ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​3​របស់​កម្ពុជា​នឹង​ចុះ​ក្នុង​បញ្ជី​ទីក្រុង​បេតិកភណ្ឌ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​អ៊ូ​ម៉ា អា​ឡា​ម នាយក​ការិយាល័យ​នៅ​ភ្នំពេញ និង​ជា​តំណាង​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​កម្ពុជា បាន​អះអាង​ថា លោក​នឹង​ផ្តល់​កិច្ចសហការ​ក្នុង​ការ​ជំរុញ​នូវ​ការ​ចុះបញ្ជី​ទីក្រុង​៣ ក្រុង​បាត់​ដំបង ក្រុង​កំពត…

រាជធានី​ភ្នំពេញ ៖ លោក​អ៊ូ​ម៉ា អា​ឡា​ម នាយក​ការិយាល័យ​នៅ​ភ្នំពេញ និង​ជា​តំណាង​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​កម្ពុជា បាន​អះអាង​ថា លោក​នឹង​ផ្តល់​កិច្ចសហការ​ក្នុង​ការ​ជំរុញ​នូវ​ការ​ចុះបញ្ជី​ទីក្រុង​៣ ក្រុង​បាត់​ដំបង ក្រុង​កំពត និង​ក្រុង​ក្រចេះ ក្នុង​បញ្ជី​ទីក្រុង​បេតិកភណ្ឌ​របស់​អង្គការ​យូ​ណេ​ស្កូ ឱ្យ​បាន​ឆាប់រហ័ស ។

ការ​លើក​ឡើង​បែប​នេះ​របស់​លោក​អ៊ូ​ម៉ា អា​ឡា​ម កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩​នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជួប​សម្តែង​ការ​គួរសម និង​ភា​ក្សា​ការងារ​ជាមួយ​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ។

លោក​អ៊ូ​ម៉ា អា​ឡា​ម បាន​អះអាង​ថា​លោក​នឹង​ផ្តល់​កិច្ចសហការ​ក្នុង​ការ​ជំរុញ​នូវ​ការ​ចុះបញ្ជី​ក្រុង​បាត់ដំបង ក្រុង​កំពត និង​ក្រុង​ក្រចេះ ក្នុង​បញ្ជី​ទីក្រុង​បេតិកភណ្ឌ របស់​អង្គការ​យូ​ណេ​ស្កូ ។ លោក​នឹង​ជំរុញ​លើ​កិច្ច​ការ​នេះ ជា​ពិសេស​ជំរុញ​ការងារ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ធ្វើ​យ៉ាង​ឱ្យ​យើង​បាន​ចុះបញ្ជី​ទីក្រុង​ទាំង​៣​នេះ​ឱ្យ​បាន​ឆាប់រហ័ស ។

លោក​អ៊ូ​ម៉ា អា​ឡា​ម លើក​ឡើង​ដែរ​ថា​អង្គការ​យូ​ណេ​ស្កូ នឹង​សហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ពន្យារពេល​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ​ក៏​ដូច​ជា​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ធ្វើ​ពិពិធ​កម្ម​នូវ​គោលដៅ​របស់​គាត់​ទៅ​កាន់​តំបន់​បេតិកភណ្ឌ​ផ្សេង​ទៀត ។

លោក​ក៏​បាន​បង្ហាញ​ពី​សមិទ្ធផល​កន្លង​មក​ដែល​អង្គការ​យូ​ណេ​ស្កូ​បាន​សហការ​ជាមួយ​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រាជរដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិ​រក្ស​នូវ​សម្បត្តិ​បេតិកភណ្ឌ​រូបី និង​អរូបី ព្រមទាំង​រួមចំណែក​ក្នុង​ការ​ជំរុញ​នូវ​វិស័យ​ទេសចរណ៍​ផ្សា​ភ្ជាប់​នឹង​វប្បធម៌​ផង​ដែរ ។

លោក​អ៊ូ​ម៉ា អា​ឡា​ម បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ដែល​ជំរុញ​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត​ទៅ​កាន់​តំបន់​បេតិកភណ្ឌ ក្រៅពី​ប្រាសាទអង្គរវត្ត ហើយ​បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​រួម​មាន ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ដូច្នេះ​អង្គការ​យូ​ណេ​ស្កូ នឹង​ខិតខំ​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពន្យារពេល​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​តំបន់​ទេសចរណ៍ ផ្សេង​ៗ​ទៀត​របស់​កម្ពុជា ។

លោក​អ៊ូ​ម៉ា អា​ឡា​ម បាន​បង្ហាញ​ពី​ការ​ពេញចិត្ត​ចំពោះ​ទស្សនវិស័យ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងទេស​ចរណ៍ ហើយ​សន្យា​បន្ត​សហការ​ជាមួយ​គ្នា​រៀបចំ​នូវ​កម្មវិធី​រួម​គ្នា ឬ​ក៏​វគ្គ​បណ្តុះបណ្តាល​ជាមួយ​គ្នា​ផ្សេង​ទៀត ដើម្បី​ធ្វើ​យ៉ាង​ជំរុញ​ឱ្យ​ការ​អភិរក្ស​វិស័យ​វប្បធម៌ ដើរ​ទន្ទឹម​គ្នា​ជាមួយ​គ្នា​នឹង​ការ​ជំរុញ និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ភ្ជាប់​ទេសចរណ៍វប្បធម៌​ជាមួយ​គ្នា​តែ​ម្តង ។

លោក​ថោ​ង ខុន បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ជា​ពិសេស​ការ​ផ្សា​ភ្ជាប់​វិស័យ​ទេសចរណ៍ វប្បធម៌ ព្រមទាំង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ក៏​ដូច​ជា​នៅ​តាម​គោលដៅ​ទេសចរណ៍វប្បធម៌​មួយ​ចំនួន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងទេសចរណ៍ លើ​កិច្ចការ​ជំរុញ​ភ្ញៀវ​ទេស​ចរ​ទៅ​កាន់​តំបន់​ទេសចរណ៍​បែប​បេតិកភណ្ឌ ។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ជម្រាប​ជូន​អគ្គនាយក​អង្គការ​យូ​ណេ​ស្កូ​ថា ក្រោម​ការ​ដឹកនាំ​ចង្អុល​បង្ហាញ​ជាប់​ជា​ប្រចាំ និង​ដោយ​យកចិត្តទុកដាក់​បំផុត​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្រសួងទេ​ស​ចរណ៍ ក្រសួង​វប្បធម៌ អាជ្ញាធរ​ជាតិ​អប្សរា អង្គការ UNWTO UNESCO មាន​កិច្ច​ហ​ការ​គ្នា​យ៉ាង​ល្អ ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ វប្បធម៌​នៅ​កម្ពុជា​ដោយ​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ