រាជធានីភ្នំពេញ ៖ នាពេលបច្ចុប្បន្ននេះសេវាកម្មបង់រំលស់ ត្រូវបានគេសង្កេតឃើញថា មានការរីកដុះដាលខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងនោះរាប់ចាប់តាំងពីសេវាកម្មបង់រំលស់របស់របរប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងយន្ត រហូតដល់រំលស់អចលនទ្រព្យជាដើម ។ បើសិនជាសេវាកម្មនេះ កាន់តែរីកសាយខ្លាំងនៅកម្ពុជា តើវាចំណេញអ្វីដល់ពលរដ្ឋ ជាពិសេសសេដ្ឋកិច្ច ឬអាចមានផលប៉ះពាល់យ៉ាងម៉េច ?

បើតាមលោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ច នៃក្រុមហ៊ុន Emerging Markets Consulting បានអោយដឹងថា ការទិញរបស់បង់រំលស់ជាការល្អហើយ បើសិនជារបស់នោះជារបស់ចាំបាច់ ហើយអ្នកប្រើប្រាស់សេវាកម្មបង់រំលស់នោះយកទៅធ្វើអ្វីដែលមានប្រយោជន៍ តែបើសិនចេះតែទិញបង់រំលស់របស់ដែលមិនចាំបាច់វាមានផលប៉ះពាល់ធ្ងន់ធ្ងរទៅវិញទេ ។ លោក ង៉ែត ជូ មានប្រសាសន៍បញ្ជាក់ថា « វាជាការល្អហើយដែលមានសេវាកម្មបង់រំលស់នៅកម្ពុជា ប៉ុន្តែបើសិនជាអ្នកប្រើប្រាស់សេវាកម្មបង់រំលស់ តែរបស់ណាដែលមិនបានផ្ដល់ប្រយោជន៍ដល់យើងវិញក៏វាមិនប្រសើរដែរ ជាក់ស្ដែងដូចជាបង់រំលស់ទូរស័ព្ទដៃដើម្បីឡើងស៊េរី បង់រំលស់ម៉ូតូថ្មី ខណៈខ្លួនក៏មានម៉ូតូប្រើរួចហើយជាដើម »។ លោកបន្តថាសម្រាប់ប្រទេសដែលជាអ្នកផលិត ហើយគេលក់បង់រំលស់ទៅពលរដ្ឋគេ វាជាការប្រសើរណាស់ ព្រោះមិនចាំបាច់ចំណាយលុយលើការនាំចូលរបស់ទាំងនោះមកលក់បង់រំលស់ និងចំណាយថ្លៃការប្រាក់ទៅប្រទេសគេវិញ តែសម្រាប់ប្រទេសកម្ពុជា ជាប្រទេសនាំចូលនូវសម្ភារៈភាគច្រើនមកផ្គត់ផ្គង់ទីផ្សារ ដូច្នេះ អ្នកដែលចង់ប្រើរបស់បង់រំលស់ក៏គួរតែគិតគូរអោយបានច្បាស់លាស់ផងដែរ ។
លោកបន្ថែមទៀតថា បើក្រលេកទៅមើលអាជីវកម្មបង់រំលស់នានា នៅក្នុងប្រទេសកម្ពុជាធៀបនឹងប្រទេសជិតខាង ជាពិសេសប្រទេសថៃ ឃើញថាកម្ពុជានៅមានកម្រិតទាបជាងប្រទេសគេ តែយើងត្រូវដឹងថាប្រទេសគេ គេបង់រំលស់ច្រើន ពីព្រោះគេជាប្រទេសអ្នកផលិតស្រាប់ ចំណែកយើងជាប្រទេសនាំចូល ដូច្នេះយើងមិនអាចប្រកួតប្រជែងខាងបង់រំលស់ច្រើនពេកទេ ។
ដោយឡែកលោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានក្នុងស្រុកមួយ ផ្ដល់សេវាកម្មបង់រំលស់លើម៉ូតូ និងកង់បីដែរនោះ បានមានប្រសាសន៍ថា សព្វថ្ងៃនេះ ការផ្ដល់សេវាកម្មបង់រំលស់នៅកម្ពុជា គេមើលឃើញថាមានច្រើនពិតមែន ក៏ប៉ុន្តែសេវាកម្មបង់រំលស់ខ្លះមិនមានស្តង់ដារត្រឹមត្រូវ និងមិនមានតម្លាភាពត្រឹមត្រូវ ក្នុងការគណនានោះទេ ដែលធ្វើអោយប្រជាពលរដ្ឋមិនទទួលបាននូវអត្ថប្រយោជន៍ពិតប្រាកដ ។ ប៉ុន្តែបើសិនជាសេវាកម្មបង់រំលស់នៅក្នុងប្រទេសកម្ពុជា មានតម្លាភាពនិងគណនាតាមស្តង់ដារត្រឹមត្រូវ នឹងធ្វើអោយអ្នកប្រើប្រាស់សេវាកម្មនេះ ទទួលបាននូវប្រយោជន៍ជាច្រើន ។ យ៉ាងណាមិញការបង្កើតអោយសេវាកម្មបង់រំលស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺដោយសារតែ តម្រូវការនៅកម្ពុជាមានច្រើន និងចង់រួមចំណែកដល់ជីវភាពពលរដ្ឋ និងសេដ្ឋកិច្ចជាតិផង ។
លោកបន្តថា ការប្រើប្រាស់សេវាកម្មបង់រំលស់ របស់ពលរដ្ឋ ពិតជាមានប្រយោជន៍ខ្លាំងណាស់ ។ ឧទាហរណ៍ជាក់ស្ដែង បើសិនពលរដ្ឋចង់បានរបស់ប្រើប្រាស់ចាំបាច់មួយសម្រាប់អាជីវកម្ម បង្កើនប្រាក់ចំណូល ហើយមិនមានលទ្ធភាពបង់ផ្ដាច់ ហើយមានសេវាកម្មបង់រំលស់នោះ ពួកគាត់នឹងទទួលបានរបស់នោះតាមប្រាថ្នា និងអាចបង់ត្រលប់ទៅវិញជាប្រចាំខែ ក្នុងបរិមាណទឹកប្រាក់ដែលអាចរ៉ាប់រងបាន ។
លោក សួន ពិសី បន្ថែមទៀតថា « អត្ថ ប្រយោជន៍មួយទៀត នៃការប្រើប្រាស់សេវាកម្មបង់រំលស់ នឹងជំរុញអោយមានការចាយវាយកាន់តែច្រើន ជាក់ស្ដែងនៅពេលដែលមានសេវាកម្មបង់រំលស់ ពលរដ្ឋនឹងមានលទ្ធភាពបង់ប្រចាំខែកាន់តែច្រើន ដែលធ្វើអោយចរន្តនៃការចាយកាន់តែច្រើន អាចធ្វើអោយចរន្តសេដ្ឋកិច្ចក៏កាន់តែខ្លាំងដែរ » ។
ចំណែកលោក Piyachart Srimarut ប្រធានក្រុមហ៊ុនគ្រឿងយន្តកសិកម្ម គូបូតា ដែលផ្ដល់សេវាកម្មបង់រំលស់ដល់អតិថិជនដែរនោះ ក៏បានអោយដឹងថា ការបង្កើតសេវាកម្មបង់រំលស់របស់ក្រុមហ៊ុនមួយៗ គឺក្នុងគោលបំណងសម្រួលដល់អ្នកដែលមិនមានលទ្ធភាពទិញរបស់បង់ផ្ដាច់ ដើម្បីយករបស់ទៅប្រើប្រាស់សម្រាប់បង្កើនចំណូល ប៉ុន្តែក្រុមហ៊ុនបង់រំលស់ក៏គួរតែមានភាពត្រឹមត្រូវនិងស្មោះត្រង់ចំពោះអតិថិជនរបស់ខ្លួនផងដែរ ៕
ចែករំលែកព័តមាននេះ