កម្ពុជា​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់លាស់​ពាក់ព័ន្ធ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ អា​មេ​រិ​ក​និង​ចិន​ខណៈ​មហាអំណាច​ទាំង​ពីរ​បង្កាត់​សមរភូមិ​ពាក្យ​សម្តី​នៅ​កម្ពុជា


រាជធានី​ភ្នំពេញ ៖ ខណៈ​សមរភូមិ​ពាក្យ​សម្តី​រវាង​មហាអំណាច​ចិន​និង​អា​មេ​រិ​ក​កំពុង​កើត​មាន​យ៉ាង​ក្តៅ​គគុក​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​នៃ​ប្រទេស​កម្ពុជា​-​ចិន និង​កម្ពុជា​-​អា​មេ​រិ​ក​នោះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ​ឥ​សាន បាន​ថ្លែង​នា​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ​ថា កម្ពុជា​មិន​ប្រកាន់​យក​ការ​ធ្វើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន ហើយ​ទាត់​ចោល​ប្រទេស​សហរដ្ឋអាមេរិក នោះ​ទេ គឺ​មាន​ន័យ​ថា បើ​ទោះបីជា ពាណិជ្ជកម្ម​ទ្វេរ​ភាគី​រវាង​កម្ពុជា​-​ចិន និង​កម្ពុជា​-​អា​មេ​រិ​ក មាន​ទំហំ​ខុស​គ្នា​ក្តី​។

ផ្តល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា ទោះបីជា​មាន ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ (​ចិន​-​អា​មេ​រិ​ក​)​ជាមួយប្រទេស​កម្ពុជា​មិន​ដូច​គ្នា​ក្តី ក៏​ប៉ុន្តែ​ទំហំ​ពាណិជ្ជ កម្ម​រវាង​កម្ពុជា​និង​មហាអំណាច​ទាំង​ពីរ គឺ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ប្រជាជន​កម្ពុជា​និង​ប្រទេស​កម្ពុជា​។ ជាក់ស្តែង ការ​វិនិយោគ​របស់​ប្រទេស​ចិន​មក​កម្ពុជា​មាន​ចំនួន​ច្រើន​លើសលប់ ជា​ពិសេស​ចិន បាន​នឹង​កំពុង​នាំមុខ​គេ ក្នុង​ការ​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ដល់​កម្ពុជា ផ្លូវថ្នល់ ស្ពាន សាលា និង​លើ​គ្រប់​វិស័យ​ទាំងអស់ ។ លោក​សុខ ឥ​សាន មាន​ប្រសាសន៍​បញ្ជាក់​ថា «​យើង​មិន​អាច​ប្រលង​ណាំង​ប្រជែង​ជាមួយ​ប្រទេស​មហាអំណាច​នេះ​បាន​ទេ ។ ដូច្នេះ​យើង​ធ្វើ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​ជាមួយ​មហាអំណាច​ទាំង​ពីរ មិន​ចោល​មួយ យក​មួយ​នោះ​ទេ​»​។

សូម​បញ្ជាក់​ថា​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី ១៩ ខែមេសា កន្លង​ទៅ​បាន​សរសេរ​សា​រលើ​បណ្តាញ​សង្គម​របស់​ខ្លួន​ដោយ​លើក​ឡើង​ថា​កម្ពុជា​មិន​បាន​ចំណេញ​ពី​ការ​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន​ឡើយ ។ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​បាន​សរសេរ​វាយប្រហារ​ចិន​យ៉ាង​ដូច្នេះ​ថា «​ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន​។ ប្រហែល ៨៧% នៃ​ទំនិញ​ដោះ​ដូរ​គ្នា​គឺជា​ទំនិញ​នាំ​ចូល​មក​ពី​ប្រទេស​ចិន ដែល​មិន​ជួយ​ដល់​ការ​ធ្វើ​អោយ​មានការ​ងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​នោះ​ទេ​។ នេះ​គ្រាន់តែ​ជា​ផ្លូវ​មួយទៀត​ដែល​ប្រទេស​កម្ពុជា បាន​ងាក​ចេញពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែល​មាន​តុល្យភាព និង​លក្ខណៈ​ចម្រុះ​ច្រើន ទៅ​រក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែល​មានការ​ពឹងផ្អែក​ច្រើន​ទៅ​លើ​ប្រទេស​ចិន​។

ព្រម​ជាមួយ​គ្នា​នោះ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ក៏​បា​នប​ង្ហ​ញ​នូវ​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​អា​មេ​រិ​ក និង​កម្ពុជា​-​ចិន ។ អា​មេ​រិ​កបាន​បង្ហាញ​ការ​ប្រៀបធៀប​នៃ ពាណិជ្ជកម្ម​សរុប​កម្ពុជា – អា​មេ​រិ​ក គឺ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៧​មាន​ទំហំ​ដល់​ទៅ​ជាង ៣ ០៦៦ លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​គឺ​មាន​ចំនួន​តែ ៧៥៣ លាន​ដុល្លារ​អា​មេ​រិ​ក តែ​ការ​នាំ​ចូល​ពី​ចិន​មក​កម្ពុជា​គឺ​មាន​ទំហំ​ដល់​ទៅ​ជាង ៥ ២៨៦ លាន​ដុល្លារ​អា​មេ​រិ​ក ។

ភ្លាម​ៗ​ក្រោយ​ពី​ការ​បង្ហោះ​នូវ​សារ​មាន លក្ខណៈ​វាយប្រហារ​ប្រឆាំង​នឹង​ការ​ពាណិជ្ជ កម្ម​របស់​ចិន ហាក់​ផ្តល់​ប្រយោជន៍​តិចតួច​ដល់​កម្ពុជា​នោះ ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​២០ ខែមេសា បាន​សរសេរ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​អា​មេ​រិ​ក​កំពុង​បង្ក​បញ្ហា​ម្តងទៀត​ជាមួយ​អ្វី​ដែល​គេ​ហៅ​ថា​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​។ ស្ថានទូត​ចិន​បាន​សរសេរ​ថា «​មិត្ត​កម្ពុជា​ទាំងអស់​ចូរ​ប្រុង​ប្រយ័ត្ន​! សហរដ្ឋអាមេរិក​កំពុង​តែ​បង្ក​បញ្ហា​ម្តងទៀត​ជាមួយនឹង​អ្វី​ដែល​គេ​ហៅ​ថា បញ្ហា​ឱនភាព​ពាណិជ្ជកម្ម ។ វា​គឺជា​រឿង​ធម្មតា​ទេ ព្រោះ​នៅ​ក្នុង​ពិភព​នៃ​សកលភាវូបនីយកម្ម សកម្មភាព​ពាណិជ្ជកម្ម​តែងតែ​ធ្វើ​ដំណើរ​ហួស​ពី​កម្រិត​ទ្វេភាគី​។ នៅ​ក្នុង​ករណី​កម្ពុជា​វិញ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​នូវ​វត្ថុធាតុដើម​វាយនភ័ណ្ឌ និង​គ្រឿង​ម៉ាស៊ីន​វាយនភ័ណ្ឌ​យ៉ាងច្រើន​ពី​ប្រទេស​ចិន សម្រាប់​បម្រើ​វិស័យ​កាត់ដេរ​ខណៈ​ដែល​ខ្លួន​បាន​នាំ​ចេញ​ផលិតផល​សម្រេច​ទៅ​កាន់​គ្រប់​ទីកន្លែង​ទូ​ទាំង​សកលលោក ក្នុង​នោះ​រួម​មាន​ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ផង​ដែរ​» ។

នៅ​ក្នុង​ករណី​នេះ វា​គឺជា​ភាព​សកម្ម​បំផុត​របស់​កម្មករ​ខ្មែរ ដែល​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​។ ក្រៅពី​នេះ ទំនាក់ទំនង​រវាង​រដ្ឋ និង​រដ្ឋ គឺ​មិនមែន​ត្រឹមតែ​ដើម្បី​ពាណិជ្ជកម្ម​នោះ​ឡើយ​។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ចំនួន​៣១​ខ្សែ និង​ស្ពាន​ចំនួន ៨ សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ប្រវែង​សរុប​ជាង ៣,០០០​គីឡូម៉ែត្រ​។​ចុះ​តើ​សហរដ្ឋអាមេរិក​វិញ​ធ្លាប់​បាន​ជួយ​ធ្វើ​អ្វីខ្លះ​ដល់​កម្ពុជា​សម្រាប់​វិស័យ​មួយ​នេះ0x017d7 ចិន​បាន​ជួយ​កសាង​ស្ថានីយ​វា​រី​អគ្គិសនី​ទាំងអស់​នៅ​កម្ពុជា (​ស្មើនឹង ៨០%​នៃ​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ដែល​មានដំណើរ​ការ​នៅ​កម្ពុជា​)​។ ចុះ​តើ​សហរដ្ឋអាមេរិក​បាន​ធ្វើ​អ្វីខ្លះ​ដែរ? យ៉ាងណាមិញ លោក ខៀវ កញ្ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​សារ​លើ ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ថ្ងៃ​ទី ២០ ខែមេសា ហាក់​វាយបក​ទៅ​អា​មេ​រិ​ក ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា «​ប្រហែល​មាន​តែ​នៅ​ស្រុក​ខ្មែរ​ទេ ដែល​ស្ថានទូត​មួយ​បញ្ចេញ​ដំណឹង​ក្លែងបន្លំ (fake news) វាយប្រហារ​ប្រទេស​ម្ចាស់ផ្ទះ​ផង វាយប្រហារ​ប្រទេស​មួយទៀត​ដែល​ខ្លួន​មាន​ទំនាក់ទំនង​ស្ថានទូត​ជាមួយ​ផង ។ អ្នក​«​វិភាគ​» នៅ​ទី​នេះ ខំ​បង្ហាញ​ថា គឺ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ទេ​ដែល​បាន​បង្កើត​ការងារ​នៅ​ស្រុក​ខ្មែរ តែ​គេ​«​ភ្លេច​» បង្ហាញ​រឿង​មួយ​ដ៏​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ច​ផង​ដែរ នោះ​គឺ​ទំហំ​វិនិយោគ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ​តើ​មាន​ប៉ុន្មាន ? យើង​មាន​តែ​ចង់​កសាង​ទំនាក់ទំនង​ល្អជា​មួយ​គ្រប់​ប្រទេស ពិសេស​ជាមួយ​សហរដ្ឋអាមេរិក តែ​មនុស្ស​ខ្លះ​ប្រឹង​ដុត​កម្លោច​ទំនាក់ទំនង​នេះ ព្រោះតែ​អគតិ​របស់​ខ្លួន​ទៅ​វិញ​» ។

ទាក់​ទំនង​នឹង​ការ​លើក​ឡើង​ថា​កម្ពុជា​កំពុង​តែ​ងាក​ទៅ​រក​ចិន​ខ្លាំង​ជាង​អា​មេ​រិ​ក​ត្រូវ​បាន​លោក សុខ ឥ​សាន​បាន​បញ្ជាក់​ថា «​មិន​ដូច្នោះ​ទេ នយោបាយ​ការ​បរទេស​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​រាប់អាន​គ្រប់​បណ្តា​ប្រទេស​លើក​ពិភពលោក ប៉ុន្មាន​រយ​ប្រទេស​គឺជា​មិត្ត​របស់​កម្ពុជា​ទាំងអស់ ផ្អែក​លើ​មូលដ្ឋាន​គោល​អធិបតេយ្យភាព ឯករាជ្យ​ទឹកដី​របស់​គ្នា ជា​ពិសេស​មិន​លូកដៃ​ចូល​កិច្ច​ផ្ទៃក្នុង​ផង​គ្នា​»​។ អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា អា​មេ​រិ​ក​ក៏​បាន​ជួយ​ច្រើន​ដែរ​ក្នុង​ផ្នែក​មនុស្សធម៌ ទោះបីជា​ផ្នែក​ផ្សេង​ទៀត​អា​មេ​រិ​ក​មិន​ជួយ​ក៏​ដោយ​។ លោក​ក៏​បាន​គូសបញ្ជាក់​ថា «​និយាយ​រួម​កម្ពុជា និង​បណ្តា​ប្រទេស​លើ​សកលលោក បាន​រាប់អាន​គ្នា​មិត្ត​ដូច​គ្នា ។ ប៉ុន្តែ​ដោយឡែក​ចំណងទាក់ទង​រវាង​កម្ពុជា​-​ចិន គឺជា​ចំណង
មិត្តភាព​គ្រប់​ជ្រុងជ្រោយ ។ ហើយ​ចំណង មិត្តភាព​កម្ពុជា – អា​មេ​រិ​ក គឺជា​ចំណងទាក់ទង​មិត្តភាព​សាមគ្គីភាព សហប្រតិបត្តិការ​នៅ​លើ​ចំណុច​ណា​ដែល​រាជរដ្ឋាភិបាល នឹង​រដ្ឋាភិបាល ឯកភាព ដូច​ជា​បញ្ហា​ប​ញ្ជូ​ល​ឧក្រិដ្ឋជន​ខ្មែរ ដែល​ធ្វើអំពើ​ផ្តេសផ្តាស​មក​ខ្មែរ ការ​ដោះ​មីន ស្តារ និង​កែ​លម្អរ​តំបន់​ប្រាសាទ​មួយ​ចំនួន​ដែរ​»​។

អ្នកនាំពាក្យ​កាន់​អំណាច​ក៏​បាន​សម្តែង​សុ​ទិ ដ្ឋិ​និយម​ថា​សហ​អា​មេ​រិ​ក​នឹង​មិន​ដក​អនុគ្រោះ​ពន្ធ​ដូច​សហភាព​អឺរ៉ុប មក​លើ​កម្ពុជា​នោះ​ទេ ។ លោក​បញ្ជាក់​ថា «​រាល់​ថ្ងៃនេះ​អា​មេ​រិ​ក​បើកចំហរ​ពាណិជ្ជកម្ម​ហើយ​បានជា​អា​មេ​រិ​ក បើក​ទីផ្សារ​ឲ្យ​យើង​ចូល​ដោយ​មិន​យកពន្ធ​ដោយ​ប្រព័ន្ធ GSP និង MSN ។ អាហ្នឹង​ហើយ​បានជា យើង​ឃើញ​អា​មេ​រិ​ក​ចំពោះ​យើង​»​។ លោក សុខឥ​សាន​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​៖«​ខ្ញុំ​ជំនឿរ​ជឿជាក់​ថាបើ​គាត់​កុំ​យក​បញ្ហា នយោបាយ​មក​ផ្សា​ភ្ជាប់​ជាមួយ​គ្នា ខ្ញុំ​យល់​ថា​សហរដ្ឋអាមេរិក​នៅ​តែ​បើក​ទូលាយ ក្នុង​ការ​ផ្តល់​អនុគ្រោះ​ពន្ធ​ក្នុង​ប្រព័ន្ធ​GSP និង MSN​មក​កម្ពុជា​ធម្មតា​»៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ