ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការ​ក្តៅ​ជា​បន្ទាន់​ត្រូវ​លុប​បំបាត់​នូវ​ភាព​អនាធិបតេយ្យ​រថយន្ត​ដឹក​ជញ្ជូន​ដី​ចូល​ក្រុង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដើម្បី​លុប​បំបាត់​នូវ​ភាព​អនាធិបតេយ្យ​ចំពោះ​រថយន្ត និង​គោ​យន្ត​កែ​ច្នៃ​ដឹក​ដី ដែល​មិន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ខេត្ត ក្រុង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន​អនាម័យ​សុខភាព​នៅ​តាម​ដងផ្លូវ ដោយ​ការ​ធ្លាក់​ដី​ដែល​ជាប់​កង់​រថយន្ត និង​ដឹក​ដី​ពេល​ហៀរ​ធ្លាក់​ពី​រថយន្ត​តាម​ដងផ្លូវ​ដែល​បង្ក​ឲ្យ​មាន​ធូលី​ហុយ…

ខេត្តសៀមរាប ៖ ដើម្បី​លុប​បំបាត់​នូវ​ភាព​អនាធិបតេយ្យ​ចំពោះ​រថយន្ត និង​គោ​យន្ត​កែ​ច្នៃ​ដឹក​ដី ដែល​មិន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ខេត្ត ក្រុង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន​អនាម័យ​សុខភាព​នៅ​តាម​ដងផ្លូវ ដោយ​ការ​ធ្លាក់​ដី​ដែល​ជាប់​កង់​រថយន្ត និង​ដឹក​ដី​ពេល​ហៀរ​ធ្លាក់​ពី​រថយន្ត​តាម​ដងផ្លូវ​ដែល​បង្ក​ឲ្យ​មាន​ធូលី​ហុយ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៦ និង ដង​វិ​ថី​មួយ​ចំនួន​ក្នុង​ក្រុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរណ៍​ទៀត​ផង ។

ដោយ​បញ្ហា​ទាំងនេះ​ហើយ​លោក​អភិបាលខេត្ត​សៀមរាប​បាន​ដាក់​ចេញ​នូវ​វិធានការ​ក្តៅ​ជា​បន្ទាន់​ក្នុង​ការ​លុប​បំបាត់​នូវ​ភាព​អនាធិបតេយ្យ​រថយន្ត​ដឹក​ជញ្ជូន​ដី​ចូល​ក្រុង​មិន​គោរព​ការ​ណែនាំ​របស់​ខេត្ត​នោះ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា​នេះ ដឹកនាំ​ក្រុមការងារ​ចម្រុះ​ដោយ លោក​ពិន ប្រាកដ អភិបាលរង​ខេត្ត​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​ធនធាន រ៉ែ ដែល មានការ​ចូលរួម ដោយ​លោកស្នងការ​រង​ខេត្ត មន្ទីរ​ជំនាញ​មានការ​ពាក់ព័ន្ធ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង និង​អធិការ​នគរបាល​ស្រុក​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​ធនធាន​រ៉ែ​នៅ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៦ ស្ថិត​ត្រង់​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

ក្នុង​សកម្មភាព​ក្រុមការងារ​ចម្រុះ​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​ធនធាន​រ៉ែ​នេះ​យើង​បាន​សង្កេត​ឃើញ​ថា មាន​រថយន្ត​មួយ​ចំនួន​បាន​ចូល​មក​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ពី​ក្រុម​គណៈកម្មការ​ចម្រុះ​ខេត្ត ហើយ​មួយ​ចំនួន​ក៏​បាន​ធ្វើការ​បើក​គេច​ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​ទៀត​ផង ។ ក្នុង​នោះ​ដែរ​ក្រុមការងារ​ទៅ​តាម​ជំនាញ​ក៏​បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​អ្នកបើកបរ ឬ​ម្ចាស់​រថយន្ត​ក៏​ដូច ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​បាន​ដឹក​ជញ្ជូន​ចេញពី​ការដ្ឋាន​រ៉ែ​ឆ្ពោះទៅ​កាន់​គោលដៅ​ក្នុង​បំណង​ពាណិជ្ជកម្ម​របស់​ខ្លួន ដែល​បាន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ និង​ការ​ដឹក​ជញ្ជូន​ហួសការ​កំណត់​ដែល​ធ្វើ​ឲ្យ​ធ្លាក់​ជ្រុះ​នៅ​តាម​ដងផ្លូវ និង​ប៉ះពាល់​សុវត្ថិភាព សុខភាព​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ភ្ញៀវ​ទេសចរណ៍​ព្រមទាំង​បង្ក​ដល់​គ្រោះថ្នាក់​ទៀត​ផង ។

ក្នុង​នោះ​ក្រុមការងារ​ក៏​បាន​ធ្វើការ​ឃាត់​នូវ​រថយន្ត​បាន​ចំនួន​១៣​គ្រឿង ក្នុង​នោះ​រថយន្ត​អត់​មាន​ឈៀក​ចំនួន​០៤​គ្រឿង ដែល​បាន​ដឹក​ជញ្ជូន​ធនធាន​រ៉ែ (​ដីស ដីក្រហម ខ្សាច់ ថ្ម ) ដែល​ខុស​លក្ខណ​បច្ចេកទេស​ដូច​ជា ដឹក​លើស​ទម្ងន់ ហៀរ​កម្ពប់​ធ្លាក់​តាម​ដងផ្លូវ ។ ក្នុង​នោះ​ដែរ​ផ្នែក​កម្លាំង​នគរបាល​គ្រឿងញៀន​ក៏​បាន​ធ្វើ​តេស​ទឹកនោម​ចំពោះ​អ្នកបើកបរ​ទាំង​១៣​រថយន្ត ដោយ​រក​ឃើញ​មាន​អ្នក​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​ម្នាក់ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ធ្វើការ​ឃាត់ខ្លួន ដើម្បី​ធ្វើការ​បញ្ជូន​ខ្លួន​ទៅ​កាន់​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​ផង​ដែរ ។

ចំពោះ​បងប្អូន​ដែល​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ក៏​ត្រូវ​បាន​ក្រុមការងារ​ធ្វើការ​ណែនាំ​ឲ្យ​បាន យល់​អំពី​ច្បាប់​ក្នុង​ការ​ដឹក​ជញ្ជូន​ធនធាន​រ៉ែ​ច្បាប់​ធ្វើ​អាជីវកម្ម និង​ត្រូវ​ធ្វើការ​បំពាក់​នូវ​ភ្លើង​សញ្ញា​ចរាចរណ៍ និង​ភ្លើង​បំភ្លឺ​ផ្លូវ​ឲ្យ​បាន​គ្រប់លក្ខណ​ព្រមទាំង​បាន​ធ្វើ​កំណត់ហេតុ និង​កិច្ចសន្យា​ជាមួយ​ម្ចាស់​រថយន្ត ហើយ​ឲ្យ​យក​រថយន្ត​ត្រឡប់​ទៅ​កាន់​ការដ្ឋាន​វិញ ដើម្បី​កាយ​ទំលាក់​អាច​ម៌​ដី​ដែល​លើស​នោះ ហើយ​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ តាម​លក្ខណ​បច្ចេកទេស​មុន​នឹង​ដឹក​ចេញពី​ការដ្ឋាន​ចូល​ទៅ​ក្នុង​ក្រុង ។

ក្នុង​នោះ​ក្រុមការងារ​ក៏​បាន​បញ្ជាក់​ចំពោះ​ម្ចាស់ និង​អ្នកបើកបរ​រថយន្ត​ដឹក​ជញ្ជូន​ធនធាន រ៉ែ​ទាំងអស់ ពេល​ដែល​រថយន្ត​របស់​ខ្លួន​ដឹក​ជញ្ជូន​ដី​ចេញពី​ការដ្ឋាន​មក​ដល់​ផ្លូវជាតិ គឺ​ត្រូវ​ធ្វើការ បោស​ជម្រះ​ដី​នៅ​ជាប់​រថយន្ត មុន​ពេល​បន្តដំណើរ​ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​ក្រុង ដើម្បី​ជៀសវាង​ការ​ធ្លាក់​ដី​នៅ​តាម​ដងផ្លូវ ដែល​ធ្វើ​ឲ្យ​ខូច​នូវ​សោ​ភណ្ឌ​ភាព​ក្រុង​ប្រវត្តិសាស្ត្រ​ដែល​ជា​គោលដៅ​របស់​ភ្ញៀវ​ទេសចរណ៍​នៅ​លើ​ពិភពលោក​ចូល​មក​ទស្សនា​កម្សាន្ត ហើយ​ក៏​ជា​ប្រភព​ចំណូល មិន​ចេះ​រីងស្ងួត​របស់​ជាតិ​ក៏​ដូច​ប្រជាពលរដ្ឋ​ខេត្តសៀមរាប​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ