ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីមាស​ទី​១ ភ្ញៀវ​ទេសចរ​ទស្សនា​ខេត្តសៀមរាប​ធ្លាក់​ចុះ ខណៈ​រដ្ឋមន្ត្រី​ទេសចរណ៍​ស្នើ វិស័យ​សាធារណៈ និង​ឯកជន​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ទៀត​ក្រៅពី​តំបន់​អង្គរ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ បើ​ទោះបីជា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​កើនឡើង​នា​ឆ្នាំ ២០១៨ កន្លង​ទៅ​តែ​សម្រាប់​តួលេខ​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ខេត្តសៀមរាប ទឹកដី​អង្គរ​ក្នុង​ត្រីមាស​ទី ១ នេះ​គឺ​មានការ​ធ្លាក់​ចុះ​ប្រមាណ​ជាង ៦ ភាគរយ…

ខេត្តសៀមរាប ៖ បើ​ទោះបីជា​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​កើនឡើង​នា​ឆ្នាំ ២០១៨ កន្លង​ទៅ​តែ​សម្រាប់​តួលេខ​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ខេត្តសៀមរាប ទឹកដី​អង្គរ​ក្នុង​ត្រីមាស​ទី ១ នេះ​គឺ​មានការ​ធ្លាក់​ចុះ​ប្រមាណ​ជាង ៦ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នា​ឆ្នាំ​មុន ។

យោង​តាម​របាយការណ៍​បញ្ជាក់​របស់​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត សៀមរាប បាន​ឲ្យ​ដឹង​អំពី​ស្ថានភាព​ភ្ញៀវ​ទេសចរ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ មាន​ចំនួន ១,១៦៨,៦៦​នាក់ ថយ​ចុះ​៦.២៥% ។ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ៧៨៧,៩០០​នាក់ ថយ​ចុះ ៨,២៣% ក្នុង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ (៨៥៨,៥៨០​នាក់​) ចំណែក​ភ្ញៀវ​ទេសចរ​ជាតិ មាន​ចំនួន ៣៨០,១៦៦​នាក់ ថយ​ចុះ ១,៨៨% ក្នុង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០១៨ (៣៨៧,៤៥៤​នាក់​) ។

យ៉ាងណាមិញ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ធ្វើការ​កោតសរសើរ​ផង​ដែរ ទាំង​អង្គភាព​រដ្ឋ និង​វិស័យ​ឯកជន ដែល​បាន​យកចិត្តទុកដាក់​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ចំពោះ​ការ​អភិវឌ្ឍន៍​វិស័យ​ទេ​ចរណ៍ និង​គោលដៅ​ទេសចរ​ជា​ចំបង របស់​ប្រទេស​ជាតិ​នៅ​ខេត្តសៀមរាប ដែល​ជា​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប បាន​ស្រូប​យក​ភ្ញៀវ​ទេសចរណ៍​បាន​យ៉ាងច្រើន​ប្រមាណ​៤០% នៃ​ភ្ញៀវ​ទេសចរណ៍​សរុប​ទូ​ទាំង​ប្រទេស​នា​ឆ្នាំ​កន្លង​មក ។ សូម​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៨ កន្លង​មកនេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ ជាង ៦,២០​លាន​នាក់ កើនឡើង ១០,៧% ធៀប​នឹង​ឆ្នាំ​២០១៧ បង្កើត​ប្រាក់​ចំណូល​ជូន​ជាតិប្រមាណ ៤.៣៧៥​លាន​ដុល្លារ​អា​មេ​រិ​ក រួមចំណែក​ប្រមាណ ១២,៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជាង ៦២​ម៉ឺន​នាក់ និង​ការងារ​ដោយ​ប្រយោល​រាប់​ម៉ឺន​នាក់​បន្ថែម​ទៀត​។

លោក ថោ​ង ខុន នា​ឱកាស​អញ្ជើញ​ចូល រួម​ក្នុង​កិច្ចប្រជុំ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី ៨ ខែមេសា នេះ​បាន​លើក​ឡើង​ថា ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ខេត្តសៀមរាប មិន​ត្រឹមតែ​មក​ទស្សនា​ប្រាសាទអង្គរវត្ត​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​ត្រូវការ​ផលិតផល​ទេសចរណ៍​ផ្សេង​ៗ​ទៀត​ក្រៅពី​ប្រាសាទអង្គរវត្ត ខណៈ​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ ក៏​មិន​ទាន់​មាន​ច្រើន​តាម​តម្រូវការ​ភ្ញៀវ​ទេសចរ​នៅឡើយ​ដែរ​។ លោក ថោ​ង ខុន បាន​ជំរុញដាស់តឿន​សា​ជា​ថ្មី​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ ក៏​ដូច​ជា​វិស័យ​ឯកជន ត្រូវ​ខិតខំ​រួម​គ្នា​បង្កើត​រមណីយដ្ឋាន​ទេសចរណ៍​ថ្មី​ៗ ឱ្យ​ច្រើន​សម្បូរ​បែប​ថែម​ទៀត ដើម្បី​ភ្ជាប់​ខ្សែ​ទស្សនកិច្ច​ជូន​ភ្ញៀវ​ទេសចរ​ពី​ប្រាសាទអង្គរវត្ត​។

បើ​តាម​ការ​រាយការណ៍​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប លោក ង៉ូ​វ សេង​កាក់ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក៏​កំពុង​តែ​ខិតខំ​ជំរុញ​ការ​រៀបចំ «​សៀមរាប​ក្រៅពី​ប្រាសាទ​អង្គរ​» ជាមួយ​វិស័យ​ឯកជន​បណ្ដើរ​ៗ​ហើយ​ដែរ​។

លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ នៃ​ក្រសួង ទេសចរណ៍ បានឱ្យ​ដឹង​ថា ផលិតផល​ទេស ចរណ៍​ផ្សេង​ៗ​នៅ​ខេត្តសៀមរាប ក្រៅពី​ប្រាសាទអង្គរវត្ត ក្រសួងទេសចរណ៍​បាន​កត់​សម្គាល់ថា​មាន​តំបន់​ភ្នំ​គូលែន នៅ​ស្រុក​បន្ទាយស្រី និង​ស្រុក​ស្វាយ​លើ សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក សហគមន៍​ទេសចរណ៍​បឹង​ពារាំង ស្រុក​ប្រាសាទបាគង សហគមន៍​ទេសចរណ៍​កំពង់​ឃ្លាំង នៅ​ស្រុក​សូទ្រនិគម ភូមិដ្ឋាន​ធម្មជាតិ​រ៉ុ​នតា​ឯក ស្រុក​បន្ទាយស្រី សហគមន៍​ទេសចរណ៍​ជ្រាវ សហគមន៍​ទេសច រណ៍​ចុង​ឃ្នាស នៅ​ក្រុង​សៀមរាប​។ លោក ជុក ជំនោរ បាន​បន្ត​ថា ក្រៅពី​នោះ​មានការ​ភ្ជាប់​ខ្សែ​ទស្សនកិច្ច​ទៅ​ដល់​ប្រាសាទព្រះវិហារ និង​ក្រុម​ប្រាសាទ​កោះ​កេរ នៅ​ខេត្តព្រះវិហារ ប្រាសាទបេង​មាលា ឬ​បឹង​មាលា នៅ​ស្រុក​ស្វាយ​លើ តំបន់​ប្រាសាទសំបូរព្រៃគុក នៅ​ខេត្តកំពង់ធំ និង​ទៅ​ដល់​ប្រាសាទ​វត្ត​ភូ ប្រទេស​ឡាវ​ផង​ដែរ ដែល​ជា​ខ្សែ​ទស្សនកិច្ចបេតិកភណ្ឌ​។

ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួងទេសចរណ៍​រូប​នេះ បាន​បន្ថែម​ទៀត​ថា ការ​រៀបចំ​ទស្ស នី​យ​ភាព​សម្ដែង​សិល្ប​វប្បធម៌ នៅ​តាម​ភោជនីយដ្ឋាន សណ្ឋាគារ​នានា​នៅ​ក្នុង​ក្រុង​សៀមរាប ផ្សារ​ទំនើប កន្លែង​កម្សាន្ត​នានា​នៅ​ក្នុងស្រុក​សៀមរាប ក៏​ជា​ផលិតផល​ទេសចរណ៍​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែរ​។ លោក​ថា ប៉ុន្តែ​កន្លែង​ទេសចរណ៍​ខ្លា​ត​តូច និង​រមណីយដ្ឋាន​ទេសចរណ៍​របស់​វិស័យ​ឯកជន​មួយ​ចំនួន ហាក់​មិន​ទាន់​ទទួល​បានការ​ចាប់អារម្មណ៍ ពី​សំណាក់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅឡើយ នេះ​ក៏​ប្រហែល​មក​ពី​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍ មិនសូវ​រៀបចំ​ជា​ខ្សែ​ទស្សនកិច្ច​សម្រាប់​ភ្ញៀវ​។

ក្នុង​កិច្ចប្រជុំ​ដដែល​ខាងលើ លោក ថោ​ង ខុន បាន​ណែនាំ​បន្ថែម​ថា «​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​រួម​គ្នា​បង្កើត​ផលិតផល​ទេសចរណ៍ និង​រម ណី​យ​ដ្ឋា​ន​ទេសចរណ៍​បន្ថែម​ទៀត ដើម្បី​បំពេញ​ចំណាប់អារម្មណ៍ និង​តម្រូវការ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ធ្វើ​យ៉ាងណា​ឱ្យ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្ពុជា មានឱកាស​ស្នាក់​នៅ​យូរថ្ងៃ​យូរ​ខែ និង​ចាយ​ច្រើន​។ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​ខ្លះ​អំពី​តំបន់​ទេសចរណ៍​មួយ​ចំនួន ដែល​មិន​មានការ​បង្កើត​កន្លែង​ទេសចរណ៍​ថ្មី​ៗ​បន្ថែម ជា​ហេតុ​នាំ​ឱ្យ​ភ្ញៀវ​ទេសចរ​គ្មាន​កន្លែង​ទស្សនា​ថ្មី​ៗ និង​ឆាប់​ចាកចេញ​ទៅ​កន្លែង​ផ្សេង​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ