ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​បញ្ជា​ទិញ​ធំ​ៗ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ជា​ថ្មី​ចំពោះ​ការ​បាត់បង់ EBA និង​ទីផ្សារ​អា​មេ​រិ​ក ព្រោះ​វា​ជា​បន្ទុក​ធ្ងន់ធ្ងរ​មួយ​សម្រាប់​ពួក​គេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ជំហរ​ជា​ច្រើន​លើក​ថាបើ​នៅ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក្រោម​កម្មវិធី​អ្វី​គ្រប់យ៉ាង​លើកលែង​អាវុធ (EBA) សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប គឺជា​រឿង​ប្រពៃ​ណាស់ ។ ក៏​ប៉ុន្តែ​មិន​អាច​ដោះ​ដូរ​អធិបតេយ្យភាព​ខ្មែរ ដើម្បី​បន្ត​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ជំហរ​ជា​ច្រើន​លើក​ថាបើ​នៅ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក្រោម​កម្មវិធី​អ្វី​គ្រប់យ៉ាង​លើកលែង​អាវុធ (EBA) សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប គឺជា​រឿង​ប្រពៃ​ណាស់ ។ ក៏​ប៉ុន្តែ​មិន​អាច​ដោះ​ដូរ​អធិបតេយ្យភាព​ខ្មែរ ដើម្បី​បន្ត​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក្រោម​កម្មវិធី​អ្វី​គ្រប់យ៉ាង​លើកលែង​អាវុធ នោះ​ទេ ស្រាប់តែ​ថ្មី​ៗ​នេះ ក្រុមហ៊ុន​បញ្ជា​ទិញ​ធំ​ៗ​នៅ​សហគមន៍​អឺរ៉ុប បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ជា​ថ្មី ចំពោះ​ការ​បាត់បង់​ប្រព័ន្ធ​EBA ដែល​សហ គម​ន៍​អឺរ៉ុប​ផ្ដល់​ជូន​កម្ពុ​ជានា​ពេល​កន្លង​មក ។ ការ​បង្ហាញ​ក្ដី​ព្រួយបារម្ភ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​៨ និង​បាន​ផ្ញើ​លិខិត​មួយ​ជូន​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​និង​សម្លៀក​បំពាក់​កម្ពុជា ហៅ​កាត់​ថា (GMAC) បាន​មាន​ប្រសាសន៍​ថា GMAC ក៏​ទទួល​បាន​លិខិត​របស់​ក្រុមហ៊ុន​ទាំងនោះ ផ្ញើ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ដែរ តែ​លោក​ថា វា​គ្រាន់តែ​ជា​ការ​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​អ្នកទិញ​ផលិតផល​ពី​កម្ពុជា​នាំ​ចូល​អឺរ៉ុប​នោះ​ទេ ពីព្រោះ​នៅ​ពេល​ដែល​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ចេញ គឺ​ពួក​គេ​ជា​អ្នក​ខាត និង​ត្រូវ​បង់ថ្លៃ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ។

អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​និង​សម្លៀក​បំពាក់​កម្ពុជា​មាន​ប្រសាសន៍​បញ្ជាក់​ថា « ការ​លើក​ឡើង​នេះ វា​មិន​ខុស​ទេពី​ព្រោះ​ពួក​គេ គឺជា​អ្នកទិញ និង​មាន​កាតព្វកិច្ច​បង់ពន្ធ បើសិនជា​អឺរ៉ុប​តម្រូវ​អោយ​បង់ពន្ធ​នូវ​ទំនិញ​ដែល​ចេញពី​កម្ពុជា ដូច្នេះ​ពួក​គេ​តែងតែ​មានការ​ព្រួយបារម្ភ​អ​ញ្ចឹ​ង​ហើយ » ។ លោក​បន្ត​ថា សម្រាប់​សមាគម​រោងចក្រ​កាត់ដេរ នៅ​តែ​មាន​ក្ដី​រំពឹង​ខ្ពស់​ថា EBA នឹង​នៅ​តែ​បន្ត​ផ្ដល់​ជូន​កម្ពុជា ហើយ​កម្ពុជា​ក៏​មាន​ក្រុមការងារ​បច្ចេកទេស ដើម្បី​ជួប​ចរចារ​ជាមួយ​សហភាព​អឺរ៉ុប ក្នុង​ការ​បន្ត​ផ្ដល់ EBA ដល់​កម្ពុជា​បន្ថែម​ទៀត​ដែរ ។ តែ លោក កាំ​ង ម៉ូ​នី​កា សង្កត់ធ្ងន់​ថា «​ប៉ុន្តែ​អ្វី​ដែល​ខ្លាច​បំផុត​នោះ​គឺ ខ្លាច​តែ​អឺរ៉ុប​មិនមែន​យក​លក្ខខណ្ឌ​ការងារ​មក​និយាយ​ដើម្បី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទេ គឺ​ខ្លាច​សហគមន៍​អឺរ៉ុប​យក​នយោបាយ​មក​ប្រឡូក​ក្នុង​ការងារ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ពីព្រោះ​អឺរ៉ុប​ក៏​លេង​នយោបាយ​ដែរ​» ។ លោក​បន្ថែម​ថា ពេល​នេះ​យើង​ក៏​មាន​ក្រុមហ៊ុន​ច្បាប់​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ដើម្បី​ធ្វើ​កិច្ច​ការងារ​នេះ​ដែរ ដែល​ក្រុមការងារ​នេះ អាច​ជួយ​កម្ពុជា ជជែក​ជាមួយ​សហភាព​អឺរ៉ុប​ពី​អ្វី​ដែល​កម្ពុជា​បាន​ធ្វើ​កន្លង​មក ក្នុង​ពេល​កម្ពុជា​ទទួល​បានការ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ ចូល​ទីផ្សារ​អឺរ៉ុប ដូច្នេះ​សង្ឃឹមថា សហភាព​អឺរ៉ុប​អាច​នឹង​យល់​កាន់តែ​ច្រើន​ថែម​ទៀត​ពី​កម្ពុជា ។

សូម​រំលឹក​ថា នៅ​ក្នុង​លិខិត​ដែល​ក្រុមហ៊ុន​បញ្ជា​ទិញ​ផ្ញើ​ជូន​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​ហើយ​ថា បើសិនជា​បាត់បង់ វា​ក៏​នឹង​ធ្វើ​អោយ​កម្មករ និយាយ​ជិត​មួយ​ចំនួន​ត្រូវ​អត់​ការងារ ហើយ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ។ លិខិត​របស់​ក្រុម​អ្នកបញ្ជា​រទិញ​ចុះ​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៩ បាន​លើក​ឡើង​ថា «​ការ​គំរាមកំហែង​យ៉ាង​ជាក់ច្បាស់​នៃ​ការ​ដក​ចេញពី​អត្ថប្រយោជន៍​បាន​មក​ពី EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​អា​មេ​រិ​ក នឹង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​កម្ពុជា​ខូចខាត និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ លើ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​ធ្វើការ​ក្នុង​ឧស្សាហកម្ម​នេះ​។ ជាង​នេះ​ទៅ​ទៀត វា​នឹង​ធ្វើ​ឲ្យ​ខាតបង់​ការ​ខិតខំ​នៃ​រដ្ឋាភិបាល​របស់​អ្នក ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​មួយ​ដែល​ជោគជ័យ​នេះ ដែល​បាន​នាំ​មក​នូវ​ផលប្រយោជន៍​ដ៏​សម្បើម​ដល់​ប្រជាជន និង​សេដ្ឋកិច្ច​កម្ពុជា​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា EBA នេះ​ដែរ ធុរជន​កម្ពុ​ជាមួយ​ចំនួន​ថា វា​នឹង​មិន​មាន​បញ្ហា​នោះ​ទេ ក្នុង​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា ។ ជាក់ស្ដែង​លោក យ៉​ន សុវណ្ណ អគ្គនាយក​ក្រុមហ៊ុន​បាយ័ន សៀ​រាល ( Bayon Cereal ) ដែល​ជា​ក្រុមហ៊ុននាំចេញ​អង្ករ​ធំ​មួយ​កម្ពុជា បាន​និយាយ​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​របស់​សហគមន៍​អឺរ៉ុប នឹង​មិន​បង្កើត​ជា​ឧ​ប​ស័គ្គ សម្រាប់​ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ សម្លៀក​បំពាក់​និង​អ្វី​ៗ​ផ្សេង​ទៀត​ទេ ។ ឧទាហរណ៍​ករណី​អឺរ៉ុប បាន​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​កាលពី​អំឡុង​ខែ មក​រា ក៏​កម្ពុជា​នៅ​តែ​អាច​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​បាន​ដដែល ហើយ​ក៏​មាន​កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​កើនឡើង​ដដែល ។ លោក​និយាយ​ថា EBA វា​គង់តែ​បាត់បង់​ទេ នៅ​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​លូតលាស់ តែ​អ្វី​ដែល​កម្ពុជា​ត្រូវធ្វើ​នោះ គឺ​ពង្រឹងគុណភាព ផលិតផល​របស់​ខ្លួន ដើម្បី​នាំ​ចេញ​ទៅ​កាន់តែ​ទីផ្សារ​ទាំងនោះ និង​ធ្វើ​អោយ​ទីផ្សារ​ទាំងនោះ នៅ​តែ​ត្រូវការ​ផលិតផល​ចេញពី​កម្ពុជា ។ លោក យ៉​ន សុវណ្ណ និយាយ​ថា « សម្រាប់​អង្ករ​ដែល​កម្ពុជា បាន​ផលិត​និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ឃើញ​ថា​នៅ​តែ​មាន​កំណើន បើ​ទោះបីជា​អឺរ៉ុប​បាន​ដាក់​ពន្ធ​មក​លើ​អង្ករ​យើង​ក៏​ដោយ ។​នេះ​បង្ហាញ​ថា​អង្ករ​របស់​អឺរ៉ុប​មិនមែន​ជា​គូរ​ប្រជែង​របស់​អង្ករ​យើង​ទេ អ​ញ្ចឹ​ង​យើង​នៅ​តែ​មានឱកាស​ក្នុង​ការ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ទាំងនោះ » ។

គួរ​បញ្ជាក់​ថា ទន្ទឹម​នឹង​ការ​ប្រឈម​នឹង​ការ​បាត់បង់ EBA ពី​អឺរ៉ុប​ដែល​នាំ​កម្ពុជា​ប្រឈម​នឹង​ការ​បង់ពន្ធ​ប្រមាណ​ជាង ៥០០ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​នោះ កម្ពុជា​ក៏​កំពុង​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត សម្រាប់​ផលិតផល​របស់​ខ្លួន ដូច​ជា​កំពុង​ជំរុញ​ការ​ចរចារ​ជាមួយ​កិច្ចព្រមព្រៀង RCEP និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) TPP ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ