ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​កម្ពុជា​ពេញវ័យ​ប្រមាណ​២៩% មិន​ទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ប្រជាជន​ពេញវ័យ​របស់​កម្ពុជា​រាប់​ចាប់ពី​អ្នក​ដែល​មាន​អាយុ ១៨ ឆ្នាំ​ឡើង មាន​ចំនួន​ប្រមាណ​១០​លាន​នាក់​នោះ គឺ​មាន​យុវវ័យ​ប្រមាណ ២៩% មិន​ទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​នៅឡើយ​នោះ​ទេ​។…

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ប្រជាជន​ពេញវ័យ​របស់​កម្ពុជា​រាប់​ចាប់ពី​អ្នក​ដែល​មាន​អាយុ ១៨ ឆ្នាំ​ឡើង មាន​ចំនួន​ប្រមាណ​១០​លាន​នាក់​នោះ គឺ​មាន​យុវវ័យ​ប្រមាណ ២៩% មិន​ទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​នៅឡើយ​នោះ​ទេ​។

លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៣ ខែមេសា នៅ​ផ្សារ​ទំនើប​អុ​ី​អន​ទី​២​ឱ្យ​ដឹង​ថា «​ក្នុង​បរិបទ​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​និង​ចំណេះដឹង​ផ្នែក​ហរិ​ញ្ញ​វត្ថុ​យើង​ឃើញ​ថា (​ក្រាប​) ប្រជាជន​កម្ពុជា​ពេញវ័យ​នៅ​ក្នុង​ប្រទេស​យើង​មាន​ប្រមាណ​១០​លាន​នាក់​តាម​ទិន្នន័យ​ចុង​ក្រោយ​ការ​របស់​ក្រសួងផែនការ​ណ៍ ហើយ​ក្នុង​នោះ​យើង​មាន​ស្ត្រី ៥២% និង​បុរស​៤៨%​។ ក៏​ប៉ុន្តែ ក្នុង​ចំនួន​ប្រជាជន​ពេញវ័យ​សរុប មាន​តែ​២៩%​ទេ ដែល​មិន​ទាន់​មាន​សេវា​ហិរញ្ញវត្ថុ​» ។

តាម​ការ​ឲ្យ​ដឹង​របស់ លោកស្រី ជា សិរី គឺថា​មាន​ប្រជាពលរដ្ឋ​ពេញវ័យ ទោះបី​មាន​សេវា​ហិរញ្ញវត្ថុ​ណាមួយ ជា​ប្រាក់​សន្សំ (saving) ឬ​ប្រាក់​កម្ចី នៅ​តាម​គ្រឹះស្ថាន​ផ្លូវការ ឬ​ក៏​ធនាគារ​ណាមួយ គឹ​ត្រូវ​បាន​រាប់​បញ្ចូល​ថា មាន ឬ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ប្រើប្រាស់​ដែរ​។ តែ​អ្វី​ដែល​ជា​សក្តានុពល​នៅ​កម្ពុជា​ប្រជាជន​ពេញវ័យ​ដែល​មាន​អាយុ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ មាន​ចំនួន​ដល់​៤៣% នៃ​ប្រជាជន​ពេញវ័យ​សរុប អីចឹង​មាន​ន័យ​ថា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៅ​មានឱកាស​ជំរុញ​សេវា​ហិរញ្ញវត្ថុ​ទៅ​ដល់​យុវជន​ពេញវ័យ​ទាំងនោះ​គឺ​នៅ​មានឱកាស​ច្រើន​។

តាម​រយៈ​បទ​បង្ហាញ​របស់​លោកស្រី ជា សិរី ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា ៤៣% នៃ​ប្រជាជន​ពេញវ័យ មាន​កម្រិតវប្បធម៌​ត្រឹម​ថ្នាក់​មូលដ្ឋាន ខណៈ​៧៥ % នៃ​ចំនួន​ប្រជាពលរដ្ឋ​ពេញវ័យ​គឺ​រស់នៅ​ជនបទ ។ ទន្ទឹម​នឹង​ប្រជាជន​ពេញវ័យ​កម្ពុ​ជាមួយ​ចំនួន​មិន​ទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ប្រើប្រាស់ ដូច​ទៅ​នឹង​ប្រជាជន​ពេញវ័យ​ឯទៀត គេ​សង្កេត​ឃើញ​ថា​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។

ចំណែក​លោកស្រី នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​មាន​ប្រសាសន៍​ថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សំដៅ​ដល់​ចំណេះដឹង​និង​ជំនាញ​គ្រប់គ្រង ក្នុង​ការ​ចាត់ចែង​និង​ការ​ធ្វើ​ផែនការ​ផ្នែក​ហិរញ្ញវត្ថុ ឱ្យ​បាន​ត្រឹមត្រូវ និង​ឆ្លាត​វៃ ។ ចំណេះដឹង​និង​ជំនាញ​នេះ ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ជីវិត​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។ ចំណេះដឹង​និង​ជំនាញ​ជា​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ គឺ​ការ​ចេះ​គិតគូរ​អំពី​ចំណូល​ចំណាយ ព្រមទាំង​ចេះ​គិតគូរ​និង​ធ្វើ​ផែនការ​ចំណាយ​សម​ស្រប និង​ចំណូល​របស់​ខ្លួន​។

ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​បន្ត​ទៀត​ថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​អាច​ជា​ការ​យល់​ដឹង​អំពី​គោលការណ៍​និង​បែបបទ​សំខាន់​ៗ​ពាក់ព័ន្ធ​និង​ហិរញ្ញវត្ថុ​។ ឧទាហរណ៍​ដូច​ជា​កម្រិត​ហានិភ័យ​និង​កម្រិត​ប្រាក់​ចំណូល​និង​ការ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​។​ជា​ទូទៅ​ប្រជាពលរដ្ឋ​ដែល​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ នឹង​មាន​សមត្ថភាព​សម្រេច​ចិត្តបាន​ប្រសើរ​ជាង​ប្រជាពលរដ្ឋ​ដែល​ពុំ​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​។
លោកស្រី នាវ ច័ន្ទ​ថា​ណា គូសបញ្ជាក់​ថា «​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នឹង​រួមចំណែក​ដល់​ការ​លើកកម្ពស់​កម្រិត​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដោយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទទួល​បាន​និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ ផ្លូវការ​បាន​កាន់តែ​ច្រើន ប៉ុន្តែ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ក៏​ត្រូវ​មាន​កាតព្វកិច្ច​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​និង​ប្រកបដោយ​តម្លាភាព និង​ធានា​ថា​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ត្រូវ​បានការ​ពារ​ដោយ​ត្រឹមត្រូវ​។​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ បាន​កំពុង​ក្លាយជា​របៀបវារៈ​ដ៏​សំខាន់​មួយ​ដែល​ពុំ​អាច​ខ្វះ​បាន​នៅ​ក្នុង​ង​បរិបទ​នៃ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​រីក​ចម្រើន​នូវ​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​ដែល​កាន់តែ​ចម្រុះ​និង​ស្មុគស្មាញ​»​។

លោកស្រី​បាន​លើក​ឡើង​ថា ការ​ធ្វើ​ពិពិធ​កម្ម​សេវា​ហិរញ្ញវត្ថុ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ អាច​ផ្តល់​ភាព​ទាក់ទាញ​និង​ងាយស្រួល​ដល់​អតិថិជន​ឱ្យ​ជ្រើសរើស​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​អាច​បំពេញ​តាម​តម្រូវការ​ជាក់ស្តែង និង​ប្រកបដោយ​ប្រសិទ្ធភាព​ជាង​មុន​។​ដូច្នេះ​ហើយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នឹង​ជួយ​ឱ្យ​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​សម្រេចចិត្ត​និង​ទាញ​យក​ប្រយោជន៍​ពី​ការ​ប្រើប្រាស់​សវា​ហិរញ្ញវត្ថុ បែប​ទំនើប​។

ម្យ៉ាងទៀត ចំណេះដឹង​ផ្នែ​ហិរញ្ញវត្ថុ ក៏​នឹង​ជួយ​ជំរុញ​ឱ្យ​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​តាម​រយៈ​ការ​ពង្រឹង​វិន័យ​ទីផ្សារ​។ គ្រឹះស្ថាន​ធនាគារ​និង ហិរញ្ញវត្ថុ ចាំបាច់​ត្រូវ​កែ​លម្អ​វិធាន​និង​គំរូ​អាជីវកម្ម របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ផ្តល់​សេវាកម្ម ប្រកបដោយ​ការ​ទទួលខុសត្រូវ​និង​មិន​មានការ​កេងប្រវ័ញ្ច​។ រីឯ​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ មានការ​យល់​ដឹង​កាន់តែ​ច្រើន និង​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ​និង​តម្លាភាព ហើយ​ពួក​គាត់​នឹង​មាន​សមត្ថភាព​ក្នុង​ការ​ថ្លឹងថ្លែង​អំពី​ចំណូល​និង​ចំណាយ​ព្រមទាំង​វាយតម្លៃ​និង​ជ្រើសរើស​សេវា​ហិរញ្ញវត្ថុ​ពី​គ្រឹះស្ថាន​ដែលល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ