ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮស្នូរ​ផ្ទុះ​កណ្តាលទន្លេ​…​អណ្តាតភ្លើង​ខ្មួលខ្មាញ់​ចេញពី​នាវា​ទេសចរណ៍​នេះ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាវា​ទេសចរណ៍​អន្តរជាតិធុន​មធ្យម​មួយ​គ្រឿង​មាន​កម្ពស់​៣​ជាន់បាន​ត្រូវភ្លើង​​ឆាបឆេះ​ផ្នែក​ខាងក្រោយហុយផ្សែង​ខ្មៅ​ទ្រលោម​ឡើង​ទៅ​លើ​អាកាស​ អស់​រយៈពេល​ជា​ច្រើន​ម៉ោង ពេល​ចត​នៅ​កណ្តាល​ទន្លេ ។ មុន​ពេល​មាន​ភ្លើង​ឆេះ​នេះ គេ​ឮ​សំឡេង​ផ្ទុះ​លាន់ឡើង​ដូច​ផ្ទុះ​បំពង់​ហ្កា​ស និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៥​និង​៥៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមេសា នៅ​កណ្តាលទន្លេ ត្រើយ​ខាងកើត ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។

បុរស​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​និយាយ​ថា នា​ល្ងាច​ថ្ងៃ​នោះ​ខណៈ​រូប​គាត់​កំពុង​អង្គុយ​លំហែកាយ​នៅ​មាត់ច្រាំង​ទន្លេ​ប៉ែក​ខាងលិច​ក្បែរ​កំពង់​ផែ​ទី​តា​និក ជាមួយនឹង​មិត្តភក្តិ​ម្នាក់​រួម​ជាមួយ​មនុស្ស​ម្នា​ច្រើន​ទៀត ស្រាប់តែ​មាន​សំឡេង​ផ្ទុះ​មួយ​លាន់​ដូច​សំឡេង​ផ្ទុះ​បំពង់​ហ្កា​ស ចេញពី​នាវា​ទេសចរណ៍​មួយ​គ្រឿង​នោះ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​មាន​សំឡេង​ផ្ទុះ​លាន់ឮ​ចេញពី​នាវា​ទេសចរណ៍​ខាងលើ​ហើយ ស្រាប់តែ​ពួក​គាត់​ឃើញ​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​នៅ​ផ្នែក​ខាងក្រោយ មើល​ពី​ចម្ងាយ​ទៅ​គួរ​ឱ្យ​បះសក់ និង​ឃើញ​មាន​មនុស្សរត់​ប្រសេចប្រសាច​នាំ​គ្នា​មក​ឈរ​នៅ​ផ្នែក​ខាង​មុខ​នាវា​នោះ ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ថា «​នាវា​នោះ​ត្រូវ​ភ្លើង​ឆេះ​» ។

ភ្លាម​នោះ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក ដែល​ឈរជើង​នៅ​ក្បែរ​ៗ​នោះ​បាន​ចេញ​អូ​ប័​រ​២​គ្រឿង​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា ។ ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ជា​សន្តិសុខ​យាមសួន​បានឱ្យ​ដឹង​ថា នាវា​ទេសចរណ៍​ធុន​ធំ​មួយ​គ្រឿង​នេះ ជានា​វា​ខ្នាត​អន្តរជាតិ​ដែល​តែងតែ​ដឹក​ភ្ញៀវ​បរទេស​កម្សាន្ត​តាម​ដង​ទន្លេ និង​ចូល​មក​សំចត​នៅ​រាជធានី​ភ្នំពេញ ទំនង​ដឹក​ភ្ញៀវ​បរទេស​មក​ពី​ប្រទេស​វៀតណាម ចូល​មក​លេង
ស្រុក​ខ្មែរ រួច​ហើយ​បើក​យក​ទៅ​ចត​នៅ​កណ្តាលទន្លេ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ភ្លើង​ឆេះ​នាវា​ដឹក​ភ្ញៀវទេសចរមួយ​គ្រឿង​នេះ​ដែរ មិន​មាន​អ្នកណា​ម្នាក់​បានដឹង​ថា កើតឡើង​ដោយសារ​មូលហេតុ​អ្វី​ឱ្យ​ប្រាកដ​ឡើយ គឺ​ពុំ​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​ទេ ហើយ​ក៏​មិន​បានដឹង​ថា​រង​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​ដែរ ប៉ុន្តែ​មិន​មាន​ប៉ះពាល់​ដល់​អាយុជីវិត​អ្នក​ជិះ​ណា​ម្នាក់​ឡើយ ៕