អត់លុយទិញទឹកដោះគោកូន ឱ្យប្រពន្ធលក់ខ្លួន ស្រាប់តែប្រុស២នាក់ជិះក្រឡឹងចុះឡើងផ្អើលផ្លូវព្រះមុនីវង្ស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់មានប្រពន្ធ និងកូនតូចម្នាក់ ដោយសារតែអត់លុយទិញទឹកដោះគោឱ្យកូន ក៏សម្រេចចិត្តឲ្យប្រពន្ធឈរលក់ខ្លួន ស្រាប់តែមានជនសង្ស័យ២នាក់មិនដឹងថា មានគំនុំរឿងអីនោះទេបានជាយកកាំបិតចាក់ទៅលើបុរសជាប្តី បណ្តាលឱ្យចំខ្នងរងរបួសយ៉ាងដំណំបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង11និង10នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចមុខសាលារាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ឹង សុខា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅម្តុំផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ ចំណែកជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ រុន ហៀង ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅគល់ស្ពានជ្រោយចង្វារ មានស្រុកកំណើតនៅភូមិទួលរកា ឃុំរអាង ស្រុកកំពុងសៀម ខេត្តកំពង់ចាម ធ្វើពុតជាដេកលក់ និងម្នាក់ទៀតឈ្មោះយន្ត នី ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅម្តុំស្ពានជ្រោយចង្វារ។

តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបខ្លួនបាននាំប្រពន្ធ និងកូនតូចម្នាក់ទៀតទៅម្តុំសណ្ឋាគាររ៉ូយ៉ាល់ ដោយសារតែជីវភាពខ្វះខាត ទើបសម្រេចចិត្តឱ្យប្រពន្ធឈរលក់ខ្លួន ដើម្បីយកលុយទៅទិញទឹកដោះគោឱ្យកូន ស្រាប់តែភ្លាមៗនោះក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូឌុបមិនដឹងថាមកពីណានោះទេបានជិះក្រឡឹង២ទៅ៣ជុំនៅម្តុំសណ្ឋាគាររ៉ូយ៉ាល់ ។

ជនរងគ្រោះបន្តថា រួចក៏ឈប់ម៉ូតូនៅចំណុចកើតហេតុខាងលើនេះ ហើយឱ្យម្នាក់ឈ្មោះ រុន ហៀងនោះ ធ្វើពុតជាដេកលក់ រួចម្នាក់ទៀតឈ្មោះយន្ត នី ជាអ្នកធ្វើសកម្មភាពយកកូនកាំបិតតូចមួយមកចាក់ទៅលើជនរងគ្រោះចំខ្នង បណ្តាលឱ្យរយះឈាម ។ ខណៈនោះមិនដឹងថាមានគំនុំរឿងអីនោះទេ ភ្លាមៗនោះជនរងគ្រោះបានរត់ស្រែកឱ្យគេជួយទើបសមត្ថកិច្ចគាត់ធ្វើការអន្តរាគមន៍ឃាត់ភាគីទាំងសងខាងយកទៅសួរនាំនៅប៉ុស្តិ៍វត្តភ្នំ ។

ក្រោយពេលនាំគ្នាទៅប៉ុស្តិ៍ ជនរងគ្រោះគាត់ក៏បាននិយាយថា ខ្លួនពីមុនមិនដែលស្គាល់គ្នាជាមួយជនបង្ក និងមិនដែលមានគំនុំជាមួយគ្នាពីមុនទេ ។ ក្រោយពេលកើតហេតុខាងភាគីរងគ្រោះគាត់មិនចង់ឱ្យមានរឿងរាវច្រើនក៏សម្រេចចិត្តមិនដាក់ពាក្យបណ្តឹងនោះឡើង គ្រាន់តែឱ្យសមត្ថកិច្ចធ្វើការអប់រំទៅបានហើយ៕

ចែករំលែកព័តមាននេះ