រាជធានីភ្នំពេញ ៖ លោកកឹម សុខា អតីតប្រធានគណបក្សង្គ្រោះជាតិបានសម្តែងក្តីសង្ឃឹមថា ថ្មីនេះអ្នកនយោបាយនឹងរកដំណោះស្រាយនយោបាយជាវិជ្ជមាន ។ ការបង្ហាញក្តីសង្ឃឹមនេះ ខណៈដែរលោកបានជូនពរប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មីនៅថ្ងៃទី១៣ មេសាយ៉ាងដូច្នេះថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ខ្ញុំកឹម សុខា សូមឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម ទុស្សាទេវី សូមព្រះមេត្តាប្រោសប្រទានពរជ័យ ។
លោកបន្តថា សូមឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព ការរីកចម្រើន ស្ថិតស្ថេរគង់វង្សសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលជាម្ចាស់ទឹកដី និងសូមឲ្យកម្ពុជាចាកផុតគ្រោះថ្នាក់ទាំងឡាយ ដែលបង្កដោយធម្មជាតិ ឬដោយមហិច្ឆិតាអគតិរបស់មនុស្ស ។ លោកបន្ថែមថា សូមឲ្យប្រជាពលរដ្ឋខ្មែររួមរស់ជាមួយគ្នា ដោយសុខដុមរមនា ប្រកបដោយព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិតា ឧបេក្ខា) និងសូមឲ្យកំចាត់ចេញពីកាយវាចា ចិត្តរបស់មនុស្ស ជាពិសេសអ្នកនយោបាយខ្មែរនូវអកុសលធម៌ទាំងឡាយ (លោភៈ ទោសៈ មោហៈ )ដូចជា ការលោភលន់គ្មានព្រំដែន ការរំលោភបំពាន ការគំរាមកំហែង អំពើហិង្សា ការមួលបង្កាច់ចោទប្រកាន់ ការលាបពណ៌ ការជេរប្រមាថ ការគំគួនសងសឹកគ្នា ដែលជាមូលហេតុនាំឲ្យមានការឈឺចាប់ ការបែកបាក់ក្នុងសង្គមជាតិ និងនាំឲ្យអាប់ឱននូវតម្លៃពូជសាសន៍ តម្លៃនៃអ្នកដឹកនាំ ជាពិសេសកិត្យានុភាពជាតិ ។ សូមឲ្យឆ្នាំថ្មីនេះជា ឆ្នាំសេរីសួរស្តី ឆ្នាំដែលខ្មែរវិលមករកដំណោះស្រាយជាវិជ្ជមានវិញ ៕
ចែករំលែកព័តមាននេះ