ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា -​ថៃ​ដាក់​ដំណើរការ​ផ្លូវដែក និង​បើក​ដំណើ​ការ​សាងសង់​ស្ពាន​ឆ្លង​ព្រំដែន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា -​ថៃ​បាន​ប្រារព្ធ​ពិធី​ចាក់​បេតុង​ភ្ជាប់​ស្ពាន​ឆ្លង​ព្រំដែន បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ និង​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ប្រទេស​កម្ពុជា​-​ថៃ ។ ពិធី​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែមេសា…

រាជធានី​ភ្នំពេញ ៖ កម្ពុជា -​ថៃ​បាន​ប្រារព្ធ​ពិធី​ចាក់​បេតុង​ភ្ជាប់​ស្ពាន​ឆ្លង​ព្រំដែន បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ និង​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ប្រទេស​កម្ពុជា​-​ថៃ ។ ពិធី​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​អធិបតី​ក្នុង​កម្មវិធី​៣​ផ្សេង​គ្នា​នៅ​លើ​ទឹកដី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

កម្មវិធី​ទាំង​៣​នោះ​រួម​មាន​១- ការ​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណ​ង​អៀន​) ២-​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ និង​ទី​៣ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួម​គ្នា​លើ​ការ​ដឹក​ជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU) ។ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​មានការ​ថ្លែង​សុន្ទរកថា រួម​គ្នា​ចំនួន​ពីរ គឺ​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កម្មវិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណ​ង​អៀន​) និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួម​គ្នា​លើ​ការ​ដឹក​ជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU) ។

បន្ទាប់​ពី​នោះ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​ធ្វើ​ដំណើរ​រួម​គ្នា​តាម​រថភ្លើង​ចេញពី​ស្ថានីយ​បាន​ក្លង​លឹ​ក​របស់​ថៃ ឆ្ពោះ​មក​កាន់​ស្ថានីយ​រថភ្លើង​របស់​កម្ពុជា នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ផង​ដែរ ។ ក្រោយ​បញ្ចប់​កម្មវិធី​នេះ​ទៅ​សម្តេច​តេ​ជោ និង​លោក​ប្រា​យុទ្ធ នឹង​អញ្ជើញពិសា​អាហារ​ពេល​ថ្ងៃ​រួម​គ្នា​ផង​ដែរ ។ ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណ​ង​អៀន​) ដែល​ចាក់​បេតុង​ត​ភ្ជាប់​នៅ​ថ្ងៃនេះ​បាន​សាងសង់​ដោយ​កង​វិស្វកម្ម​នៃ​កងទ័ព​ភូមិន្ទរ​ថៃ ហើយ​សិក្សា និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​ហា​យ​វ៉េ (DOH) ក្រសួង​ដឹក​ជញ្ជូន​ថៃ ក្រោម​ជំនួយ​ឥត​សំណង​ពី​រាជរដ្ឋាភិបាល​ថៃ​ជាង​១៩​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្រៅពី​ជំនួយ ឥត​សំណង​ពី​រាជរដ្ឋាភិបាល​ថៃ​លើ​គម្រោង​សាងសង់​ស្ពាន​ខាងលើ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​ថវិកាបដិភាគ​សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោសសម្អាត​មីន យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ពន្ធ​អាករ​ផ្សេង​ៗ ។

ស្ពាន​នេះ​ជា​ស្ពាន​ធំ​ទី​មួយ​ដែល​បាន​សាងសង់​លើ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចន្លោះ​បង្គោល​ខណ្ឌ​ព្រំសីមា លេខ​៥០ និង​លេខ​៥១ ។ ស្ពាន​នេះ​មាន​ប្រវែង​៦២០​ម៉ែត្រ ទទឹង​១៧​ម៉ែត្រ ដោយនៅ​ផ្នែក​កម្ពុជា​មាន​ប្រវែង​២១៥​ម៉ែត្រ នៅ​ផ្នែក​ខាង​ថៃ​មាន​ប្រវែង​៤០៥​ម៉ែត្រ ។ ការ​សាងសង់​ស្ពាន​នេះ គឺជា​ការ​បើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​រវាង​ប្រទេស​ទាំង​ពីរ​សំដៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ ។

ដោយឡែក​ការ​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណ​ង​អៀន និង​សាងសង់​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥​វិញ រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ហិរញ្ញប្បទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ​ប្រមាណ ២៦.៤២​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​សាងសង់​អគារ​ច្រក​ទ្វារ​ត្រួតពិនិត្យ​ព្រំដែន និង​ផ្លូវ​ត​ភ្ជាប់ សំណង់​អគារ​អន្តេវាសិកដ្ឋាន ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់ «​ឃ្លាំង និង​ទីលាន​កុងតឺន័រ​» ការ​ជួសជុល​កែ​លម្អ​ផ្លូវ​ចាស់ និង​សំណង់​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់ ។

បន្ទាប់​ពី​គម្រោង​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណ​ង​អៀន និង​កា​រត​ភ្ជាប់​ផ្លូវ​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ដាក់​ឱ្យ​ដំណើរការ​តំបន់​ប៉ោយ​ប៉ែ​ត​នឹង​ប្រែ​ក្លាយជា​តំបន់​អភិវឌ្ឍ​មួយ​យ៉ាង​ខ្លាំង ជា​មជ្ឈមណ្ឌល​ស្តុក និង​ចែកចាយ​ទំនិញ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​បង្កើត​ជា​សក្តានុពល​រូប​វ័​ន្ត​ដ៏​រឹង​មាំ​សម្រាប់​ទ្រទ្រង់​ដល់​គម្រោង​វិនិយោគ​នានា​ក្នុងស្រុក និង​ក្នុង​ប្រទេស​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ