ខេត្តកំពង់ឆ្នាំង ៖ ទឹកធ្លាក់ថ្មក្រាល គឺជារមណីយដ្ឋានដែលត្រូវបានសហគមន៍ រៀបចំឡើង មានរយៈពេលជាង៤ឆ្នាំមកហើយ ប៉ុន្តែហាក់គ្មានមនុស្សបានស្គាល់ និងមានភ្ញៀវមកលេងតិចតួចបំផុត ។

រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលនេះស្ថិតក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយ៥៧គីឡូម៉ែត្រពីទីក្រុងកំពង់ឆ្នាំង។

លោកប្រាក់ គឹមសេង អនុប្រធានសហគមន៍ទឹកធ្លាក់ថ្មក្រាល បានអោយដឹងថា ទឹក
ធ្លាក់ថ្មក្រាលគឺជាតំបន់ទឹកធ្លាក់យ៉ាងស្រស់ស្អាតនិងមានបរិស្ថានល្អ ដោយសារហេតុនេះហើយ ទើបអាជ្ញាធរមូលដ្ឋានបានបង្កើតសហគមន៍រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលនៅឆ្នាំ២០១៥ រហូតមកដល់ពេលនេះមានរយៈពេល ៤ឆ្នាំហើយ ប៉ុន្តែចាប់តាំងពីបង្កើតសហ
គមន៍ទឹកធ្លាក់ថ្មក្រាលនេះមក គឺមិនសូវមានភ្ញៀវទេសចរ មកលេងកំសាន្តឡើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។

លោកអនុប្រធានសហគមន៍ទឹកធ្លាក់ថ្មក្រាលបានបន្តថា ប៉ុន្តែជាភ័ព្វសំណាងនៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺថ្ងៃទី២ ដែលត្រូវនឹងថ្ងៃទី១៥ ខែ មេសា មានភ្ញៀវទេសចរមកលេងកម្សាន្តប្រមាណជាង៣ពាន់នាក់ ។ លោកបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរដែលមកលេងទឹកធ្លាក់ថ្មក្រាលមានចំនួនច្រើនលើសលុបបែបនេះ គឺដោយសារតែមាន អ្នកមកលេងកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលនេះ លុះពេលត្រឡប់ទៅវិញ ភ្ញៀវទេសចរក៏បានបង្ហោះរូបភាព ទឹកធ្លាក់ថ្មក្រាលតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏ដឹងតៗគ្នា ទើបថ្ងៃចូលឆ្នាំថ្មីឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរមកលេងកម្សាន្តយ៉ាងច្រើនកុះករ ។

លោកបានរំលឹកថា សហគមន៍ទឹកធ្លាក់ថ្មក្រាលមានចំនួន៧៣គ្រួសារ ហើយបានត្រួសត្រាយផ្លូវ កាប់ឆ្ការ ព្រៃ ដើម្បីរៀបបង្កើតជាតំបន់ទេសចរណ៍ បន្ទាប់មកក៏មានការចូលរួមពីសប្បុរសជននានាចាក់ដីបំពេញផ្លូវ និងខ្លះទៀតជួយធ្វើខ្យូសអង្គុយលេងផងដែរ ដែលមកដល់ពេលនេះមានខ្យូសចំនួន១៧កន្លែងហើយ ដែលភ្ញៀវអាចអង្គុយលេងបាន ហើយនឹងបន្តការអភិវឌ្ឍថែមទៀត ។

ជាចុងក្រោយក្នុងនាម លោកជាអនុប្រធានសហគមន៍ ក៏ដូចជាជំនួសមុខអាជ្ញាធរដែនដីសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមកលេងតំបន់ទឹកធ្លាក់ថ្មក្រាលដែលជារមណីយដ្ឋានថ្មីទើបនឹងរកឃើញនៅក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ដើម្បីចូលរួមគាំទ្រដល់សហគមន៍ដើម្បីឲ្យដំណើរការតំបន់មួយនេះក្លាយជាតំបន់ទេសចរណ៍ នៅទីនេះ រីកចំរើនឡើងជាងនេះ និងសូមអោយមន្ត្រីពាក់ពន្ឋ័ជួយធ្វើស្លាកសញ្ញាសំគាល់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលនេះអោយបានច្បាស់លាស់ សម្រាប់ជួយសម្រួលភ្ញៀវដែលចងមកកំសាន្ត។

សូមបញ្ជាក់ថា ភ្ញៀវទេសចរដែលចង់ទៅលេងកំសាន្តនៅរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ត្រូវធ្វើដំណើរចេញពីទីរួមខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥៣ ទៅដល់ផ្សារស្រុកទឹកផុស ត្រូវបន្តដំណើរឆ្លងកាត់ផ្លូវរថភ្លើង រហូតដល់ជិតវត្តក្នុងខ្លុងពពក ដែលមានចំងាយជាង៣០គីឡូម៉ែត្រ រូចបត់ស្តាំតាមផ្លូវក្រាលកៅស៊ូ និងក្រួសក្រហមជាង២០គីឡួម៉ែត្រ ទើបដល់ទៅដល់រមណីយដ្ឋានដ៍ស្រស់ស្អាតមួយនេះ៕
ចែករំលែកព័តមាននេះ