ដូចកើតឡើងជាប់ៗគ្នាហើយ…ករណីអគ្គិភ័យក្នុងខែដ៏ក្តៅខ្លាំងនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះសន្ធោសន្ធៅនៅជាន់ទី១ នៃហាងសម្អាងការ«អប្សរាភ្នំពេញ» ដែលជាកន្លែងស្តុកទុកខោអាវ និងគ្រឿងសម្អាងការផ្សេងៗជាច្រើនរបស់ហាងបណ្តាលឲ្យខូតខាតអស់ទាំងស្រុង ដែលគិតជាទឹកប្រាក់រហូតដល់ខ្ទង់ម៉ឺនដុល្លារ ។

តាមព័ត៌មានឲ្យដឹងថា អគ្គិភ័យនេះកើតឡើងដោយសារការឆ្លងចរន្តអគ្គិសនី ហើយភ្លាមៗនោះក៏មានវត្តមានលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ ដឹកនាំកម្លាំងប្រជាការពារ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គិភ័យរហូតដល់៣១គ្រឿង ទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ។

ករណីអគ្គិភ័យខាងលើ កើតឡើងកាលពីវេលាម៉ោងប្រមាណ៣និង២០នាទីរសៀលថ្ងៃទី២៤ ខែមេសា ដែលហាងសម្អាងការយីហោ«អប្សរាភ្នំពេញ»នេះ មានទីតាំងផ្ទះលេខ១០៧ ផ្លូវលេខ៦៣(ផ្លូវត្រសក់ផ្អែម) ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ហាងសម្អាងការនេះឈ្មោះ លឹម ស្រេងសេដ្ឋា ភេទប្រុស អាយុ៥១ឆ្នាំ ជាវេជ្ជបណ្ឌិតបម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត ។ នាវេលារសៀលថ្ងៃនោះ ខណៈប្រពន្ធលោកវេជ្ជបណ្ឌិត និងបុគ្គលិកមួយចំនួនកំពុងធ្វើការនៅខាងក្នុងហាង ស្រាប់តែគេឃើញមានអណ្តាតភ្លើងឆេះ និងមានផ្សែងខ្មៅហុយទ្រលោមចេញពីជាន់ទី១ ដែលជាកន្លែងស្តុកទុកខោអាវ និងគ្រឿងសម្អាងជាច្រើន និងហុយចេញខាងក្រៅផងដែរ ។

ក្នុងករណីអគ្គិភ័យឆេះជាន់ទី១នៃហាងសម្អាងការយីហោ«អប្សរាភ្នំពេញ»នេះ គឺមានការលំបាកក្នុងការជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងខ្លាំង ដោយសារតែទ្វារត្រូវបានម្ចាស់ចាក់សោជាប់ និងទាល់តែវាយបំបែកកញ្ចក់ទើបអាចទាញទុយោចូលទៅបាញ់ទឹកពន្លត់បាន ។

កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរហូតដល់៣១គ្រឿងក្នុងការជួយអន្តរាគមន៍ ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យចំនួន២០គ្រឿង ក្រសួងមហាផ្ទៃចំនួន៣គ្រឿង កងរាជអាវុធហត្ថរាជធានីភ្នំពេញ២គ្រឿង របស់ទីក្រុងកោះពេជ្រចំនួន៣គ្រឿង និងក្រុមហ៊ុន OCIC ជ្រោយចង្វា៣គ្រឿង និងធ្វើការពន្លត់អស់រយៈពេលជិត២ម៉ោង ទើបភ្លើងបានទាំងស្រុង ៕


















ចែករំលែកព័តមាននេះ