ខេត្តស្ទឹងត្រែង ៖ ឈើប្រណីតប្រភេទធ្នង់មូលមុខកាត់ប្រមាណជា៧០សង់ទីម៉ែត្រ និងមាន ប្រវែងរហូតដល់ ទៅ៩ម៉ែត្រ ត្រូវបានកម្លាំងកងរាជអាវុធហត្ថសហការជាមួយកម្លាំងរដ្ឋបាល ព្រៃឈើដកហូតនាំទៅរក្សាទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើកាលពីយប់វេលាម៉ោងជាង៧ យប់ថ្ងៃទី១១ មេសា ២០១៩ ស្ថិតនៅច្រាំងទន្លេ ភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ យោងតាមប្រភពព័ត៌មានឲ្យដឹងថា ឈើមូលប្រភេទធ្នង់នេះកាលពីជាង១០ឆ្នាំមុន ត្រូវបានក្រុមឈ្មួញសណ្តូនតាមទូកមានចំនួនប្រមាណជាជិត៣០ដើម ក្នុងគោលដៅចុះទៅខេត្តខាងក្រោមនៃ ទន្លេមេគង្គ តែជាអកុសល ត្រូវលិចនៅទល់មុខវត្តថាឡាបរិវ៉ាត់។
ប្រភពបន្តថា ឈើមូលទាំងនោះដើមដែលធំមាន មុខកាត់ទំហំលើសពីមួយម៉ែត្រចុះត្រឹម៤០សង់ទីម៉ែត្រ និងមានប្រវែងចន្លោះពី៦ម៉ែត្រ ដល់ទៅជិត១០ម៉ែត្រ ឬអាចលើសពីនេះ។ ប្រភពដដែលបន្តថា ក្រោយទូកសណ្តូន ឈើប្រណីតនោះលិចឈ្មួញបានជួលអ្នកជំនា ញមុជទឹកជាជនជាតិវៀតណាមចុះរាវរកប្រទះឃើញតែដោយសារយកមិនរួចក៏បានបោះបង់ចោលរហូតមកទល់ បច្ចុប្បន្ន។ លុះពេលនេះអ្នកមុជទឹកដែលជាជនជាតិវៀតណាមនោះបែរ មកប្រមូលគ្នាជាក្រុម ដើម្បីស្រង់ឈើប្រណីតនោះ មកលក់។
ប្រភពដដែលបន្តថា បន្ទាប់ពីប្រមូលក្រុមរួចរាល់លើកទីមួយពួកគេមុជទឹក ស្រង់បានចំនួន៥ដើម នាំមកលក់ឲ្យថៅកែ វៀតណាមមកពីប្រទេសឡាវបានទឹកប្រាក់ចំនួន៦ពាន់ដុល្លារ ធ្វើការបែងចែងគ្នា លុះលើកទី២ក្រុមអ្នកមុជទឹកនេះបានបែកបាក់គ្នាដោយបោះបង់មិត្តរូមការងារម្នាក់ មិនឲ្យចូលរួមទើបកើតរឿងប្តឹងផ្តល់ទៅសមត្ថកិច្ច និងតាមឃ្លាំមើលរហូត ត្រូវកងរាជអាវុធហត្ថ រួមរដ្ឋបាលព្រៃឈើដកហូតតែម្តង។ បច្ចុប្បន្ន ឈើប្រណីតទំហំខ្ទង់ពាន់ដុល្លារនោះ ត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ៕ ដោយ ៖ រ៉ូ សាលី
ចែករំលែកព័តមាននេះ