្ឍ និង សន្តិសុខ​នៅ​ក្នុង​តំបន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ