តំបន់​ភ្នំ​គូលែន​នឹង​ត្រូវ​រៀបចំ​ជាទី​តាំង​ទេសចរណ៍វប្បធម៌​ធម្មជាតិ​មាន​ស្ដង់ដា​ត្រឹមត្រូវ


ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍​មាន​គម្រោង ជំរុញ​ការ​រៀបចំ​តំបន់​ភ្នំ​គូលែន​ទៅ​ជា «​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​» រួម​ទាំង «​ទេសចរណ៍​បែប​ផ្សងព្រេង​» ដ៏​ទាក់ទាញ​ថ្មី​មួយទៀត​នៅ​ខេត្តសៀមរាប​-​អង្គរ ដើម្បី​បំពេញតម្រូវការ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​ដើម្បី​ចូលរួម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដែល​តែងតែ​ជំរុញ​ឱ្យ​មានការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗបន្ថែម​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ថោ​ង ខុន បាន​មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពាក់​ព័​ន្ឋ​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា​នេះ​ថា ជា​ពិត​ណាស់ តំបន់​ភ្នំ​គូលែន​នៃ​ខេត្តសៀមរាប មាន​សក្ដានុពល​ផ្នែក​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​រួច​ទៅ​ហើយ ហើយ​ក៏​មាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្ត​ជា​ច្រើន​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​មានការ​រៀបចំ​ទៅ​តាម​ស្ដង់ដា​ជាតិ និង​អន្តរជាតិ​នៅឡើយ​។ លោក​បន្ត​ថា នៅ​ទីនោះ​សម្បូរ​ទៅ​ដោយ​ព្រៃ​ភ្នំ​ក្រំ​ថ្ម បែប​ធម្មជាតិ មាន​ប្រាង្គ​ប្រាសាទ ចម្លាក់​សិលា និង​បុរាណ​ដ្ឋា​ន​ដ៏​ច្រើន មាន​ស្ទឹង​ប្រវត្តិសាស្ត្រ មាន​ពយ​ភ្នំ​ដែល​កើតឡើង​ពី​ធម្មជាតិ ទេសភាព​នៅ​លើ​គិរី​បុព្វ​តា​ក៏​រឹតតែ​ស្រស់​ត្រកាល ថែម​ទាំង​នៅ​មិន​ឆ្ងាយ​ពី​តំបន់​អង្គរ និង​ទីប្រជុំជន​សៀមរាប​ប៉ុន្មាន​ឡើយ ហេតុនេះ​ហើយ​បានជា​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួងទេសចរណ៍​ជា​សេនាធិការ មាន​បំណង​ចង់​ប្រែក្លាយ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ ទៅ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត ពិសេស​គឺ​ចង់​រៀបចំ​បន្ថែម​ឱ្យ​មាន​ប្រភេទ​ទេសចរណ៍​ផ្សេង​ទៀត ដូច​ជា ដំណើរ​ទេសចរណ៍​បែប​ផ្សងព្រេង ដូច​នៅ​តំបន់​ភ្នំ​ឱ​រ៉ា​ល់ សហគមន៍​ទេសចរណ៍អា​រ៉ែ​ង ភ្នំ​បូកគោ​ជាដើម​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ដាក់​ចេញ​នូវ​ផែនការ​មួយ​ចំនួន​ឱ្យ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប រួម​គ្នា​អនុវត្ត​ឱ្យ​បាន ដោយ​លោក​បាន​ជំរុញ​ឱ្យ​ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួង​ពាក់ព័ន្ធ រដ្ឋបាល​ខេត្តសៀមរាប អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ទីរ​ពាក់ព័ន្ធ​ផ្សេង​ទៀត រួម​គ្នា​ជំរុញ​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ថ្មី​នៅ​លើ​ភ្នំ​គូលែន​នេះ ឱ្យ​បាន​សម្រេច​ជោគជ័យ​ឆាប់រហ័ស​។

គណៈកម្មការ​អន្តរក្រសួង​នេះ ក៏​បាន​ឯកភាព​គ្នា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​នៅ​គោលដៅ​ទេសចរ​ដ៏​ធំ​ៗ​ចម្បង សម្រាប់​ឆ្នាំ​២០២០-២០៤០​ផង​ដែរ ក្នុង​នោះ​មាន​គម្រោង​អភិវឌ្ឍន៍​រយៈពេល​ខ្លី​៥​ឆ្នាំ​(២០១៨-២០២៣) ផែនការ​ជំរុញ​ការ​រៀបចំ​កសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រឹង​នៅ​ទីក្រុង​សៀមរាប ដែល​មាន​ជា​អាទិ៍​៖ ការ​ជួសជុល​ផ្លូវ​ក្នុង​ខេត្ត ផ្លូវ​ក្រវាត់​ជុំវិញ​ក្រុង ការ​ផ្គត់ផ្គង់​ទឹក​ស្អាត អគ្គិសនី ការ​គ្រប់គ្រង​សំណល់​រឹង​-​រាវ សណ្តាប់ធ្នាប់​អនាម័យ​ក្នុង​ទីក្រុង​។ព្រម​ជាមួយ​នោះ អង្គប្រជុំ​ក៏​បាន​ឯក​គ្នា​ប្រគល់​ភារកិច្ច​ជូន លោក​អភិបាលខេត្ត​សៀមរាប ដើម្បី​ដឹកនាំ​អង្គប្រជុំ​សម្រប​ស​ម្រូ​ល​មួយ ដើម្បី​ប្រែក្លាយ​សហគមន៍​នេសាទ​ជ្រាវ​ទៅ​ជា​សហគមន៍​តាម​ស្តង់ដា​ជាតិ និង​អាស៊ាន​ដ៏​ទាក់ទាញ ឱ្យ​បាន​ឆាប់រហ័ស​ផង​ដែរ​។ លោក​ថោ​ង ខុន ក៏​បាន​ជំរុញ​ឱ្យ​មានការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ និង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ត្រូវ​ពង្រឹងគុណភាព​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ការ​បណ្តុះបណ្តាល​ផ្ទៃក្នុង និង​ជំរុញ​ការ​អនុវត្ត​ស្តង់ដា​អាស៊ាន​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន «​គណៈកម្មការ​ជាតិ​ផ្នែក​ជំនាញ​ទេសចរណ៍​» ដោយ​មាន​ក្រសួងទេសចរណ៍​ជា​ប្រធាន ហើយ​សព្វថ្ងៃ​កម្ពុជា​បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​កម្មវិធី​បណ្តុះបណ្តាល​អាស៊ាន លើ​៣២​មុខ​ជំនាញ​។

លើស​ពី​នេះ​លោក ថោ​ង ខុន បន្ត​ណែនាំ​ឱ្យ​កាត់​បន្ថយ​ការ​ធ្លុះធ្លាយ នៃ​វិស័យ​ទេសចរណ៍ (Tourism Leakage) ដែល​កើត​ចេញពី​ការ​នាំ​ចូល​បន្លែ ផ្លែ​ឈើ និង​សាច់​ពី​បរទេស ដោយ​ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​ខ្សែក្រវាត់​បៃតង ជុំវិញ​ក្រុង​សៀមរាប ដោយ​ជំរុញ​សកម្មភាព​ដាំ​បន្លែ ផ្លែ​ឈើ និង​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ធម្មជាតិ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ភ្ញៀវ​ទេសចរ​។​

ម្យ៉ាងទៀត ការ​ត្រៀមលក្ខណៈ​សម្បត្តិ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ដើម្បី​ធានា​ផលប្រយោជន៍​អតិបរមា​ពិសេស ការ​ត្រៀម​លក្ខ​ណះ​ទទួល​ទេសចរ​ចិន​ដែល​នឹង​មាន​កំណើន យ៉ាងច្រើន​ជា​រៀង​រាល់​ឆ្នាំ ដោយ​ត្រូវ​អនុវត្តន៍​អោយ​បាន​ល្អ តាម​សៀវភៅ​ស្តី​ពី «China Ready» និង​យុទ្ធសាស្ត្រ​ទីផ្សារ​ដោយឡែក​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​។កិច្ចប្រជុំ​នៃ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​នេះ នឹង​បន្ត​នៅ​ពេល​៣​ខែ​ខាង​មុខ​ទៀត ដើម្បី​ត្រួតពិនិត្យ​លើ​លទ្ធផល​ដែល​សម្រេច​បាន និង​ដើម្បី​ដាក់​ទិស​ដៅ​អនុវត្ត​បន្ត​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ