ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​ណែ​ត ផ្តាំផ្ញើ​ជា​ច្រើន​ដល់​និស្សិត​នាយទាហាន​សកម្ម​ទាំងអស់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោក​ហ៊ុន ម៉ា​ណែ​ត ផ្តាំផ្ញើ​និស្សិត​នាយទាហាន​សកម្ម​ត្រូវ​យក​សមត្ថភាព​ជំនាញ ដើម្បី​ការពារ​ប្រទេស​ជាតិ និង​បម្រើ​ប្រជាពលរដ្ឋ ដែល​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ក្លោ​ង​ទ្វារ​សាលា​អគារ​ស្នាក់​នៅ​របស់​សិក្ខាកាម​និស្សិត​នាយទាហាន​សកម្ម​ជំនាន់​ទី​២២-២៣ នៅ​សាលា​នាយទាហាន​សកម្ម​ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ ៖ លោក​ហ៊ុន ម៉ា​ណែ​ត ផ្តាំផ្ញើ​និស្សិត​នាយទាហាន​សកម្ម​ត្រូវ​យក​សមត្ថភាព​ជំនាញ ដើម្បី​ការពារ​ប្រទេស​ជាតិ និង​បម្រើ​ប្រជាពលរដ្ឋ ដែល​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ក្លោ​ង​ទ្វារ​សាលា​អគារ​ស្នាក់​នៅ​របស់​សិក្ខាកាម​និស្សិត​នាយទាហាន​សកម្ម​ជំនាន់​ទី​២២-២៣ នៅ​សាលា​នាយទាហាន​សកម្ម​ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​អគ្គមេបញ្ជាការ​រង​លោក​ហ៊ុន ម៉ា​ណែ​ត បាន​ផ្តាំផ្ញើរ​ដល់​និស្សិត​នាយទាហាន​សកម្ម​ទាំងអស់​ត្រូវ​យក​សមត្ថភាព​ជំនាញ​របស់​ខ្លួន​ដែល​ទទួល​បាន​ពី​ការ​បណ្តុះបណ្តាល​នេះ​ទៅ​ការពារ​ប្រទេស​ជាតិ និង​បម្រើ​ប្រជាពលរដ្ឋ ។

លោក​ហ៊ុន ម៉ា​ណែ​ត ក៏​បាន​លើកទឹកចិត្ត​រួម​ទាំង​កោតសរសើរ​ផង​ដែរ ចំពោះ​ការ​សម្រេចចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព ខណៈ​ដែល​បច្ចុប្បន្ន​វិស័យ​ការងារ គឺ​មាន​ជម្រើស​ច្រើន​ណាស់​ទាំង​ការងារ​រដ្ឋ ការងារ​ឯកជន ស្ថាប័ន​អង្គការ NGO​ផ្សេង​ៗ ។ ដោយឡែក​ការ​ជ្រើសរើស​វិស័យ យោធា​ដែល​ប្អូន​ៗ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ត្រៀមប្រលង​រហូត​ទទួល​បាន​ជោគជ័យ​សំខាន់​ឆន្ទៈ​ជំហរ​រឹង​មាំ​មិន​បោះបង់​រត់​ចោលការ​សិក្សាការ​ហ្វឹកហាត់ គឺ​បង្ហាញ​ពី​តម្លៃ​នៃ​ឱកាស​ដែល​ប្អូន​ៗ​រៀន​នៅ​សាលា​នេះ ។

លោក​ហ៊ុន ម៉ា​ណែ​ត ថ្លែង​បញ្ជាក់​ថា អ្នក​ដែល​បាន​មក​អង្គុយ​នៅ​លើ​កៅអី​នេះ គឺជា​ឱកាស​មាស​ព្រោះ​កៅអី​នីមួយ​ៗ​មាន​តម្លៃ​ណាស់​មិន​អាច​កាត់ថ្លៃ​បាន​ដោយហេតុ​ថា និស្សិត​ដែល​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃនេះ គឺ​មានការ​ប្រកួតប្រជែង​ប្រកបដោយ​មោទនភាព​ខ្លួនឯង​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​នាក់ ។ ការ​ជាប់​នេះ គឺ​ជាប់​ដោយ​ការ​ប្រកួតប្រជែង​ជាប់​ដោយ​មោទនភាព ហើយ​បើ​ធ្លាក់ គឺ​ធ្លាក់​ដោយ​អស់ចិត្ត នេះ​ជា​ការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌ ។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ការ​ដែល​ប្រឡង​ជាប់​ពេល​នេះ​ទើប​ធ្វើ​អោយ​ខ្លួន​យើង​ដឹង​ពី​សមត្ថភាព​ខ្លួនឯង​ថា យើង​ខ្លាំង​ប៉ុណ្ណា ហើយ​ក៏​ជា​ឱកាស​មាស​មួយទៀត​ដែល​យើង​ទទួល​បានការ​បណ្តុះបណ្តាល​នៅ​មជ្ឈមណ្ឌល​អប់រំ​ដែល​ផ្តល់​ចំណេះវិជ្ជា​ជំនាញ​ដែល​សាលា​ឯកជន​ផ្សេង​មិន​មាន គឺ​យុទ្ធវិធី និង​ចំណេះដឹង​យោធា ហើយ​រៀន​ជា​នាយទាហាន​ទទួល​បាន​អាជីព​យោធា​កសាង​មនុស្ស​ឱ្យ​មាន​វិន័យ សណ្តាប់ធ្នាប់ មានការ​ទទួលខុសត្រូវ​ម៉ឺងម៉ាត់ និង​មាន​ភាព​ជា​អ្នកដឹកនាំ ។

លោក​ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ក្លាយជា​អ្នក​ទទួលខុសត្រូវ ឬ​ជា​មេ គឺ​ចាំបាច់​ត្រូវ​ដឹង​ពី​មូលដ្ឋាន​គ្រឹះ ហើយ​បើ​ចង់​រៀន​ថ្នាក់អនុបណ្ឌិត​ត្រូវ​ឆ្លងកាត់​ពី​បរិញ្ញាបត្រ​ជា​មុន​សិន ចង់​ក្លាយជា​នាយទាហាន​ថ្នាក់​មធ្យម ថ្នាក់ឧត្តម ដែល​មាន​មូលដ្ឋាន​គ្រឹះ​រឹង​មាំ​ទាល់តែ​ច្បាស់​ពី​នាយទាហាន​បឋម​ជា​មុន​សិន ។ ចំណែក​នាយទាហាន​នីមួយ​ៗ​ក៏​ត្រូវ​យល់​ពី​វិន័យ​សណ្តាប់ធ្នាប់​ការ​យល់​ដឹង​ពី​ការ​គ្រប់គ្រង​ខ្លួនឯង​យល់​ពី​កងទ័ព​យល់​ពី​ខ្លួនឯង​យល់​ពី​ការ​ទទួលខុស ត្រូវ​ក្នុង​នាម​ជា​នាយទាហាន​ដឹកនាំ​ពល​ទាហាន ។

ទន្ទឹម​នោះ​នាយទាហាន​ដែល​ចេញពី​សាលា​នាយទាហាន​សកម្ម និង​នាយ​ទាហានជើងគោក ដែល​បញ្ចប់​ការ​សិក្សា​ចេញពី​សាលា​គ្រប់គ្រង​ត្រឹមត្រូវ​មាន​មូលដ្ឋាន​ច្បាស់លាស់ គឺ​មានឱកាស​ច្រើន​នៅ​ក្នុង​ការ​កសាង​ភាព​ជោគជ័យ ប៉ុន្តែ​ក៏​វា​អាស្រ័យ​ទៅ​លើ​យុទ្ធវិធី​រៀន​ធ្វើ​ជា​មេ​គេ និង​ការងារ​ទទួលខុសត្រូវ​ផង​ដែរ ។ លោក​បញ្ជាក់​បន្ថែម​ថា និស្សិត​នាយទាហាន​ដែល​ចេញពី​សាលា​នាយទាហាន​សកម្ម​មានឱកាស​ច្រើន​នៅ​ក្នុង​ការ​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​ប្រើប្រាស់​យុទ្ធវិធី ជំនាញ និង​ភាព​ជា​អ្នកដឹកនាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ