រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចបានស្នើសុំដល់ភាគីថៃបើកច្រកព្រំដែនចំនួន៤ផ្សេងទៀត ដើម្បីសម្រួលដល់ភាពងាយស្រួលសម្រាប់ប្រជាជនប្រកបរបរកស៊ីចឹញ្ចឹមជីវិត ។ មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃទី២២ ខែមេសា ។
សម្តេចតេជោបានលើកឡើងសម្តេចបានស្នើដល់ភាគីថៃ ក្នុងការបើកច្រកព្រំដែនចំនួន៤កន្លែងផ្សេងបន្ថែមទៀត នៅព្រំដែនកម្ពុជា-ថៃ ដែលរួមមាន ច្រកព្រំដែនអានសេះ ច្រកជប់គគី ច្រកថ្មដា និងច្រកភ្នំដី ។ សម្តេចបញ្ជាក់ថា «កាលណាច្រកទាំងព្រំដែននេះ បានបើកនឹងមានភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មរវាងប្រជាជន និងប្រជាជន ។ ចំពោះសំណើរនេះត្រូវបានសម្តេចឲ្យដឹងថា ភាគីថៃបានឆ្លើយតបជាវិជ្ជមានពីនាយករដ្ឋមន្ត្រីលោកប្រាយុទ្ធ ចាន់អ៊ូចា រួចហើយ» ។
ជាមួយគ្នានោះដែរសម្តេចក៏បានលើកឡើងថា ច្រកអន្តរជាតិសេដ្ឋកិច្ចស្ទឹងបត់-បានណងអៀន គឺនឹងជួយពង្រឹងសេដ្ឋកិច្ចជាតិផងដែរ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសជិតខាង (NEDA) ដែលបានរួមសហការគ្នាសម្រេចបាននូវសមិទ្ធិផលល្អជាច្រើនក្នុងថ្ងៃនេះ ដែលក្នុងនោះរួមមានទាំងការផ្តល់ក្បាលរថភ្លើង និងផ្លូវដែកដែលឈប់ប្រើប្រវែង១៤០គីឡូម៉ែត្រ (ចាស់ថៃ តែថ្មីកម្ពុជា) ពីមិត្តថៃមកអោយកម្ពុជាជាមួយនឹងការតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន នៅទីក្រុងប៉ោយប៉ែត ។
សម្តេចបញ្ជាក់ថា «នៅពេលឆាប់ៗនេះ គឺយើងនឹងសាងសង់អគារសម្រួលពាណិជ្ជកម្មបន្ថែមនៅច្រកអន្តរជាតិនេះ ដើម្បីជួយសម្រួលដល់ការដឹកទំនិញធំៗដែលត្រូវបញ្ចៀសចេញពីច្រកចេញចូលតាមស្ពានប៉ោយប៉ែតសព្វថ្ងៃដែលមានលក្ខណៈតូចចង្អៀត គឺនឹងទុកសម្រាប់ឲ្យតែទេសចរឆ្លងកាត់តែប៉ុណ្ណោះ» ។ សម្តចបន្ថែមថា ទន្ទឹមនឹងនេះយើងនឹងសាងសង់ស្ពានដែកមួយផ្សេងទៀតដែលមានទទឹង៩ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ សម្រាប់បងប្អូនដែលមានមុខរបរអូសរទេះទំនិញតូចៗ ពីផ្សាររង់ក្លឿមកកាន់ប៉ោយប៉ែត បានប្រើប្រាស់ដាច់ដោយឡែក ។
ក្រោយពីស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន បានបើកជាផ្លូវការហើយ គឺរាល់ទំនិញចេញ-ចូលតាមរថយន្តធំៗ ត្រូវដឹកជញ្ជូនតាមស្ពានស្ទឹងបត់-បានណងអៀនវិញម្តង ហើយដែលងាយស្រួលឆ្ពោះទីកាន់ផ្លូវជាតិលេខ៥ បានកាន់តែងាយស្រួល និងឆាប់រហ័សទៀតផង៕
ចែករំលែកព័តមាននេះ